អាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនស្រ្តីថ្ងៃសុក្រ និងជាសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ នៅផ្សារអ៊ីអន២ (AEON2) នៅរសៀលថ្ងៃទី២៧ កុម្ភៈ។
កូនស្រីលោកស្រី ម៉ី សុផន គឺលោកស្រី ហឿង ណាត់ផាលី ចាតទុកការចាប់ខ្លួននេះថា ជារឿងអយុត្តិធម៌ ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ។ រហូតមកដល់ពេលនេះ លោកស្រីព្យាយាមទាក់ទងទៅម្ដាយមិនបាននៅឡើយទេ ហើយលោកស្រីចង់ឱ្យអាជ្ញាធរបញ្ជាក់មូលហេតុចាប់ខ្លួនម្ដាយឱ្យបានច្បាស់លាស់៖ «មិនយុត្តិធម៌ទេ ព្រោះអីចាប់អត់មានហៅដីកា អត់មានដាក់ដីកាអីត្រឹមត្រូវ ព្រោះអីខ្ញុំប៉ូលិសដែរ ខ្ញុំឆ្ងល់ចាប់មនុស្សម្នាក់ត្រូវមានដីកា ហេតុអ្វីអត់ដីកាហើយចាប់ចូលឡានទៀត ហើយអត់ឱ្យដំណឹងដល់គ្រួសារសាច់ញាតិគេទៀត សួរថាគាត់ខុសអ្វី បើគាត់ខុសអ្វីយើងគួរតែមានដីកា គួរប្រាប់សាច់ញាតិ បើគ្មានដីកា យ៉ាងហោចណាស់ផ្តល់ដំណឹងដល់សាច់ញាតិតិចទៅ»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ដើម្បីសុំការបញ្ជាក់មូលនៃការចាប់ខ្លួននេះបានទេ នៅថ្ងៃទី២៧ កុម្ភៈ។
លោកស្រី ម៉ី សុផន ជាស្ត្រីដែលហ៊ានចេញមុខចូលរួមយ៉ាងសកម្ម ជាស្ត្រីថ្ងៃសុក្រ ដើម្បីទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសង្គម ព្រះសង្ឃខ្មែរថាវរៈ និងយុវជន។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះសកម្មជនគណបក្សសង្គ្រោះជាតិ រងគ្រោះដោយសារការលួចវាយដុំ និងការចាប់ខ្លួនដែលកើតឡើងជាបន្តបន្ទាប់ ហើយលោកចាត់ទុកថានេះជាការកំរាមកំហែងបំភិតបំភ័យ ការចេញតវ៉ាស្ត្រីថ្ងៃសុក្រផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments