RFA | អ្នក​ការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​ប្រជាជន​​អាស៊ាន​តស៊ូ ដើម្បី​សិទ្ធិ​សេរីភាព​របស់​ខ្លួន | hot news

By , Comment
Share on Facebook Tweet on Twitter

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN) ​បាន​បង្កើត​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស​ផ្ទាល់ខ្លួន​ ហើយ​​បាន​សន្យា​គោរព​ ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ស្រប​ទៅ​តាម​លិខិតុបករណ៍​អន្តរជាតិ​ទាំងឡាយ។ ក៏ប៉ុន្តែ​អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ពិនិត្យ​ឃើញ​ថា អាស៊ាន​បាន​បរាជ័យ​នៅ​ក្នុង​ការ​អនុវត្ត​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស​នេះ។ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​តាម​ប្រទេស​នីមួយៗ កំពុង​តែ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ រំលោភ​សិទ្ធិមនុស្ស និង​គាបសង្កត់​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្លួន​ទៅ​វិញ។

សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​របស់​លោក យ៉ង ចាន់តារា ជាមួយ​លោក Phil Robertson នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​ ដូចតទៅ!

. សំណួរ៖ ជម្រាបសួរ​លោក Phil Robertson! ជា​ដំបូង​នេះ ខ្ញុំ​ចង់​ឱ្យ​លោក​វាយ​តម្លៃ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ថា តើ​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង ឬក៏​ធ្លាក់​ចុះ?

ចម្លើយ៖ ស្ថានភាព​សិទ្ធិមនុស្ស​ទូទាំង​តំបន់​អាស៊ាន​កាន់តែ​អាក្រក់​ឡើង​ជា​លំដាប់។ ជាក់ស្ដែង​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ធ្លាក់​ចុះ​ដុនដាប ដែល​ប្រហែល​ជា​គ្មាន​អ្នក​ណា​ស្រមៃ​ដល់។ ប្រទេស​ជាតិ​បែកបាក់​ធ្លាក់​ចូល​ក្នុង​សង្គ្រាមស៊ីវិល ហើយ​អំពើ​ឃោរឃៅ​កើត​មាន​ជា​រៀងរាល់​ថ្ងៃ ក្នុង​នោះ​មាន​ទាំង ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទៀត​ផង។ របប​សឹក​មីយ៉ាន់ម៉ា​គ្មាន​ភាព​រួញរា​បន្តិច​ឡើយ​ក្នុង​របៀប​ដែល​ពួកគេ​វាយ​ប្រហារ​ប្រជាជន​ភូមា។

យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ដទៃ​ទៀត​វិញ ដូចជា វៀតណាម​ជាដើម ប្រទេស​នេះ​មាន​បញ្ហា​ចាប់ចង​មនុស្ស​ច្រើន​។ រដ្ឋាភិបាល​វៀតណាម​បាន​លុប​បំបាត់​ក្រុម​ប្រឆាំង​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ ហើយ​ប្រទេស​នេះ​មាន​ចំនួន​អ្នក​ជាប់​ឃុំ​នយោបាយ​ខ្ពស់​ជាងគេ​លំដាប់​ទីពីរ​ក្នុង​តំបន់​អាស៊ាន​ បន្ទាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា។

ចំណែក​ប្រទេស​ថៃ​វិញ ប្រទេស​នេះ​មាន​បាតុករ​លើស​ពី ១ពាន់ ៦រយ​នាក់ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស។ ប្រទេស​ម៉ាឡេស៊ី​មាន​រដ្ឋាភិបាល​គាប​សង្កត់​មួយ ដែល​ត្រឡប់​មក​កាន់​អំណាច​វិញ ជា​រដ្ឋាភិបាល​ដែល​រំលោភ​បំពាន​លើ​សេរីភាព​ជា​មូលដ្ឋាន​​នៃ​ការ​ចងក្រង​ជា​សមាគម និង​ការ​បញ្ចេញ​មតិ​ ព្រមទាំង​បញ្ហា​ដទៃ​ទៀត។ សិង្ហបុរី​មិន​មែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ បើ​ទោះ​ជា​មា​ន​ការ​អះអាង​ខុស​ពី​នេះ​ក៏​ដោយ។

ប្រទេស​ហ្វីលីពីន​ឯណោះ កូន​ប្រុស​របស់​ជន​រំលោភ​សិទ្ធិមនុស្ស​ដ៏​អាក្រក់​បំផុត​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី។ ពេល​ដែល​យើង​និយាយ​អំពី​លោក Bongbong Marcos គាត់​ក៏​ដូច​ជា​លោក ឌូទែរតេ ដែរ គ្មាន​អ្វី​ខុស​គ្នា​ច្រើន​នោះ​ទេ។ គាត់​គ្រាន់​តែ​មិន​ធ្វើ​សន្និសីទ​កាសែត​នៅ​ពេល​យប់​ជ្រៅ និង​មិន​ជះ​កំហឹង​លើ​រឿង​អ្វី​មួយ។ ប៉ុន្តែ​បើ​និយាយ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​វិញ ប្រជាជន​ជាច្រើន​នៅតែ​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន ហើយ​អ្នក​កាសែត​នៅតែ​ត្រូវ​បាន​គេ​សម្លាប់ ដែល​នេះ​ជា​ស្ថានភាព​មួយ​ដ៏​អាក្រក់។ ប្រទេស​ឥណ្ឌូនេស៊ី​វិញ យើង​ឃើញ​មាន​ការ​រំលោភ​បំពាន​ទូទាំង​ប្រទេស ដែល​ករណី​ទាំងនោះ​មាន​ដូចជា កាតព្វកិច្ច​ពាក់​ស្បៃ​រុំ​មុខ ​និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ខេត្តប៉ាពួ​ចុង​ខាង​កើត​នៃ​ប្រទេស​ជាដើម

.សំណួរ៖ លោក ហ្វីល រ៉ូបឺតសុន! អាស៊ាន​បាន​អនុម័ត «សេចក្ដីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន» ដែល​បាន​អនុម័ត​តាំងពី​ឆ្នាំ២០១២ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​លើក​ទី២១។ តើ​លោក​មើល​ឃើញ​ថា អាស៊ាន​បាន​អនុវត្ត​តាម​សេចក្ដីប្រកាស​នេះ​ដល់​កម្រិត​ណា​ដែរ?

ចម្លើយ៖ ករណី​រំលោភ​សិទ្ធិមនុស្ស​កើត​មាន​ឡើង​បន្តបន្ទាប់​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​កាន់តែ​អាក្រក់​ឡើង​ជា​លំដាប់ ប៉ុន្តែ​អាស៊ាន​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទេ។ បើទោះបី​ជា​អាស៊ាន​បាន​និយាយ​ថា ខ្លួន​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​សេចក្ដី​ប្រកាស​អាស៊ាន និង​បាន​បង្កើត​គណៈកម្មការ​ឯករាជ្យ​អាស៊ាន​ស្ដីពី​សិទ្ធិមនុស្ស​យ៉ាងណាក្ដី ការពិត​អាស៊ាន​មិន​បាន​ធ្វើ​អ្វី​ឡើយ។ សម្រាប់​ក្រុម​មេ​ដឹកនាំ​អាស៊ាន សិទ្ធិមនុស្ស​ជា​អ្វី​មួយ​ដែល​ពួក​គេ​មិន​ព្រម​អើពើ ហើយ​បើ​ពួកគេ​ត្រូវ​ឆ្លើយតប ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នោះ ពួកគេ​គ្រាន់តែ​ព្យាយាម​រុញ​វា​ទុក​មួយ​ឡែក​ប៉ុណ្ណោះ។ អ្វី​ដែល​យើង​មើល​ឃើញ​នោះ គឺ​ករណី​រំលោភ​សិទ្ធិមនុស្ស​បាន​កើត​ឡើង​ឥត​ឈប់ឈរ ហើយ​រដ្ឋាភិបាល​មិន​ខ្ចី​អើពើ​នឹង​សំឡេង​របស់​ពលរដ្ឋ​ឡើយ។ អាស៊ាន​តែងតែ​និយាយ​ថា កិច្ចប្រជុំ​កំពូល​រាល់​លើក​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​ប្រជាជន​អាស៊ាន ក៏​ប៉ុន្តែ​បើ​សួរ​ពល​រដ្ឋ​អាស៊ាន​វិញ ពួកគេ​នឹង​និយាយ​ថា ពួក​មេដឹកនាំ​អាស៊ាន​ធ្វើ​ដើម្បី​តែ​ប្រយោជន៍​ក្រុម​ខ្លួន​ប៉ុណ្ណោះ។

.សំណួរ៖ លោក ហ្វីល រ៉ូបឺតសុន ខ្ញុំ​ចង់​ងាក​មក​កម្ពុជា​បន្តិច។ តើ​លោក​មើល​ឃើញ​ថា ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន លោក ហ៊ុន សែន បាន​ធ្វើ​អ្វី​ខ្លះ​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​តំបន់?

ចម្លើយ៖ វា​ច្បាស់​ណាស់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​គាត់​មិន​បាន​ធ្វើ​អ្វី​សោះ ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។ រដ្ឋាភិបាល​កម្ពុជា​​បាន​និយាយ​ថា ពួកគេ​កំពុង​ព្យាយាម​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ប៉ុន្តែ​ពួកគេ​បាន​បរាជ័យ​ក្នុង​រឿង​នេះ។ លោក ហ៊ុន សែន បាន​ម្នីម្នា​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា​កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០២២ នេះ ដោយ​មិន​ពិគ្រោះ​យោបល់​បាន​គ្រប់ជ្រុងជ្រោយ​ជាមួយ​សម្ពន្ធមិត្ត​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន​នោះ​ទេ ហើយ​ត្រូវ​បាន​​លោក មីន អ៊ុងលាំង និង​ពួក​មេ​ដឹកនាំ​របប​សឹក​បោក​ប្រើ ហើយ​ពួកគេ​បាន​នាំ​គ្នា​លេង​ហ្គេម​បោះ​បាល់​ឱ្យ​គ្នា ចាប់​តាំង​ពី​ពេល​នោះ​មក។ ខុស​ផ្ទុយ​ពី​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន ដូចជា ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ដែល​បង្ហាញ​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​វិបត្តិ​នៅ​ប្រទេស​ភូមា រដ្ឋាភិបាល​កម្ពុជា​គឺ​ជា​រដ្ឋាភិបាល​រំលោភ​សិទ្ធិមនុស្ស ដែល​បាន​បំផ្លិចបំផ្លាញ​សេរីភាព​ផ្នែក​នយោបាយ និង​សេរីភាព​របស់​ប្រជាជន​កម្ពុជា។ ហេតុដូច្នេះ វា​ច្បាស់​ក្រឡែត​ហើយ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​អ្វី​នោះ​ទេ ក្នុង​កម្រិត​តំបន់​ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស។

. សំណួរ៖ លោក ហ្វីល រ៉ូបឺតសុន! នៅ​ក្នុង​ស្ថានភាព​នៃ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​តាម​ប្រទេស​នីមួយៗ បែប​នេះ តើ​ប្រជាជន​អាស៊ាន​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​សិទ្ធិ​សេរីភាព​របស់​ខ្លួន?

ចម្លើយ៖ ប្រជាជន​អាស៊ាន​ត្រូវតែ​បន្ត​និយាយ​ចេញ​អំពី​ទុក្ខ​កង្វល់​របស់​ខ្លួន ត្រូវតែ​បន្ត​ចង​ក្រង​គ្នា​ជា​បណ្ដាញ ហើយ​ព្យាយាម​កសាង​សាមគ្គីភាព និង​កម្លាំង​ឱ្យ​បាន​រឹងមាំ ដើម្បី​ទាមទារ​នូវ​សិទ្ធិ​របស់​ខ្លួន។ ជាង​នេះ​ទៅទៀត ពួកគេ​ត្រូវតែ​បន្ត​ភាព​ក្លាហាន បើទោះជា​កំពុង​រង​ការ​គាប​សង្កត់​ជាប់​ជា​ប្រចាំ​ពី​សំណាក់​រដ្ឋាភិបាល​ក៏​ដោយ។ ប្រជាជន​អាស៊ាន​ត្រូវតែ​បន្ត​ស៊ូទ្រាំ​ ពួកគេ​ត្រូវតែ​គិត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ពួកគេ​ត្រូវតែ​ចេញមុខ​ការពារ​សិទ្ធិ​របស់​ខ្លួន ហើយ​ពួកគេ​ត្រូវតែ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ដទៃ​ទៀត​ជុំវិញ​ពិភពលោក ដែល​ខ្វាយខ្វល់​អំពី​សិទ្ធិមនុស្ស ដើម្បី​ឱ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ប្រទេស​របស់​ពួកគេ មិន​ថា​តែ​កម្ពុជា ភូមា សិង្ហបុរី ថៃ ឬ​រដ្ឋាភិបាល​ណា​នោះ​ទេ។

. សំណួរ​ចុងក្រោយ​របស់​ខ្ញុំតើ​​ក្រុម​មេដឹកនាំ​ពិភពលោក​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ​នេះ ពួកគេ​គួរ​បង្ហាញ​ជំហរ​បែប​ណា​ដែរ ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​របស់​អាស៊ាន?

ចម្លើយ៖ ខ្ញុំ​សង្ឃឹម​ថា លោក​ប្រធានាធិបតី ចូ បៃឌិន ហើយ​និង​មេ​ដឹកនាំ​ដទៃ​ទៀត​មក​ពី​សហភាព​អឺរ៉ុប អូស្ត្រាលី ណូវែលហ្សេឡង់ ព្រមទាំង​កន្លែង​ផ្សេង​ទៀត នឹង​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​កំណត់ត្រា​រំលោភ​សិទ្ធិមនុស្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ទាមទារ​ឱ្យ​គាត់​បញ្ឈប់​ទង្វើ​រំលោភ​បំពាន​លើ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ប្រជាជន​កម្ពុជា​តទៅទៀត។ ប្រសិនបើ​ពួក​គេ​ធ្វើ​ដូច្នេះ ហើយ​ថ្លែង​ជា​សាធារណៈ​នោះ ទើប​កិច្ចប្រជុំ​អាស៊ាន​នឹង​មាន​ប្រយោជន៍។

. សូម​អរគុណ លោក ហ្វីល រ៉ូបឺតសុន ដែល​ផ្ដល់​សម្ភាស​ដល់​វិទ្យុ​អាស៊ី​សេរី​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​នេះ។

ចម្លើយ៖ បាទ ជម្រាបលា!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments