លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ ព្រមានចាប់ខ្លួនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (facebook) បង្ហោះសារថា លោក ឈឺ ឬសុខភាពទ្រុឌទ្រោម។ លោក ចោទថា ការបង្ហោះសារថា លោកឈឺ ធ្វើឱ្យជ្រួលច្របល់មតិសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។ បើទោះគ្មានច្បាប់ចែង តែ លោក ហ៊ុន សែន ចាត់ទុក ការបង្ហោះសារ ប្រឌិត ថា លោកមានសុខភាពមិនល្អ ជាការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន សរសេរក្នុងហ្វេសប៊ុក ថា លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ កក្កដា ថា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិត បំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី ក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ របបក្រុងភ្នំពេញ នឹងចាត់វិធានការ ចំពោះការបង្ហោះព័ត៍មានបែបនេះ។
ការព្រមានចាប់ខ្លួនអ្នកបង្ហោះហ្វេសប៊ុកថា លោក ហ៊ុន សែន ឈឺ ធ្វើឡើងក្រោយពេល លោក ហ៊ុន សែន ត្រលប់មកពីព្យាបាលគ្រេចស្មា នៅមន្ទីរពេទ្យប្រទេសសិង្ហបុរី ជាថ្មី។ លោក ហ៊ុន សែន ទទួលការព្យាបាល នៅមន្ទីរពេទ្យប្រទេសសិង្ហបុរី ៤ថ្ងៃ គឺពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ មិថុនា។
ពាក់ព័ន្ធនឹងការព្រមានចាប់ខ្លួនអ្នកបង្ហោះសារថា សុខភាពលោក ហ៊ុន សែន ឈឺ មន្ត្រីបក្សប្រឆាំង យល់ថា លោក ហ៊ុន សែន ភ័យខ្លាចជំងឺខ្លួនឯង ទើបគំរាមគេ កុំឲ្យដាក់ទំនាយថា លោក ឈឺ។
សមាជិកព្រឹទ្ធសភាគណបក្សភ្លើងទៀន និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក សោ ចាន់ដេត ចាត់ទុក ការបង្ហោះសារថា លោក ហ៊ុន សែន ឈឺ គ្មានការបង្កចលាចល ឬប៉ះពាល់ដល់សន្តិសុខជាតិអ្វីឡើយ។ មន្ត្រីបក្សប្រឆាំងរូបនេះ ថា លោក ហ៊ុន សែន ប្រើលេសមិនសមហេតុផល ព្រោះខ្លាចពលរដ្ឋកាន់តែច្រើនឡើង ដាក់ទំនាយឲ្យលោក ឆាប់ស្លាប់ ដោយសារជំងឺ។
លោក ហ៊ុន សែន ធ្លាប់ខឹងសម្បារ អ្នកបង្ហោះសារថា លោកមានជំងឺធ្ងន់ធ្ងរ ឬដាច់សរសៃឈាមខួរក្បាលស្លាប់ ឬ ស្លាប់ដោយសារជំងឺ ច្រើនដងហើយ។ កាលឆ្នាំ២០១៦ លោក ហ៊ុន សែន ខឹងអ្នកបង្ហោះហ្វេសប៊ុកម្នាក់ ថា លោកមានជំងឺដាច់សរសៃឈាមខួរក្បាល ឬ ឆ្កួត។ លោក ហ៊ុន សែន ប្រាប់ថា លោកគ្មានពូជ ដាច់សរសៃឈាម ឬ ពូជឡប់ ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments