សហភាពអឺរ៉ុបអំពាវនាវឲ្យមានការដោះលែងមេបក្សប្រឆំាង លោក កឹម សុខា និងកែប្រែការរំលាយបក្សសង្រ្គោះជាតិជាបន្ទាន់
កាន់ វិច្ឆិកា VOA Khmer 16 មិនា 2018
សហភាពអឺរ៉ុបបញ្ជាក់ជាថ្មីនូវការទាមទារឲ្យមានការកែប្រែជាបន្ទាន់ចំពោះការរំលាយគណបក្សសង្រ្គោះជាតិ និងផ្តល់សិទ្ធិចូលរួមធ្វើនយោបាយឡើងវិញជូនដល់តំណាងរាស្រ្ត និងក្រុមប្រឹក្សាមូលដ្ឋានទាំងអស់។
ភ្នំពេញ — បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាមិនឆ្លើយតបនឹងការអំពាវនាវជាច្រើនដង សហភាពអឺរ៉ុបនៅថ្ងៃពុធនេះ បានរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា សហភាពអឺរ៉ុបនៅតែព្រួយបារម្ភយ៉ាងខ្លាំង អំពីការបន្តធ្លាក់ដុនដាបធ្ងន់ធ្ងរនៃស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថាកម្ពុជាជាប្រទេសដែលមានអធិបតេយ្យភាព និងមិនធ្វើតាមការបង្គាប់បញ្ជារបស់នរណាឡើយ។
សហភាពអឺរ៉ុបអំពាវនាវជាថ្មីឲ្យមានការដោះលែងលោក កឹម សុខា និងកែប្រែជាបន្ទាន់ចំពោះការសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបំពេញតួនាទីរបស់ពួកគេ។ ការអំពាវនាវជាថ្មីរបស់ សហភាពអឺរ៉ុប ធ្វើឡើងបន្ទាប់ពីការអំពាវនាវជាច្រើនក្នុងពេលកន្លងមក មិនត្រូវបានរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់។
បើតាមសេចក្តីថ្លែងការណ៍ដែលផ្សាយលើគេហទំព័ររបស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធ ហើយចែកចាយឱ្យអ្នកសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ បញ្ជាក់ថា សហភាពអឺរ៉ុបបានរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ អំពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសមួយចំនួនលើពិភពលោក ក្នុងនោះមានទាំងកម្ពុជាផង។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហភាពអឺរ៉ុបបញ្ជាក់ថា ខ្លួននៅតែព្រួយ បារម្ភយ៉ាងខ្លាំងអំពីការសង្កត់សង្កិនកាន់តែខ្លាំងទៅលើគណបក្សប្រឆាំង សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការបន្តធ្លាក់ដុនដាបធ្ងន់ធ្ងរនៃស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
សហភាពអឺរ៉ុបក៏បានទាមទារជាថ្មីទៀត ឲ្យមានការដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំជាបន្ទាន់ និងបានលើកឡើងថា ដំណើរការដែលគណបក្សប្រឆាំងត្រូវបានរំលាយតាមទំនើងចិត្ត គឺជាដំណើរដែល «មិនមានភាពស្របច្បាប់»។
សេចក្តីថ្លែងការណ៍ដដែលនោះបានបញ្ជាក់ក្នុងន័យដើមថា៖
«សហភាពអឺរ៉ុបបញ្ជាក់ជាថ្មីនូវការទាមទារឲ្យមានការកែប្រែជាបន្ទាន់ចំពោះការរំលាយគណបក្សសង្រ្គោះជាតិ និងផ្តល់សិទ្ធិចូលរួមធ្វើនយោបាយឡើងវិញជូនដល់តំណាងរាស្រ្ត និងក្រុមប្រឹក្សាមូលដ្ឋានទាំងអស់។ សហភាពអឺរ៉ុបក៏រំពឹងផងដែរថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល ដើម្បីបំពេញតួនាទីស្របច្បាប់របស់ពួកគេ»។
អំឡុងពាក់កណ្តាលឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានបិទ និងបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិកចេញពីកម្ពុជា ហាមប្រាមមិនឱ្យស្ថានីយ៍វិទ្យុក្នុងស្រុកមួយចំនួនផ្សាយបន្តកម្មវិធីរបស់វិទ្យុអាស៊ីសេរី និង VOA ទារពន្ធយ៉ាងច្រើនលើកាសែត The Cambodia Daily ដែលនាំឲ្យសារព័ត៌មាននេះត្រូវបិទទ្វារ ព្រមទាំងបានផ្អាកសកម្មភាពអង្គការសង្គមស៊ីវិលមួយចំនួន។
ក្រោយពីការចាប់ឃុំខ្លួន មេបក្សជំទាស់សង្គ្រោះជាតិគឺ លោកកឹម សុខា ទាំងកណ្តាលយប់ក្នុងខែកញ្ញា មួយខែក្រោយមកតុលាការកំពូលកម្ពុជាបានសម្រេច រំលាយគណបក្សសង្រ្គោះជាតិដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តុលាការកំពូលក៏បានសម្រេចព្យួរសិទ្ធិរបស់ក្រុមមន្ត្រី និងតំណាងរាស្ត្របក្សប្រឆាំងចំនួន១១៨រូប មិនឲ្យធ្វើនយោបាយម្នាក់ៗ៥ឆ្នាំ។
មុនបន្តិចនៃការរំលាយគណបក្សប្រឆាំង ដែលជាគណបក្សទទួលបានការគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំកន្លងទៅ លោក កឹម សុខា ប្រធានគណបក្សនេះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងបទក្បត់ជាតិដូចគ្នា។
ក្រោយហេតុការណ៍ទាំងនោះកើតឡើង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសដកខ្លួនឈប់គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា។ ជាងនេះទៀត សហរដ្ឋអាមេរិកបានប្រកាសផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនមកកម្ពុជា ដោយថារដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យ និងមិនអើពើជុំវិញការទទូចឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ចំណែកសភាអឺរ៉ុប ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទូចឲ្យបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ពន្លឿនការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ធ្វើឡើងដោយគ្រាន់តែបង្ហាញពីជំហរដែលមានភាពផ្ទុយគ្នាពីការសម្រេចរបស់តុលាការកំពូលកម្ពុជាប៉ុណ្ណោះ។ លោកបន្ថែមថា កម្ពុជាជាប្រទេសដែលមានអធិបតេយ្យភាពក្នុងការសម្រេចជោគវាសនារបស់ខ្លួន ដោយខ្លួនឯង។
លោកមានប្រសាសន៍ថា៖
«សេចក្តីសម្រេចរបស់តុលាការកំពូល ជាសាលដីកាបិទផ្លូវមិនឲ្យតវ៉ា អាហ្នឹងចំណុចសំខាន់សម្រាប់កម្ពុជា។ ហើយកម្ពុជាទោះបីមានទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុបហ្នឹង ក៏យើងជឿជាក់ខ្លួនឯងថាយើងគ្រាន់តែជាដៃគូ ហើយយើងមិនអាចធ្វើទៅតាមបង្គាប់បញ្ជារបស់ភាពជាដៃគូទេ។ អ្វីៗយើងធ្វើ ទៅតាមច្បាប់ដែលមានដែនកំណត់រួចស្រេចទៅហើយ»។
សហភាពអឺរ៉ុបជាអ្នកផ្តល់ជំនួយធំជាងគេមកកម្ពុជា។ ក្នុងគម្រោងដែលត្រូវបានផ្សព្វផ្សាយលើគេទំព័ររបស់ខ្លួន សហភាពអឺរ៉ុបផ្តល់ជំនួយដល់កម្ពុជាសម្រាប់ឆ្នាំ២០១៤ ដល់២០២០ ចំនួនប្រមាណជាជាង៥០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍ផ្នែកអភិបាលកិច្ច ចំណេះដឹង និងជំនាញ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិជាដើម៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments