RFA | មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ​នៅ​កម្ពុជា | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ស៊ើបអង្កេត​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ជៀស​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​។ ការ​លើក​ឡើង​នេះ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បដិសេធ​ស៊ើបអង្កេត​ករណី​នេះ ដោយ​អះអាង​ថា សមត្ថកិច្ច​មិន​បាន​ដឹង ករណី​នេះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា អាជ្ញាធរ​មិន​គួរ​ប្រញាប់​បដិសេធ​ចំពោះ​ការ​ស៊ើបអង្កេត​ករណី​ចាប់​ពង្រត់ សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ នៅ​ក្នុង​ទឹកដី​កម្ពុជា​នោះ​ទេ ទោះបីជា​ករណី​អ្វី​ក៏ដោយ​។ លោក លើកឡើង​ថា អាជ្ញាធរ មាន​កាតព្វកិច្ច​ត្រូវ​ស៊ើបអង្កេត​ករណី​នេះ ដើម្បី​ធានា​នូវ​ការ​ស្វែងរក​យុត្តិធម៌​និង​ការពិត និង​ធានា​កុំ​ឱ្យ​មាន​កា​រិះគន់​នានា​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ៖ «ជា​ធម្មតា​ទេ ប្រសិនបើ​មាន​បទល្មើស​កើតឡើង​នៅ​លើ​ទឹកដី​របស់​ខ្លួន ដូច្នេះ​ត្រូវតែ​មាន​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​បើ​យើង​មិន​បើក ការស៊ើបអង្កេត​រក​ការពិត​ណាមួយ​ទេ នឹង​រង​ផល​នៃ​ការ​រិះ​ជាច្រើន​ហើយក៏​ប៉ះពាល់​ដល់​នីតិវិធី ឬ​ដល់​ការអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​យើង​ផង​ដែរ»

លោក អំ សំអាត ឱ្យ​ដឹង​ថា ខាង​អង្គការ​លីកាដូ (Licadho) ក៏​កំពុង​ស្រាវជ្រាវ​ករណី​នេះ​ដែរ ក្រោយ​មាន​ព័ត៌មាន ស្តីពី​ការ​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ ហើយ​ក្រោយ​មក​បាត់​ដំណឹង​នេះ ប៉ុន្តែ​លោក​មិនទាន់ ដឹង​អំពី​លទ្ធផល​នៅ​ឡើយ​ទេ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយតប​អំពី​រឿង​នេះ​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល ជាតិ លោក ឆាយ គឹមខឿន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ជាច្រើន លើក នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ លោក ឆាយ គឹមខឿន បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​ថា លោក​មិន​បាន​ដឹង​អំពី​ករណី​បាត់​ខ្លួន​នេះ​ទេ ដូច្នេះ​តើ​ឱ្យ​លោក ស៊ើបអង្កេត​របៀប​ម៉េច​។ ទោះបី​យ៉ាងណា មន្ត្រី​នាំ​ពាក្យ ក្រសួងយុត្តិធម៌​អះអាង​ផ្ទុយ​វិញ​ថា លោក​សង្ឃឹមថា សមត្ថកិច្ច​នឹង​ស៊ើបអង្កេត​ករណី​នេះ​។ លោក ស្នើ​ឱ្យ​សង្គម​ស៊ីវិល កុំ​ធ្វើ​សេចក្តី​សន្និដ្ឋាន​នៅ​មុន​ការស៊ើបអង្កេត។

ដោយឡែក អ្នកនាំពាក្យ​ប៉ូលិស​ថៃ លោក ពលកុល គីស្សាណា ផាត់ថាណាឆារើន (Pol Col Kissana Phathanacharoen) ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ករណី​និស្សិត​ថៃ​ម្នាក់​ឈ្មោះ វ៉ាន់ឆាឡឺម នឹង​ចាត់វិធានការ​ច្បាប់​មិន​ខុស​ពី​ករណី​ដទៃ​ទៀត​ដែល​សង្ស័យ​ថា រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស នោះ​ទេ ដោយ​បញ្ជាក់​ថា ប៉ូលិស​ថៃ​បាន​ផ្ដួចផ្ដើម​ដំណើរការ​ដើម្បី​ស្វែងរក​ការ​ធ្វើ​បត្យាប័ន​នៅ​ពេល​ដឹង​ថា​រូបគេ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ថៃ​រូប​នេះ មិន​បាន​បញ្ជាក់​ថា បាន​បញ្ជូន​កម្លាំង ឬ​ស្នើ​ប៉ូលិស​កម្ពុជា ទៅ​ចាប់​លោក​លោក វ៉ាន់ឆាឡឺម នោះ​ទេ។

សកម្មជន​យោ​បាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​ជា​សកម្មជន ក្រុម​អាវ​ក្រហម​ថៃ គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ ស៊ីន ត្រូវ​បាន​បាត់​ខ្លួន ក្រោយ​មានការ​ចោទ​ប្រកាន់​ថា យុវជន​រូប​នេះ ត្រូវ​បាន​បុរស​ប្រដាប់​អាវុធ​មួយ​ក្រុប សម្រុក​ចាប់​បញ្ជូល​រថយន្ត​ពណ៌​ខ្មៅ​មួយ​ពីមុខ​អគារ​ស្នាក់នៅ​របស់​គាត់​នៅ​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ខណៈ​គាត់​កំពុង​ទិញ​ម្ហូបអាហារ​។ យុវជន​រូប​នេះ បាន​រស់នៅ​និរទេស​ខ្លួន ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ តាំងពី​ឆ្នាំ​២០១៤ មក​។ យុវនិស្សិត វ៉ាន់ឆាឡឺម ជា​អ្នក​រិះគន់​ឥត​សំចៃ​មាត់​ទៅលើ​នយោបាយ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ដែល​កំពុង​ឃ្លាំមើល​រឿង​នេះ បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ការ​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ជនជាតិ​ថៃ​រូប​នេះ ពិតជា​កើតមាន ប៉ុន្តែ​អង្គការ​នេះ​នៅ​មិនទាន់​អាច​បញ្ជាក់​បាន​ថា តើ​អំពើ​នេះ​ធ្វើឡើង​ដោយ​សមត្ថកិច្ច​កម្ពុជា ឬ​ថៃ​នោះ​ទេ​។ ជោគ វាសនា​របស់​យុវជន​នេះ ក៏​នៅ​មិនទាន់​ដឹង​យ៉ាងម៉េច​នោះ​ដែរ។

រីឯ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ជំរុញ​ឱ្យ​រដ្ឋាភិបាល កម្ពុជា សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ រួមគ្នា​ស្រាវជ្រាវ​ករណី​នេះ និង​បង្ហាញ​ជា​សាធារណៈ​ដើម្បី ធានា​អំពី​សុវត្ថិភាព​របស់​សកម្ម​ជន​នយោបាយ​ប្រជាធិបតេយ្យ​របស់​ថៃ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​កម្ពុជា៖ «ចង់ ឬ​មិន​ចង់​នៅ​ពេល​ករណី​នេះ កើត​នៅ​លើ​ប្រទេស​កម្ពុជា គឺ​ប្រទេស​ផ្សេងៗ​និង​សកម្មជន​ប្រជាធិបតេយ្យ​ច្បាស់​ជា​មាន​ការ​តាមដាន​នៅ​តាម​សារព័ត៌មាន អន្តរជាតិ​ធំៗ និង​អង្គការ​ជាតិ​នានា​គឺ​គេ​ផ្តោត​យកចិត្តទុកដាក់​បញ្ហា​នេះ​មក​លើ​កម្ពុជា ដូច្នេះ​ប្រសិនបើ​អាជ្ញាធរ​កម្ពុជា ចង់​គេចវេះ​ពី​បញ្ហា​នេះ​ច្បាស់​ជា​មាន​ការរិះគន់​ការ​អនុវត្ត​ច្បាប់​និង​ការ ការពារ​សន្តិសុខ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ម៉្លោះ​ហើយ​ចង់​មិន​ចង់​ត្រូវតែ​ធ្វើការ​ងារ​នេះ​ឱ្យ​ល្អ​ប្រសើរ​ដើម្បី​ឆ្លើយតប​នឹង​បំភ្លឺ​ដល់​សាធារណជន និង​សហគមន៍​អន្តរជាតិ»

លោក ស៊ឹង សែនករុណា បង្ហាញ​ការ​ព្រួយបារម្ភ​ថា ប្រសិន​បើ​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ ពី​កម្ពុជា​នេះ​កើតឡើង​ប្រាកដ​មែន អាច​នឹង​មាន​កិច្ចសហការ​សម្ងាត់​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ក្នុង​ការ​ដោះដូរ​អ្នក​ទោស​នយោបាយ។ លោក​បន្ត​ថា ថ្វី​ដ្បិត​តែ​កម្ពុជា និង​ថៃ​មាន​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ក្តី ប៉ុន្តែ​ការ​ចាប់​បញ្ជូន​អ្នកនយោបាយ​ដោះដូរ​គ្នា​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments