
គណៈកម្មការអឺរ៉ុបថា កម្ពុជាអាចរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA បាន លុះត្រាតែកម្ពុជាកែលម្អស្ថានភាពនយោបាយ និងលើកកម្ពស់វិស័យសិទ្ធិមនុស្សឱ្យប្រសើរឡើងវិញ។
កាសែតនីកគី អាស៊ាន រីវ័រយូ (Nikkei Asian Review) របស់ជប៉ុន ដកស្រង់សំដីមន្ត្រីគណៈកម្មការអឺរ៉ុប ចុះផ្សាយនៅថ្ងៃទី៦ មិថុនា ថា ផ្លូវរបស់កម្ពុជាដើម្បីរក្សាបានការអនុគ្រោះពន្ធ EBA ទាំងស្រុង គឺតាមរយៈការបង្ហាញឱ្យឃើញថា ការរីកចំរើន និងកែលម្អផ្នែកសិទ្ធិនយោបាយ និងពលរដ្ឋ។ គណៈកម្មការអឺរ៉ុបបន្តថា ប្រសិនបើមានការរីកចំរើនផ្នែកសិទ្ធិមនុស្សនៅកម្ពុជាមែននោះ គណៈកម្មការអឺរ៉ុបនឹងពិចារណា ការផ្អាកការអនុគ្រោះពន្ធ EBAឡើងវិញ ហើយអាចផ្ដល់ការអនុគ្រោះពេញលេញឡើងវិញ។ ទោះបីជាយ៉ាងមន្ត្រីសិទ្ធិមនុស្សមើលឃើញថា ស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជាមិនរីកចំរើន ប៉ុន្តែថែមទាំងធ្លាក់ចុះធ្ងន់ធ្ងរទៀត។ ចាប់តាំងពីដើមឆ្នាំ២០២០ មក មានសកម្មជនបក្សប្រឆាំងជិត ២០នាក់ ត្រូវតុលាការចាប់ដាក់ពន្ធនាគារ ហើយជិត២០នាក់ផ្សេងទៀត ត្រូវជនសង្ស័យវាយឱ្យរងរបួស។
ការឆ្លើយតបរបស់គណៈកម្មការអឺរ៉ុប ធ្វើឡើងដោយសារតែ សមាគមរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកាលពីថ្ងៃទី២ ខែមិថុនា បានផ្ញើលិខិតមួយច្បាប់ទៅ ប្រធានគណៈកម្មការអឺរ៉ុប តំណាងនាយកដ្ឋានកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងប្រធានសភាអឺរ៉ុប ថាពេលនេះវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតស្បែកជើងនៅកម្ពុជាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩ ហើយបើវិស័យនេះត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទៀតនោះគឺមានន័យថា វិស័យនេះនឹងជួបទ្វេគ្រោះ។
សមាគមនេះ ស្នើឱ្យគណៈកម្មការអឺរ៉ុបពន្យារពេលដកហូតប្រពន្ធអនុគ្រោះពន្ធEBA រយៈពេល១២ខែទៀត ពោលគឺបន្តពន្យាររហូតដល់ ខែសីហា ឆ្នាំ២០២១វិញ ដើម្បីផ្ដល់ឱកាសឱ្យវិស័យនេះបានរើខ្លួនរួចចេញពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ មួយគ្រាសិន។
តាមគម្រោងសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបដែលដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ចំនួន២០%ពីកម្ពុជា នឹងចូលជាធរមាននៅក្នុងខែសីហា ខាងមុខនេះ ចំពោះផលិតផលទំនិញ ដែលនាំចូលទៅទីផ្សារសហភាពអឺរ៉ុប ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ខកខានកែប្រែស្ថានភាពសិទ្ធិមនុស្ស ដែលសំដៅទៅដល់ផ្នែកសិទ្ធិការងារ សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋជាដើម។
តាមសមាគមរោងចក្រកាត់ដេរឱ្យដឹងថា មកដល់ពេលមានរោងចក្រប្រមាណ២៥០ហើយ ដែលបានព្យួរការងារ ឬបិទទ្វារមិនដំណើរការ ហើយកម្មករប្រមាណ១៣ម៉ឺននាក់ បាត់បង់ការងារ។ សមាគមលើកឡើងទៀតថា ចំនួនអ្នករងផលប៉ះពាល់នឹងបន្តកើនឡើងទៀតយ៉ាងឆាប់ក្នុងរយៈពេលដ៏ខ្លី ឯការលក់ផលិតផលរបស់កម្ពុជាក្នុងផ្នែកសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈសម្រាប់ធ្វើដំណើរអាចនឹងធ្លាក់ចុះរង្វង់ ៥០ ទៅ ៦០ភាគរយ នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២០ ដោយសារការបញ្ជាទិញពីហាងម៉ាកល្បីៗ នៅសហភាពអឺរ៉ុប និងអាមេរិកខាងជើង អាចនឹងមានការលុបចោលការបញ្ជាទិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments