
មេដឹកនាំឡាវ និងកម្ពុជាឯកភាពគ្នាបង្កើតសន្ធិសញ្ញាព្រំដែនរួមគ្នា និងដូរបង្គោលព្រំដែនចាស់ដាក់បង្គោលព្រំដែនថ្មីជំនួស ហើយបន្តដោះស្រាយបញ្ហា នៅសេសសល់ជាង១០ភាគរយទៀត។ ចំណែកអ្នកឃ្លាំមើលបញ្ហាព្រំដែនយល់ថា ភាគីកម្ពុជាគួរប្រើប្រាស់ផែនដីគូសដោយបារាំងដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ ឬនៅប្រទេសបារាំង ជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីឡាវ មិនគួរយកផែនដីដែលគូសនៅប្រទេសវៀតណាម ទៅប្រើប្រាស់ឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រាប់សន្និសីទសារព័ត៌មានរួមនឹងនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ថា បង្គោលព្រំដែនបច្ចុប្បន្ន ប្រមាណជាង ១រយបង្គោលដែលបានបោះតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ នឹងត្រូវជំនួសមកវិញបង្គោលថ្មី ហើយភាគីទាំងពីរនឹងសិក្សាពីលទ្ធភាពបោះបង្គោលព្រំដែនបន្ថែមទៀត៖ «នាយករដ្ឋមន្ត្រីទាំងពីរបានសម្រេចប្រគល់ភារកិច្ចឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដើម្បីធ្វើការគូសជាប្លង់បង្គោលដើម្បីឆ្លងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ហើយក៏បានព្រមព្រៀងគ្នាចែកការចំណាយពាក់កណ្ដាលម្នាក់ ការផលិតបង្គោលដើម្បីជំនួសបង្គោលចាស់ដែលបានបោះ ដោយសារតែបង្គោលព្រំដែនរបស់យើងមានចំនួនតិច។ យើងក៏បានព្រមព្រៀងគ្នា សិក្សាឲ្យបង្គោលបន្ថែម ប៉ុន្មានបង្គោលទៀត ក៏មានការព្រមព្រៀងគ្នាអំពីបញ្ហានេះ។ កន្លងទៅព្រំដែនរាប់រយគីឡូម៉ែត្រ បោះបានតែ១២១បង្គោលតែប៉ុណ្ណោះ»។
ឆ្លើយតបនឹងលោក ហ៊ុន សែន លោក ថងលូន ស៊ីស៊ូលីត អះអាងថា លោក យល់ព្រមតាមសំណើរបស់កម្ពុជាទាក់ទងនឹងបញ្ហាព្រំដែននេះ៖ «៨៦%ដែលយើងបានកំណត់ខ្សែព្រំដែនជាមួយគ្នានៅពេលកន្លងមក យើងនឹងមានបង្គោលសីមាព្រំដែនល្អ។ បង្គោលណាមិនទាន់បានបោះ គូសជាប្លង់បង្គោលឲ្យបានធំជាងមុន ជាបង្គោលស្អាតហើយល្អទៀត។ ខ្ញុំស្នើឲ្យភាគីកម្ពុជាជាអ្នកគូសប្លង់ដើម្បីឲ្យនាយករដ្ឋមន្ត្រីទាំងពីរយកបាន»។
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ សម្រេចឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ រួមគ្នាព្រាងឯកសារគតិយុត្តិផ្សេងៗ ឱ្យបានឆាប់ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនកម្ពុជា ឡាវ ជុំវិញការកំណត់ព្រំដែនដែលសម្រេចបាន៨៦% ហើយនឹងបន្តដោះស្រាយបញ្ហានៅសល់១៤%ទៀត។
សកម្មជនគណបក្សប្រឆាំង លោក អ៊ុំ សំអាន យល់ថា ដើម្បីឲ្យមានសុក្រឹតភាពក្នុងបញ្ហាព្រំដែនជាមួយភាគីឡាវ មេដឹកនាំរបបក្រុងភ្នំពេញ គួរយកផែនដីរបស់ទេសាភិបាលបារាំងប្រចាំកម្ពុជា ខ្នាត១ លើ១រយពាន់ ដែលតម្កល់នៅអង្គការសហប្រជាជាតិ ធ្វើជាមូលដ្ឋានគ្រឹះ ដោះស្រាយរឿងនេះ។ លោកបន្តថា បើរបបក្រុងភ្នំពេញ នៅតែបន្តប្រើប្រាស់ផែនដីដែលគូសនៅប្រទេសវៀតណាម យកទៅដោះស្រាយបញ្ហាជាមួយភាគីឡាវ នោះកម្ពុជា នឹងអាចបាត់បង់ទឹកដីទៅប្រទេសជិតខាងបន្ថែមទៀត៖ «យើងត្រូវតែយកអ្វីដែលជាមរតកបារាំង ហើយកុំយកទៅតាមការរស់នៅជាក់ស្ដែង ព្រោះកន្លងមក យើងឃើញថា ដោះស្រាយជាមួយយួននោះ គឺកំណត់ទៅតាមការរស់នៅជាក់ស្ដែង មានន័យថាយួនចូលប៉ុន្មាន ក៏ឲ្យយួនប៉ុណ្ណឹងទៅ។ អ៊ីចឹង!បើសិនជាឡាវចូលប៉ុន្មាន ក៏ឲ្យឡាវ ប៉ុណ្ណឹងទៅ គឺវាខាតបង់។ កន្លងមកមានតែប្រទេសជិតខាងទេ ដែលចូលមកដីយើង បើយើងចូលទៅដីគេ មិនមានទេ។ យើងឃើញថា ការដោះស្រាយកន្លងមក គឺមិនសូវមានតម្លាភាពទេ»។
បច្ចុប្បន្នតំបន់ជម្លោះព្រំដែនវាងប្រទេសកម្ពុជា និងប្រទេសឡាវ ភាគីទាំងពីរបានដកទ័ពចេញរៀងខ្លួនអស់ហើយ និងកំពុងស្ថិតក្នុងការចរចាគ្នា។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ អះអាងថា ការប្រឈមដាក់មុខគ្នារឿងព្រំដែន កម្ពុជា ឡាវ កើតឡើងដោយសារ តំបន់នោះនៅមិនទាន់បោះបង្គោលព្រំដែនដាច់ស្រេច។ លោកថា នៅពេលពលរដ្ឋខ្មែរឃើញដីទំនេរ បានទៅបង្កបង្កើនផល ហើយកងទ័ពឡាវបានមកដកដំណាំនោះចោល ទើបពួកគេរាយការណ៍ទៅអាជ្ញាធរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments