
ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ទាមទារឱ្យរបបក្រុងភ្នំពេញយកចិត្តទុកដាក់ការពារសុវត្ថិភាពដល់ក្រុមកម្មករបន្ទាប់ពីមានរបាយការណ៍មានគ្រោះថ្នាក់ចរាចរណ៍ជិត២ពាន់ករណីបានកើតមានឡើងទៅលើក្រុមកម្មករ។
ការសែតក្នុងស្រុកបានចុះផ្សាយដោយដកស្រង់ របាយការណ៍បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ថា ក្នុងឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១.៧១០ករណីបានកើតមានឡើងនៅលើក្រុមកម្មករ។គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យមានជនរងគ្រោះសរុប ១.៨៦៣នាក់ ស្លាប់ ៤២នាក់ និងមានកម្មករសន្លប់ពេលធ្វើការងារ មានជាង ២.០០០នាក់។
លោក រ៉ុង ឈុន មានប្រសាសន៍ថា កន្លងមករថយន្តដឹកក្រុមកម្មករធ្វើឡើងខុសបច្ចេកទេសដាក់មនុស្សច្រើនលើសចំណុះដែលជាមូលហេតុបណ្ដាលឱ្យមានកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់៖ «ឡានដឹកពុំមានសុវត្ថិភាព ហើយការដួលសន្លប់នៅតាមបណ្ដារោងចក្រដែលមកពីបរិស្ថាននៅក្នុងរោងចក្រមានការក្ដៅ មានចំហាយជាតិគីមីពីក្រណាត់សព្វបែបយ៉ាងមិនបានធានាដល់សុខភាពរបស់បងប្អូនក្រុមកម្មករ កម្មការិនី។ អ៊ីចឹងហើយបានជាមានការដួលសន្លប់ក៏ដូចជាមានការគ្រោះថ្នាក់ចរាចរណ៍ជារើយៗ»។
បើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ មានកម្មករសន្លប់ ពេលកំពុងធ្វើការនៅក្នុងឆ្នាំ២០១៨ បានការថយចុះចំនួន ២៣% ប៉ុន្តែចំនួនកម្មករនិយោជិកសន្លប់ កើនឡើងចំនួន ៥០៦នាក់ ស្មើនឹង ៣២%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments