សាច់ញាតិរបស់បុរសម្នាក់ នៅស្រុកក្រវាញខេត្តពោធិ៍សាត់ត្អូញថា ពួកគាត់គ្មានលទ្ធភាពទៅយកសពជនរងគ្រោះដែលទាហានថៃបាញ់សម្លាប់ យកមកធ្វើបុណ្យនៅស្រុកកំណើតទេ ហើយបានស្នើសុំសមត្ថកិច្ចពាក់ព័ន្ធឱ្យជួយនាំសាកសពមកធ្វើបុណ្យឱ្យបានឆាប់។ ពលរដ្ឋខ្មែរ ២នាក់ ត្រូវបានទាហានថៃបាញ់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខណៈពួកគេលួចឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃខុសច្បាប់កាលពីថ្ងៃទី២៤ មេសា។
បងស្រីបង្កើតរបស់ជនរងគ្រោះ អ្នកស្រី ម៉ៅ ណាត ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៦ មេសាថា ប្អូនប្រុសរបស់អ្នកស្រីឈ្មោះ មៅ មុំ អាយុ ២៦ឆ្នាំ ទើបតែចេញពីផ្ទះជាមួយអ្នកភូមិក្បែរខាងចំនួន៧នាក់ នាំគ្នាឆ្លងដែនទៅកាប់ឈើក្រញូងនៅខេត្តត្រាត (Trat) ប្រទេសថៃ ប្រមាណ ១សប្ដាហ៍កន្លងទៅ ហើយក៏ត្រូវទាហានថៃបាញ់ស្លាប់នៅទីនោះតែម្ដង។ លោកស្រីបន្តថា លោកស្រីនឹងម្ដាយមានការស្លុតចិត្តយ៉ាងខ្លាំង បន្ទាប់ពីប៉ូលិសស្រុកក្រវាញបាននាំដំណឹងនេះប្រាប់ពួកគាត់ថា ប្អូនប្រុសត្រូវទាហានថៃបាញ់ស្លាប់កាលពីថ្ងៃទី២៥ មេសានោះ។ លោកស្រីបន្តថា ខាងក្រុមគ្រួសារគ្មានលទ្ធភាពទៅយកសពមកធ្វើបុណ្យដោយខ្លួនឯងនោះទេ ព្រោះជីវភាពក្រីក្រ ហើយម្ដាយធ្លាក់ខ្លួនឈឺឱ្យគ្រូពេទ្យដាក់សេរ៉ូមព្យាបាលនៅផ្ទះ៖ «ចូលឆ្នាំហើយទៅតាមគេបណ្ដោយ ហើយទៅនឹងខ្ចីលុយគេ ២០ម៉ឺនរៀល។ ទាហានថៃបាញ់នៅក្នុងព្រៃដែលប្អូនខ្ញុំកំពុងស្ពាយឈើ។ សមត្ថកិច្ចប្រាប់ឱ្យខ្ញុំទៅយកសព ប៉ុន្តែខ្ញុំមិនមានលុយទៅទេ ដោយសារខ្ញុំខ្វះខាត ហើយម៉ែខ្ញុំក៏អត់លុយដែរ ព្រោះគាត់មេម៉ាយ ហើយគាត់ឈឺទៀត។ ដល់ពេលដឹងថា កូនស្លាប់កាន់តែឈឺខ្លាំង»។
លោកស្រីបន្តថា ប្អូនរបស់ខ្លួនមិនធ្លាប់ឆ្លងដែនទៅកាប់ឈើនៅប្រទេសថៃនោះទេ គឺដោយសារតែជីវភាពក្រីក្រ ហើយនៅផ្ទះគ្មានការងារធ្វើ បានជាលោក មៅ មុំ សម្រេចចិត្តឆ្លងដែនទៅជាមួយអ្នកភូមិនោះ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កេត សុផាន់ និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ដើម្បីសុំអត្ថាធិប្បាយជុំការស្នើសុំជំនួយពីគ្រួសារសពឱ្យសមត្ថកិច្ច ទៅយកសពជនរងគ្រោះបានទេ នៅថ្ងៃទី២៦ មេសា ដោយទូរស័ព្ទពុំមានអ្នកទទួល។
ចំណែកជំទប់ទី១ ឃុំសំរោង ស្រុកក្រវាញ លោក ជុំ ផន មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ខាងឃុំក៏មិនមានលទ្ធភាពទៅយកសាកសពជនរងគ្រោះមកធ្វើបុណ្យនៅឯស្រុកកំណើតខេត្តពោធិ៍សាត់បានដែរ ដោយសារពុំមានមធ្យោបាយដឹកសព និងគ្មានថវិកា៖ «ខ្ញុំផ្ដល់គំនិតឱ្យគាត់ទៅទំនាក់ទងគេនៅព្រំដែន ហើយសូមពឹងប៉ូលិសព្រំដែនឱ្យជូនទៅរកអ្នកដែលស្លាប់ និងអ្នករបួសនៅកន្លែងនោះ។ បាទ បើថាគាត់ទៅ យើងមានតែលិខិតស្នាមជូនគាត់ តែរឿងលុយកាក់វាអត់ មានតែចាំមើលពិភាក្សាគ្នាបន្តទៀត»។
លោកបន្តថា ពលរដ្ឋខ្មែរ ២នាក់ រួមមានឈ្មោះ មៅ មុំ និង ឈ្មោះ អាន វិត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ត្រូវបានទាហានថៃបាញ់សម្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈដែលពួកគេឆ្លងដែនទៅកាប់ឈើនៅខេត្តត្រាតប្រទេសថៃ កាលពីថ្ងៃទី២៤ មេសា។ លោកថា សាកសពរក្សាទុកនៅប្រទេសថៃ ហើយអ្នករបួសកំពុងសម្រាកព្យាបាលនៅថៃមិនទាន់ត្រឡប់មកកម្ពុជានៅឡើយទេ។
មន្ត្រីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សអង្គការ លីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ លោក កែម គិមស្រ៊ន់ ចាត់ទុកបញ្ហានេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមកលើពលរដ្ឋខ្មែរ ព្រោះសមត្ថកិច្ចថៃអាចចាប់ពួកគាត់ផ្ដន្ទាទោសតាមច្បាប់ ដោយមិនត្រូវបាញ់សម្លាប់បែបនេះទេ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាត្រូវទាមទារទៅភាគីថៃឱ្យទទួលខុសត្រូវចំពោះការស្លាប់នេះ៖ «ហើយសិនជាអាជ្ញាធរយើងមិនព្រមទប់ស្កាត់មិនព្រមជជែកគ្នាជាមួយភាគីថៃសោះ ហើយបណ្ដោយឱ្យតែពលរដ្ឋខ្មែរចូលដីថៃគេបាញ់ស្លាប់ដូច្នេះ វាហាក់បីដូចជាស្លាប់ជីវិតមនុស្សមួយមិនមានអ្នកណាទទួលខុសត្រូវអីចឹង។ ហើយអង្គការ លីកាដូ យើងមានតែការជំរុញនិងស្នើឱ្យកម្ពុជាយើងទេមានវិធានការទប់ស្កាត់ឬអប់រំទប់ស្កាត់ឱ្យពលរដ្ឋយើងឱ្យគាត់បានយល់ដឹងបញ្ហាឆ្លងដែនទៅប្រទេសថៃនោះ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តទៀតថា បញ្ហានេះអាជ្ញាធរពាក់ព័ន្ធក៏ត្រូវទៅដឹកសាកសពជនរងគ្រោះមកឱ្យសាច់ញាតិ ដើម្បីពួកគាត់យកទៅបុណ្យតាមព្រះពុទ្ធសាសនាដែរ ព្រោះជាអាជ្ញាធរដែនដីមើលការខុសត្រូវពលរដ្ឋ ទទួលប្រាក់ខែពីរដ្ឋ ដែលប្រជាពលរដ្ឋបានបង់ពន្ធជូនរដ្ឋនោះ។ លោកបន្តថា ចាប់តាំងពីឆ្នាំ២០១៨ មក គឺនេះជាករណីទី២ ក្នុងខេត្តពោធិ៍សាត់ ដែលទាហានថៃបាញ់ស្លាប់ពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments