ចចលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថា លោកបន្តអំពាវនាវខ្លាំងឡើងៗ និង ជាញឹកញាប់ ទៅកងកម្លាំងប្រដាប់អាវុធ នាយទាហាន ពលទាហាន និងកងនគរបាល កុំឱ្យធ្វើតាមបញ្ជាពីមេដឹកនាំណា ដែលផ្ដាច់ការ បើមេដឹកនាំនោះ បញ្ជាឱ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។
លោក សម រង្ស៊ី បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា ពីពេលនេះទៅ លោកសូមបន្ថែមការអំពាវនាវមួយទៀត គឺសូមជនរួមជាតិម្នាក់ៗ ដែលមានកាំភ្លើងមួយដើមក្នុងដៃ ត្រៀមខ្លួនឈប់ស្ដាប់បញ្ជា លោក ហ៊ុន សែន មេដឹកនាំរបបឯកបក្ស ហើយរក្សាកាំភ្លើងរៀងៗខ្លួន ដើម្បីការពារខ្លួន និងការពារប្រជាពលរដ្ឋ ដែលមានសាច់ឈាម ជាខ្មែរដូចគ្នា។
ការអំពាវនាវរបស់ លោក សម រង្ស៊ី ធ្វើឡើង ក្រោយពេលលោកអះអាងថា លោកបានទទួលដំណឹងថា តុលាការរបបក្រុងភ្នំពេញ បានកោះហៅឱ្យទៅបង្ហាញមុខ នៅថ្ងៃទី២២ ខែមេសា ពីបទចោទប្រកាន់ ញុះញង់កុំឱ្យយោធិន ស្ដាប់បង្គាប់ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព។ តែលោក ថាមិនខ្វល់ពីការកោះហៅទេ ដោយហៅតុលាការនៃរបបឯកបក្ស ថាជាតុលាការអាយ៉ង។ តែលោក មិនបានបញ្ជាក់ថា តុលាការថ្នាក់ណា កោះហៅ លោកទេ។
អាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បាននៅឡើយទេ នៅថ្ងៃទី៣០ មីនា ដោយសារមិនទទួលទូរស័ព្ទ។
លោក សម រង្ស៊ី អះអាងថា ការបង្គាប់ឱ្យពលរដ្ឋរក្សាអាវុធ ដើម្បីការពារដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋរៀងៗខ្លួន ព្រោះ ពេលអាជ្ញាធរមករឹបអូសដីធ្លី និង ផ្ទះសម្បែងរបស់ពលរដ្ឋ នឹងមានការបាញ់ប្រហារមកលើពលរដ្ឋ។ មេដឹកនាំបក្សប្រឆាំងរូបនេះ យល់ថា បើពលរដ្ឋគ្មានទោស មិនព្រមការពារខ្លួនទេ នៅពេលជនសាហាវ ឬក្រុមសាហាវណាមួយ មករំលោភបំពាន ពលរដ្ឋនឹងរងគ្រោះ ដល់ស្លាប់។
គិតមកដល់ពេលនេះ លោក សម រង្ស៊ី កំពុងរងបណ្ដឹង ពីលោក ហ៊ុន សែន ក្រុមមេយោធា មន្ត្រី ជាន់ខ្ពស់របបឯកបក្ស នៅតុលាការកម្ពុជា ជាង១០បណ្ដឹង សុទ្ធតែពាក់ព័ន្ធនឹងរឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments