អ្នក​វិភាគ​ថា ការ​ប្រកាស​បិទ​ផ្លូវ​ចរចា​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ជាតិខ្មែរ​បែកបាក់​ធ្ងន់ធ្ងរ

By , Comment
Share on Facebook Tweet on Twitter
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA

ដោយ តាំង សារ៉ាដា RFA 2018-03-28

អ្នកវិភាគ​យល់ថា ការប្រកាស​បិទ​ផ្លូវ​ចរចា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​ធ្វើ​ឲ្យ ជាតិខ្មែរ​បែកបាក់​ធ្ងន់ធ្ងរ។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ម្តង​ទៀត​ថា នឹង​គ្មាន​ការចរចា​ជាមួយ​លោក សម រង្ស៊ី នោះ​ទេ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ ព្រមាន​ថា​ប្រសិនបើ លោក ហ៊ុន សែន ធ្វើ​នយោបាយ​ដោយ​ការ​គុំកួន យក​កំហឹង ទល់​កំហល់ ហើយ​ប្រឹង​យកឈ្នះ​ចាញ់​ស្លាប់​រស់​ជាមួយ​គណបក្ស​ប្រឆាំង​ដោយ​មិន​ព្រម​វិល​ទៅ​ចូល​តុ​ចរចា​រហូត​បែបនេះ វា​នឹង​នាំ​ឲ្យ​ប្រទេស​ជួប​ភាព​ប្រេះឆា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត៖ «និយាយ​ពី​បែកបាក់​គ្នា​នេះ គឺ​មិនមែន​បែកបាក់​ត្រឹម​អ្នក​នយោបាយ​ទេ ព្រោះ​កាលណា​អ្នកនយោបាយ អត់​បាន​គិត​អំពី​ការ​រួបរួម​ជាតិ អត់​បាន​គិត​អំពី​យន្តការ​ដោះស្រាយ​ដោយ​សន្តិភាព​នោះ វា​នឹង​បណ្ដាល​ឲ្យ​បែកបាក់​ដល់​អ្នក​នៅ​ខាងក្រោម​ទៀត។ យើង​ចំណាំ​មើល​ថា មន្ត្រី​រាជការ​ខាងក្រោម សមាជិក ឬមួយ​អ្នកគាំទ្រ​នៅ​ខាង​ក្រោម នឹង​បែកបាក់​គ្នា​ទៅតាម​អ្នកនយោបាយ ខាង​ឬ​មេដឹកនាំ​ខាងលើ​ដែល​ឈ្លោះ​គ្នា​ដែរ។ បើ​យើង​បែកបាក់​ជាតិ យើង​មិន​អាច​និយាយ​អំពី​សន្តិភាព និង​ការ​អភិវឌ្ឍ​បាន​ទេ ព្រោះ​គ្មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ»។

លោក ហ៊ុន សែន ប្រកាស​ជាថ្មី​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នៅ​ថ្ងៃ​ទី​២៧ មីនា​ថា លោក​នឹង​មិន​ចរចា​ជាមួយ​លោក សម រង្ស៊ី អំពី​តថ្លៃ​នយោបាយ​នោះ​ឡើយ ដោយសារ​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង បាន​នាំ​គ្នា ដុត​រូប​ទីងមោង​របស់​លោក ក្នុង​ប្រទេស​អូស្ត្រាលី និង​ការ​ប្រើ​សារ​ឲ្យ​កងទ័ព បង្វែរ​ចុង​អាវុធ​លើ​រដ្ឋាភិបាល​ជាដើម៖ «ទី​១ គ្មាន​ការ​ចរចា​ជាមួយ​ពួក​ក្បត់​ជាតិ ទី​២ គ្មាន​ការ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស អោយ​ពួក​ក្បត់​ជាតិ​នេះ​ទេ។ លោក​ឯង​ចង់​ថា​..​ម៉េច​ថា​ទៅ​...​ចង់​ធ្វើ​អី​ធ្វើ​ទៅ។ កាលពីមុន​ម៉េច​ក៏​លោក​ឯង​មិន​នៅ​អោយ​ស្ងៀម ធ្វើ​អោយ​វា​ស្រួល លោក​ឯង​បង្កើន​នៅ​ហិង្សា​តាមរយៈ​ការ​ដុត​ទីងមោង​រូប ហ៊ុន សែន គ្រប់​ទីកន្លែង»។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី២៦ មីនា អះអាងថា នៅ​សប្ដាហ៍​ក្រោយនេះ លោក​នឹង​ជួប​ពិភាក្សា​ការងារ និង​ចុះ​ហត្ថលេខា លើ​ការ​ផ្ដល់​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន។ លោក​បន្ត​ថា ជំនួប​នោះ​នឹង​គ្មាន​ប្រធានបទ​និយាយ អំពី​គណបក្ស​សង្គ្រោះជាតិ ឬ​ការ​ចរចា​ជាមួយ​លោក សម រង្ស៊ី នោះ​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​មាន​ប្រសាសន៍​ថា បើ​មើល​ទៅលើ​ទិដ្ឋភាព​នៃ​ជម្លោះ អ្នក​នយោបាយ​បច្ចុប្បន្ន​នេះ នឹង​បណ្ដាល​ឲ្យ​ប្រទេស​ខ្មែរ​ត្រូវ​ប្រេះឆា រយៈពេល​យូរ​តទៅ​ទៀត។

លោក​យល់ថា​នៅ​ពេល​នេះ​លោក ហ៊ុន សែន ប្រហែល​ជា​មិនទាន់​អាច​ឆ្លើយតប ជា​វិជ្ជមាន​បានទេ​ព្រោះ លោក ហ៊ុន សែន ត្រូវការ​ពេល​វេលា​រៀបចំ​ខ្លួន និង​ពិភាក្សា​អោយ​បាន ហ្មត់ចត់​ជាមួយ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មុននឹង​ព្រម​វិល​ចូល​តុ​ចរចា​គ្នា​វិញ។

លោក​បន្ត​ថា លោក ហ៊ុន សែន ត្រូវ​ការ​ពេលវេលា​ដើម្បី​រក្សា​មុខ​មាត់​ខ្ពស់ ក្នុងនាម​ជា​បុរស​ខ្លាំង​ម្នាក់ មិន​អាច​ដោយសារតែ​ការ​សម្ពាធ​ពី​អន្តរជាតិ ឬ​ប្រទេស​ជប៉ុន ធ្វើ​ឲ្យ​លោក​ត្រូវ​យល់ព្រម​ចរចា​ភ្លាមៗ នោះ​ទេ៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​ជា​សំណើ​របស់​ជប៉ុន ថ្មីៗ​នេះ វា​ដូចជា​ថ្មី​ពេក​សម្រាប់​គណបក្ស កាន់​អំណាច​យក​មក​ពិចារណា​ដោយ​ផ្អែកលើ​ជំហរ​របស់​ខ្លួន ព្រោះ​អី តាម​ពិត​ពេល​ខ្លះ​បញ្ហា​ដែល​វា កើតឡើង​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដែរ សម្រាប់​គណបក្ស​កាន់​អំណាច ក្នុង​ការ​ដោះ​ខ្លួន​មកវិញ។ ហើយ​ត្រូវ ការ​ប្រើ​ពេលវេលា ព្រោះ​អី​កាលណា​ដោះ​ទៅ​តាម​ផ្លូវ​ក្រោយ​វិញ បាន​ន័យ​ថា ផ្លូវ​ដែល​ចូល​មក ដូចជា ផ្លូវច្បាប់​អី​នោះ ហើយ​អោយ​សង្គ្រោះជាតិ​វិល​មកវិញ វា​ត្រូវ​តែ​មាន​ភាព​អាម៉ាស ព្រោះ​អី​ធ្លាប់ បាន​អះអាង​ថា អា​ហ្នឹង​ជា​បញ្ហា​ផ្លូវច្បាប់​អី​អ៊ីចឹង​បាទ»។

លោក​បណ្ឌិត មាស នី លើកឡើង​ថា ជំនួប​រវាង​លោក ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ជប៉ុន កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​អាច​ជា ការ​ត្រួសត្រាយ​ផ្លូវ​មួយ​សម្រាប់​ដំណើរ​ទស្សនកិច្ច របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នៅ​កម្ពុជា ក្នុង​សប្ដាហ៍​ក្រោយនេះ។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នោះ លោក​បណ្ឌិត មាស នី រំពឹង​ថា រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន នឹង​ជួបពិភាក្សា​អំពី​ជម្លោះ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​លោក ហ៊ុន សែន ព្រមទាំង​ជំរុញ​ឲ្យ​មានការ​ចរចា​ទៀត​ផង។ កាលពី​ថ្ងៃ​ទី​២៦ មីនា លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ដោយ​សំដែង​ការ​សោកស្ដាយ​ចំពោះ​លោក ហ៊ុន សែន ដែល​យក​អារម្មណ៍​ផ្ទាល់ខ្លួន​ដាក់​ពីមុខ ដើម្បី​បញ្ឈប់​ការសន្ទនា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ។

លោក​បន្ត​ថា លក្ខណៈ​សម្បត្តិ​ជា​អ្នកដឹកនាំ​ប្រទេស តម្រូវ​ឲ្យ​អ្នក​នយោបាយ​ដាក់​អារម្មណ៍​ផ្ទាល់ខ្លួន ដូចជា​ការ​ខឹង​សម្បា​មួយអន្លើ ហើយ​ផ្ដោត​យកចិត្តទុកដាក់​ទៅ​លើ​ផលប្រយោជន៍​ជាតិ​ជាធំ​វិញ។

លោក សម រង្ស៊ី បញ្ជាក់​ថា ថ្ងៃ​ណាមួយ​ភាគី​ទាំងអស់​នឹង​យល់​ថា ខ្លួន​មិន​អាច​គេច​ផុត ពី​ការ​សន្ទនា​បាន​ទេ ពីព្រោះ​ការសន្ទនា​នេះ​ជា​មូលដ្ឋាន​នៃ​សន្តិភាព​សង្គម និង​លទ្ធិប្រជាធិបតេយ្យ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លើកឡើង​ថា ការ​ប្រកាន់​ជំហរ​តឹងរ៉ឹង របស់​លោក ហ៊ុន សែន នឹង​មិន​ផ្ដល់​ផល​ចំណេញ​ដល់​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ លោក​បន្ថែម​ថា ប្រសិនបើ​លោក ហ៊ុន សែន បើក​ឲ្យ​មានការ​ចរចា​នៅ​ពេល​នេះ គឺ​មាន​ផលប្រយោជន៍ សម្រាប់​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​អាច​ផ្សះផ្សា​ជាតិ បញ្ចប់​កំហឹង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង កាត់បន្ថយ​សម្ពាធ​ពី​អន្តរ ជាតិ និង​ធ្វើ​ឲ្យ​ការបោះឆ្នោត​អាណត្តិ​ក្រោយ​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments