
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នឹងទៅជួបមេដឹកកំពូលៗរបស់ចិន រយៈបីថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា។ របបនេះអះអាងថា ដំណើរនេះ ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗទៀត។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងព្រមានថា បើរបបនេះ បន្តសហការនឹងចិន កម្ពុជានឹងជួបគ្រោះថ្នាក់។
ការបំពេញទស្សនៈរបស់លោក ហ៊ុន សែន ទៅប្រទេសចិន ស្របពេលដែលកម្ពុជាប្រឈមនឹងដាក់ទណ្ឌកម្មផ្សេងៗទៀតពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយសហគមន៍អឺរ៉ុប ក៏បានសម្រេចយកពន្ធលើអង្ករកម្ពុជាដែលធ្វើវិនិយោគិននៃរបបនេះ ខាតបង់ប្រយោជន៍ជាច្រើន។ ទោះបីយ៉ាងណា លោក ហ៊ុន សែន អះអាងថា ដំណើរទៅចិនលើកនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក ហ៊ុន សែន ឱ្យដឹងទៀតថា ជំនួបនោះលោកនឹងជួបមេដឹកនាំកំពូលរបស់ចិនគឺ លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) និងលោកនាយករដ្ឋមន្ត្រី លី ឃឺឈាង ហើយនឹងចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងមួយចំនួន។ លោក ហ៊ុន សែន ក៏មិនភ្លេចអរគុណចិនដែលលោកអះអាងថា ដោយសារតែចិនទើបកម្ពុជាមានការរីកចំរើន។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន គ្មានអ្វីពីការទៅអង្វរលន់តួចិនដើម្បីសុំខ្ចីលុយបន្ថែម និងសុំឱ្យចិនមកវិនិយោគនៅកម្ពុជា។ ប៉ុន្តែ អ្នកវិភាគវ័យក្មេងរូបនេះ យល់ថា កម្ពុជាមិនអាចពឹងផ្អែកលើប៉ូលសេដ្ឋកិច្ចតែមួយបានទេ ពោលរបបនេះត្រូវមានទំនាក់ទំនាក់ពាណិជ្ជកម្មសេដ្ឋកិច្ច និងនយោបាយទាំងជាមួយប្រទេសលោកខាងលិចនិងទាំងប្រទេសចិន ទើបធ្វើឱ្យកម្ពុជាមានការរីកចំរើនមួយដែលពិតប្រាកដ៖ «អ៊ីចឹងចិនអាចនឹងនាំកម្ពុជាធ្លាក់ចូលជ្រោះជ្រៅ គឺនឹងអាចយើងខ្ចីលុយហើយបើគេឱ្យយើងខ្ចីលុយគេប្រាកដជាចង់បានអ្វីពីយើង ពេលនេះហើយពេលសេដ្ឋកិច្ចធ្លាក់លើដៃគេ ហើយគេហាមាត់គេមានអំណាច»។
ក្រោយរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ បំបិទសំឡេងសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើមនោះ រហូតដល់ដឹកនាំប្រទេសដោយឯកបក្ស របបនេះកំពុងរងព្យុះភ្លៀងពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ប្រទេសសេរីទាំងនោះព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាស្ទើរគ្រប់ទម្រង់។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា យល់ថា ចិនមិនអាចជួយសេដ្ឋកិច្ចរបបក្រុងភ្នំពេញក្នុងរយៈពេលវែងឡើយ។ លោកយល់ថា បើលោក ហ៊ុន សែន បោះបង់ចោលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដោយមិនខ្វាយខ្វល់ពីការទាមទារឱ្យស្តារប្រជាធិបតេយ្យឡើងវិញនោះទេ កម្ពុជានឹងអាចធ្លាក់ក្នុងរបបផ្ដាច់ការសាជាថ្មី៖ «ចិនបានបន្សល់នូវការឈឺចាប់ បង្កវិនាសកម្មដល់ជាតិ និងជាពិសេសបានសម្លាប់ប្រជាជនខ្មែរជាងពីរលាននាក់ អ៊ីចឹងខ្ញុំស្នើឱ្យរបបក្រុងភ្នំពេញពិនិត្យឡើង ហើយត្រូវងាកមករកសហរដ្ឋអាមេរិកក៏ដូចសហភាពអឺរ៉ុបដើម្បីធានាការរីកចំរើនសេដ្ឋកិច្ចបានយូរអង្វែង»។
ក្នុងពេលដែលសហភាពអឺរ៉ុបកំពុងអនុវត្តនីតិវិធីការដកប្រពន្ធអនុគ្រោះEBA និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏ព្រមានឈប់ផ្ដល់ការអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាដែរ។ ទោះបីសហគមន៍អន្តរជាតិ កំពុងព្រមានកម្ពុជាឱ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ លោក ហ៊ុន សែនបែរជាព្រមានសហគមន៍អន្តរជាតិវិញថា នឹងកម្ទេចបក្សប្រឆាំងប្រសិនបើមានទណ្ឌកម្មមែន។
ចិនបានក្លាយជាប្រទេសម្ចាស់បំណុលធំបំផុតរបស់កម្ពុជាដែលមានទំហំទឹកប្រាក់ សរុបដល់ទៅ ៤.៣ពាន់លានដុល្លារ ឬស្មើនឹងជាង ២០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ក្រៅពីជំពាន់បំណុលចិន ប្រជាជនចិនក៍បានមករស់នៅកម្ពុជាច្រើនដែរ។ ជនជាតិចិនទាំងនោះបានបង្កការភ័យខ្លាចដល់ពលរដ្ឋខ្មែរ ដោយសារជនជាតិចិនខ្លះ បានយកទឹកដីខ្មែរធ្វើជាកន្លែងប្រព្រឹត្តបទល្មើសដូចករណីចាប់ជំរិត លក់គ្រឿងញៀន និងបើកបនល្បែងខុសច្បាប់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments