
កម្មករ កម្មការិនី នៃក្រុមហ៊ុនផលិតអំពូលភ្លើង ជាង ៨០០នាក់ បន្តធ្វើកូដកម្ម នៅពីមុខក្រុមហ៊ុន បៃហុង ខេមបូ (Bai Hong Cambo) នៅថ្ងៃទី១១ មករានេះ។ ពួកគេនាំគ្នាហែក្បួនទៅមុខសាលាខេត្តស្វាយរៀង ដើម្បីស្នើសុំអភិបាលខេត្ត ជួយអន្តរាគមន៍ទៅថៅកែជនជាតិចិនតៃវ៉ាន់ ឲ្យទទួលយកតំណាងពួកគេបីនាក់ វិលចូលធ្វើការវិញ។
តំណាងកម្មករម្នាក់ក្នុងចំណោម៣នាក់ ដែលត្រូវបានថៅកែក្រុមហ៊ុនបញ្ឈប់ពីការងារ លោកស្រី ម៉ោង សុភី ប្រាប់អាស៊ីសេរី ថា សំណើសំខាន់ចំនួន៣ចំណុច ដែលក្រុមកម្មករ ស្នើសុំអន្តរាគមន៍ពី អភិបាលខេត្តស្វាយរៀង គឺចង់ឲ្យភាគីក្រុមហ៊ុន ទទួលយកតំណាងពួកគេចូលធ្វើការវិញ គិតប្រាក់ខែនិងប្រាក់បន្ថែមលើម៉ោងធ្វើការឲ្យកម្មករ ឲ្យបានត្រឹមត្រូវ ហើយត្រូវគោរពសិទ្ធិការងារកម្មករទៅតាមច្បាប់ដែលមានចែង។
ក្រោយពីប្រមូលផ្ដុំគ្នាមុខសាលាខេត្តស្វាយរៀង អស់ពេលជាង១ម៉ោង អភិបាលរងខេត្ត លោក តូច ប៉ូលីវ៉ា និងប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក ហាស់ ប៊ុនធី ចេញមកទទួលលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីតំណាងកម្មករ ដែលមានផ្ដិតស្នាមមេដៃកម្មកររាប់រយនាក់៖ «គាត់ឲ្យខ្ញុំទៅកន្លែងតំបន់វិញ។ ថ្ងៃស្អែកម៉ោង៨ ជួបគ្នា នៅរោងចក្រហ្នឹងវិញ ហើយពួកគាត់ទៅដោះស្រាយឲ្យ។ ខ្ញុំថា ទៅដោះស្រាយយ៉ាងមិចលោកពូ បើលោកពូឯងឡើងទៅជាមួយខ្ញុំពីរដងហើយហ្នឹង។ ដោះស្រាយមិនបានផងហ្នឹង ហើយអ៊ីចឹងបានពួកខ្ញុំមិនសុខចិត្ត មកដល់កន្លែងខេត្តហ្នឹង។ ហើយនៅតែគាត់ដេញពួកខ្ញុំឲ្យទីកន្លែងហ្នឹងវិញ ដដែល។ ខ្ញុំអត់យល់អារម្មណ៍របស់គាត់ទេ»។
តំណាងកម្មករ រូបនេះ ប្រាប់ថា ពេលពួកគាត់នាំគ្នាឡើងមករកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត ពួកគាត់បែរជារងការគំរាមកំហែងពីប្រធានមន្ទីរការងារខេត្ត លោក ហាស់ ប៊ុនធី ព្រមានចាប់ដាក់គុក រឿងដឹកនាំកម្មករ តវ៉ាមុខសាលាខេត្ត ដែលធ្វើឲ្យកកស្ទះចរាចរណ៍។
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ ដែលតាមឃ្លាំមើលការទាមទាររបស់កម្មករ លោក សុខ ខេមរា លើកឡើងថា បញ្ហាដែលឈានដល់បញ្ឈប់កម្មករតំណាងកម្មករ ដោយសារតែភាគីក្រុមហ៊ុនមានអ្នកមានអំណាចនៅពីក្រោយ។ លោកបន្តថា រោងចក្រនេះ តែងបញ្ឈប់កម្មករពីការងារ នៅពេលពួកគេបន្តកិច្ចសន្យាការងារថ្មី ជាកម្មករពេញសិទ្ធិ៖ «ខ្ញុំគិតថារឿងហ្នឹងមានអ្នកកាងនៅពីក្រោយខ្នង។ មានអ្នកកាងដើម្បីកុំឲ្យ បង្កើតសហជីពបាននៅក្នុងរោងចក្រហ្នឹង ដើម្បីគាត់បាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន តាមដែលខ្ញុំតាមដានកន្លងមក។ ហើយឥឡូវបញ្ឈប់ថ្នាក់ដឹកនាំហើយ ក៏មានការបញ្ឈប់កម្មករដែរ ដើម្បីបំបាក់ស្មារតីកម្មករកុំឲ្យមានការទាមទារ ក៏ដូចជាកុំឲ្យកម្មករទាមទារលក្ខខណ្ឌការងារអ៊ីចឹងណា៎»។
ទាក់ទងនឹងការលើកឡើងនេះ អាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយបំភ្លឺ ពីប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក ហាស់ ប៊ុនធី បានទេ ដោយលោកបិទទូរស័ព្ទ។ ចំណែក អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុឃឿន អាស៊ីសេរី ក៏មិនអាចសុំការបកស្រាយបានដែរ ដោយហៅទូរស័ព្ទចូលជាច្រើន តែមិនលើកទូរស័ព្ទ។
កាលពីថ្ងៃទី៨ មករា តំណាងកម្មករ៣រូប មាន លោក ផុង មេសា លោកស្រី ម៉ោង សុភី និងលោកស្រី ជួប ភារុំ ត្រូវបានថៅកែក្រុមហ៊ុនផលិតអំពូលភ្លើង បៃហុង ខេមបូ (Bai Hong Cambo) បញ្ឈប់ពីការងារ ដោយមិនបញ្ជាក់ពីមូលហេតុពិតប្រាកដ។ ការបញ្ឈប់តំណាងកម្មករនេះ គឺក្រោយពេលដែលអ្នកទាំងបី រួមនឹងកម្មករ៩នាក់ទៀត នាំគ្នាទៅទីស្នាក់ការរបស់សហភាពចលនាកម្ពុជា ដើម្បីបង្កើតសហជីព ក្នុងរោងចក្របៃហុង ខេមបូ (Bai Hong Cambo) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង កាលពីថ្ងៃទី៥ មករា ឆ្នាំ២០១៩។ មុនពេលថៅកែរោងចក្របញ្ឈប់ពីការងារ តំណាងកម្មករ ប្រាប់ថា ពួកគាត់តែងចេញមុខការពារសិទ្ធិ និងទាមទារអត្ថប្រយោជន៍ការងារឲ្យកម្មករ ជាច្រើនដង។
ក្រុមកម្មករប្រកាន់ជំហរថា ពួកគេនឹងរង់ចាំមើលដំណោះស្រាយពីប្រធានមន្ទីរការងារខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ មករាថា តើអាជ្ញាធរ អាចបញ្ចប់បញ្ហាការងារ រវាងកម្មករ និងថៅកែរោងចក្រ បានឬយ៉ាងណា។ ក្រុមកម្មករ បញ្ជាក់ថា បើសិនជាគ្មានដំណោះស្រាយដូចតាមការទាមទារទេ នោះពួកគេនឹងបន្តធ្វើកូដកម្មមុខក្រុមហ៊ុន លុះត្រាតែភាគីក្រុមហ៊ុនទទួលតំណាងពួកគេចូលធ្វើការវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments