ក្រុមអ្នកជំនួញខ្មែរ ទិញក្លឹបបាល់ទាត់ប៉ូឡូញ ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមនេះឡើងវិញ មុននឹងលក់បន្ត។ សារព័ត៌មានរ៉យទ័រ (Reuters) និង ហ្វក់ស៍ ស្ពតអេស៊ា (Fox Sport Asia) បានដកស្រង់សម្ដីអភិបាលក្រុង ក្រាឃូហ្វ (Kraków) របស់ប្រទេសប៉ូឡូញ លោក យ៉ាកសឹក ម៉ាច់គ្រូស្គី (Jacek Majchrowski) ថាកិច្ចព្រមព្រៀងទិញក្រុមបាល់ទាត់នេះ បានចុះហត្ថលេខារួចហើយ កាលពីថ្ងៃទី២១ ខែធ្នូ។ ក្លឹបបាល់ទាត់នេះ គឺក្រុមវិនិយោគិនខ្មែរ ដឹកនាំដោយលោក លី វណ្ណា ជាអ្នកទិញ។
ក្លឹបបាល់ទាត់ឈ្មោះថា វីស្វា ក្រាឃូហ្វ (Wisła Kraków) ជាក្រុមបាល់ទាត់ចំណាស់ជាងគេមួយ នៅប្រទេសប៉ូឡូញ ដែលបង្កើតឡើងតាំងពីឆ្នាំ១៩០៦ ដែលធ្លាប់ឈ្នះពានរង្វាន់ប្រកួតបាល់ទាត់ ១៣ រួមទាំងការឈ្នះចុងក្រោយ នៅឆ្នាំ២០១១។ ប៉ុន្តែ ថ្មីៗនេះក្លឹបនេះ មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ រហូតជាប់បំពាក់បំណុលជិត ១១លានដុល្លារ (១០,៧ លានដុល្លារ)។
លោក លី វណ្ណា នឹងមានចំណែកភាគហ៊ុន ៦០ ភាគរយ ក្នុងក្លឹបនេះ។ ចំណែកឯ ៤០ភាគរយទៀត គឺជាចំណែកភាគហ៊ុនអង់គ្លេសជាដៃគូ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺ ពីលោក លី វណ្ណា បាននៅឡើយទេ កាលពីថ្ងៃទី ២៨ ខែធ្នូ។
ប៉ុន្តែ សារព័ត៌មាន ហ្វក់ស៍ ស្ពតអេស៊ា (Fox Sport Asia) បញ្ជាក់ថា លោក លី វណ្ណា ក៏មានភាគហ៊ុននៅក្លឹបបាល់ទាត់ ស្លាវៀ ប្រាហ្កា (Slavia Praga) របស់ប្រទេសឆេកូ (Czech) និងក្លឹបបាល់ទាត់ វិចតូរៀ ហ្គីម៉ារ៉ាអេស (Vitoria Guimaraes) របស់ប្រទេសព័រទុយហ្គាល់ (Portugal )៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments