កសិកររស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាមកំពុងព្រួយបារម្ភថា ដំណាំស្រូវរបស់ពួកគេរាប់សិបហិកតារនឹងប្រឈមការខូចខាតធ្ងន់ធ្ងរបើសិនគ្មានទឹកស្រោចស្រពគ្រប់គ្រាន់។ ពលរដ្ឋលើកឡើងថា តំបន់របស់ពួកគេរស់នៅមានប្រភពទឹកដើម្បីជួយសង្គ្រោះដំណាំស្រូវដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនបង្ហូរទឹកមកជួយស្រោចស្រពឲ្យទាន់ពេលវេលាទេ។ បញ្ហា នេះបានធ្វើឲ្យដំណាំស្រូវរបស់ពលរដ្ឋប្រឈមការខូចខាត។
កសិករលើកឡើងថា ដោយសារការយឺតយូរបស់អាជ្ញាធរថ្នាក់ក្រោម បណ្តាលឲ្យដំណាំស្រូវរបស់ពួកគាត់ រងការខូចខាតព្រោះគ្មានទឹកជួយសង្គ្រោះទាន់ពេល។
កសិករស្នើសុំទៅអាជ្ញធរមូលដ្ឋានមានសេចក្តីសម្រេច ក្នុងការបញ្ចូលទឹក ដើម្បីជួយពលរដ្ឋឲ្យដោយមិនចាំបាច់ត្រូវតែឆ្លងយោបល់ពីថ្នាក់លើគ្រប់រឿងពេកនោះទេ។
ពលរដ្ឋរស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាមម្នាក់ លោក ម៉ា ចិត្រា ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៥ ខែវិច្ឆិកាថា លោក និងពលរដ្ឋផ្សេងទៀត កំពុងព្រួយបារម្ភពីបញ្ហាកង្វះទឹកនៅទីនេះ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានមានលទ្ធភាពជួយសង្គ្រោះស្រូវរបស់ពលរដ្ឋទាន់ពេល ប៉ុន្តែពួកគាត់ មិនបានអើពើជួយសង្គ្រោះឡើយ៖ «»
ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម សុំមិនបញ្ចេញឈ្មោះដោយព្រួយបារម្ភពីសុវត្ថិភាពឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ អាកាសធាតុប្រែប្រួល និងគ្មានទឹក ប្រើប្រាស់គ្រប់គ្រាន់ ជាហេតុធ្វើឲ្យដំណាំស្រូវរបស់លោក និងពលរដ្ឋផ្សេងទៀត រាប់រយហិកតារត្រូវស្កកខូច។ លោកថា នៅពេលនេះក្រុមពលរដ្ឋបានបូមទឹកពីអណ្តូងយកទៅស្រោចស្រពដំណាំស្រូវរបស់ពួកគេ ប៉ុន្តែមិនអាចជួយបានគ្រប់គ្រាន់ឡើយ។ លោកស្នើសុំទៅអាជ្ញាធរជួយបូបមទឹក ឬបង្ហូរទឹកពីប្រភពទឹកដែលមានឈ្មោះថា ”ទឹកឆា”។ ពលរដ្ឋដដែលអះអាងថា ទឹកឆាជាប្រភពទឹកមួយដែលអាចជួយសង្គ្រោះស្រូវរបស់ពលរដ្ឋបាន៖ «»។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានទេ ចំពោះការលើកឡើងពីកង្វល់របស់ពលរដ្ឋក្នុងការខ្វះទឹកផ្គត់ផ្គង់ដំណាំបាននៅឡើយទេ នៅថ្ងៃទី១៥ ខែវិច្ឆិកា។
ក្រៅពីពលរដ្ឋខេត្តកំពង់ចាមជួបបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវ អ្នកជំនាញផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបានព្រមានថា ដំណាំស្រូវជាង ១០ខេត្ត នឹងប្រឈមការខូចខាតដោយសារគ្រោះរាំងស្ងួតក្នុងរយៈពេល ១០ថ្ងៃទៀត។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី និយាយថា ចុងរដូវវស្សានេះអាកាសធាតុចាប់ផ្ដើមប្រែប្រួលឡើងកម្តៅភ្លាមៗ ដែលធ្វើឲ្យមានការរីងហួតទឹកពីបឹងបួរយ៉ាងឆាប់រហ័សបង្កឲ្យផ្ទៃដីដាំដុះដំណាំស្រូវរបស់ប្រជាកសិករសរុបជិត ២ម៉ឺនហិកតារនៅក្នុងខេត្តចំនួន ១៣ប្រឈមនឹងបញ្ហាកង្វះទឹកស្រោចស្រព។ ក្នុងនោះខេត្តកំពង់ចាម រងផលប៉ះពាល់ច្រើនជាងគេ គឺខូចដំណាំស្រូវរហូតដល់ទៅទំហំ ៩ពាន់ហិកតារបន្ទាប់មកខេត្តបាត់ដំបង ត្បូងឃ្មុំ និងខេត្តកំពង់ធំ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន ដែលធ្វើការងារទាក់ទងវិស័យកសិកម្មផ្តល់អនុសាសន៍ដល់អ្នកពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈមការខូចខាតដំណាំដោយសារគ្រោះរាំងស្ងួត ដោយត្រូវធ្វើនយោបាយទឹក ឬប្រព័ន្ធធារាសាស្រ្ត និង ទម្លាក់ថវិកាមកមូលដ្ឋាន ដើម្បីជួយសង្គ្រោះកសិករ និងរៀបចំប្រព័ន្ធធារាសាស្រ្តនៅតាមមូលដ្ឋាន។ ជាងនេះទៅទៀត លោកស្នើសុំទៅរបបលោក ហ៊ុន សែន បញ្ឈប់ការចាក់ដីលុបបឹង ព្រែក ឬអូរធម្មជាតិរបស់ក្រុមឈ្មួញយកធ្វើជាកម្មសិទ្ធិឯកជន ដើម្បីធានាថា បឹង ព្រែក អូរ ឬ ស្រះធម្មជាតិទាំងនោះអាចផ្ទុកទឹកផ្គត់ផ្គង់សម្រាប់ស្រោចស្រពលើដំណាំកសិកម្មរបស់កសិករ៖ «»
លោក កែវ វី អះអាងថា ក្រសួងធនធានទឹកនិងមន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្តជួបបញ្ហាខ្វះខាតទឹកកំពុងបន្តជីកស្ដារប្រព័ន្ធស្រោចស្រព និងបូមទឹកពីអាងស្តុកទឹកធំៗ ដើម្បីនាំទឹកទៅជួយសង្គ្រោះដំណាំស្រូវដែលកំពុងជួបគ្រោះរាំងស្ងួតទាំងនោះ។
ទោះមន្រ្តីរបបក្រុងភ្នំពេញបង្ហាញដំណោះស្រាយបែបនេះក្តី ប៉ុន្តែសង្គមស៊ីវិលដែលធ្វើការងារវិស័យកសិកម្មរិះគន់របបនេះថា អាជ្ញាធរនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការគ្រោះមហន្តរាយនៅឡើយ។ សង្គមស៊ីវិលបន្ថែមទៀតថា នៅរដូវវស្សា គឺកសិករជួបបញ្ហាគ្រោះទឹកជំនន់ ហើយនៅរដូវប្រាំងកសិករត្រូវជួបបញ្ហាខ្វះទឹកស្រោចស្រពដំណាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments