អំពើពុករលួយ និង ការរើសអើងនៅក្នុងសាលាវិទ្យាល័យមេសាង នៅខេត្តព្រៃវែង ធ្វើឲ្យគ្រូវិទ្យាល័យម្នាក់ ត្រូវបង្ខំចិត្តប្រកាសស្វែងរកយុត្តិធម៌តាមប្រព័ន្ធផ្សព្ធផ្សាយ ព្រោះតែលោកអស់សង្ឃឹម ពីការមិនយកចិត្តដាក់របស់នាយកសាលា និង មន្រ្តីក្រសួងអប់រំ។
គ្រូង្រៀនមុខវិជ្ជារូបវិទ្យា លោក ម៉ៅ រស្មី ធ្លាប់ជាសិស្សពូកែលេខពីរផ្នែករូបវិទ្យា កាលពីឆ្នាំ ២០០៨ ឥឡូវលោកត្រូវបង្ខំចិត្ត ផ្លាស់ប្តូរសាលាបង្រៀន ពីវិទ្យាល័យមេសាង ដែលលោកធ្លាប់បង្រៀនសិស្សនៅទីនោះ បានជិត ១០ ឆ្នាំ (តុលា ២០០៨ ដល់ មេសា ២០១៧) ទៅវិទ្យាល័យអង្គរសវិញ ព្រោះស៊ូទ្រាំនឹងភាពអយុត្តិធម៌ និង ការរើសអើងលែងបានតទៅទៀត <<ខ្ញុំអស់ជម្រើស ខ្ញុំអត់ធ្មត់យូរហើយ! ខ្ញុំទៅភ្នំពេញ ទៅដោះស្រាយជិះម៉ូតូនាំប្រពន្ធកូនទៅ ចង់ទៅឲ្យគេឃើញថា ខ្ញុំពិបាក ខ្ញុំចង់បានកិត្តិយស ផ្តល់មុខមាត់ឲ្យយើង កុំឲ្យគេរើសអើង កុំឲ្យគេថាយើងខុសគេតែឯង។ យើងធ្វើត្រឹមត្រូវ តែបែរជាខុសគេ។ គេមិនអើពើខ្ញុំទេ ពួកគាត់មិនឲ្យតម្លៃយើង>>។
ការអស់ភាពអត់ធ្មត់នេះ កើតឡើងក្រោយពីលោក ម៉ៅ រស្មី រងការរើសអើងរាប់ឆ្នាំ ដោយសារតែលោកហ៊ានបកអាក្រាត អំពើពុករលួយ ដែលលោកអះអាងថា បានប្រព្រឹត្តឡើង ដោយនាយកសាលាវិទ្យាល័យមេសាងលោក ឡេង សាវុធ។
អំពើពុករលួយទាំងនោះ រួមមាន ទីមួយអំពីពុករលួយធ្ងន់ធ្ងរ ដោយលោក ឡេង សាវុធ យកលុយសិស្សថ្នាក់ទី ១២B និង ១២C ចំនួន ១១ នាក់ ម្នាក់ ៥០ ដុល្លារ ជាថ្នូរនឹងការផ្តល់ពិន្ទុរឲ្យសិស្ស ដែលមិនបានមករៀននៅម៉ោងរូបវិទ្យារបស់លោក។ លោក ម៉ៅ រស្មី បញ្ជាក់ថា ម៉ោងរូបវិទ្យានោះ សិស្សទាំង ១១ នាក់នោះ គឺសិស្សថ្នាក់ទី ១២B ចំនួន ៩នាក់ និង សិស្សថ្នាក់ទី ១២C ពីរនាក់ មិនបានប្រឡងទេ ព្រោះលោកមិនអនុញ្ញាតឲ្យប្រឡង ដោយសារតែពួកគាត់ មិនដែលមករៀនម៉ោងរូបវិទ្យានោះសោះ។ ប៉ុន្តែ បែរជាលោក ឡេង សាវុធ ផ្តល់ពិន្ទុទៅសិស្សទាំងនោះ ជំនួសលោកទៅវិញ ដោយសារតែបានលុយ ៥០ ដុល្លារម្នាក់ពីសិស្ស។
លោក ម៉ៅ រស្មី បន្តថា លោកតែងតែស្នើឲ្យលោកនាយកសាលាវិទ្យាល័យមេសាង ផ្តល់ព័ត៌មានទៅអាណាព្យាបាលសិស្ស អំពីការគេចសាលានេះដែរ ប៉ុន្តែលោកនាយកសាលាមិនធ្វើតាម។ ប្រការនេះ លោក ម៉ៅ រស្មី ចាត់ទុកថា ជាចេតនាចង់ឲ្យសិស្សមានបញ្ហា ដើម្បីស្រួលនាយកសាលាគាបយកលុយ <<រហូតដល់គ្រូបន្ទុកថ្នាក់ និង ខ្ញុំហ្នឹង មានគេដោះស្រាយមិនចេញ នៅហ្នឹង។ នៅក្នុងសាលាហ្នឹង គេហួសចិត្តគ្រប់គ្នា។ អ្នកឃើញអំពើអយុត្តិធម៌ ប៉ុន្តែ ធ្វើអ្វីមិនកើតទេ មានតែខ្លួនឯង>>។
លោក ឡេង សាវុធ ក៏រងការចោទប្រកាន់ អំពីអំពើពុករលួយមួយទៀត គឺការកិបកេងលុយ ដែលត្រូវចែកសិស្ស ពេលលោក ហ៊ុន សែន ចុះទៅស្រុកមេសាងកាលពីឆ្នាំ ២០១៣។ លោក ម៉ៅ រស្មី បញ្ជាក់ថា កាលណោះលោក ហ៊ុន សែន ចែកលុយសិស្សម្នាក់ ៥,០០០ រៀល។ ប៉ុន្តែ សិស្សជាច្រើន មិនបានទទួលលុយនោះទេ ដោយសារតែលោក ឡេង សាវុធ កិបកេងទុក។ សិស្សទាំងនោះ បានពឹងឲ្យលោក ម៉ៅ រស្មី ឲ្យទាក់ទងលោក ឡេង សាវុធ ដើម្បីបានប្រាក់នោះ។ ប៉ុន្តែ លោក ឡេង សាវុធ មិនព្រមឲ្យ។ មិនតែប៉ុណ្ណោះ លោក ម៉ៅ រស្មី អះអាងថា ដោយសារតែលោក លើករឿងកិបកេងលុយនេះ ទើបបង្កើតបានជាភ្លើងគំនុំគុំកួន និង រើសអើងលោកជាប់ជាប្រចាំ តាំងពីពេលនោះមក << អ៊ីចឹងគាត់គុំកួនខ្ញុំកាលពីឆ្នាំ ២០១៣ ហ្នឹង។ ដល់ឆ្នាំ ២០១៤ គេចេញកែពីរដង មិនឲ្យខ្ញុំចេញកែទេ។ ដល់ឆ្នាំ ២០១៦ មិនឲ្យខ្ញុំចេញកែម្តងទៀត។ ឆ្នាំ ២០១៧ ដោះស្រាយអីហើយ មិនឲ្យខ្ញុំចេញកែទៀត។ ទាំងអស់ត្រូវបីលើក>>។
ការណ៍ដែលនាយកសាលាមិនអនុញ្ញាត ឲ្យលោកចេញកែវិញ្ញាសារបាក់ឌុប រហូតដល់ទៅបីលើកបែបនេះ លោក ម៉ៅ រស្មី ប្រាប់ថា លោករងនូវអំពើអយុត្តិធម៌យ៉ាងខ្លាំង ដោយរងការរើសអើង និងបាត់បង់កិត្តិយសយ៉ាងដំណំផង។ ម្យ៉ាងទៀតលោក ត្រូវបានបាត់បង់ប្រាក់ ថ្លៃចេញកែវិញ្ញាសាទាំងបីលើក ដែលលោកសមទទួលបាននោះ ប្រមាណ ២,៥ លានរៀលថែមទៀតផង។ លោកចាត់ទុកទង្វើរបស់នាយកសាលាវិទ្យាល័យមេសាង ថាជាការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ទទួលសំណូក ពីគ្រូដទៃ ដែលអនុញ្ញាតឲ្យចេញកែវិញ្ញាសារប្រឡង ប៉ុន្តែមិនអនុញ្ញាតឲ្យលោកចេញកែ <<ហើយដល់តែអ៊ីចឹង រឿងដែលគាត់គុំកួនខ្ញុំ គឺ លោកនាយក គាត់គុំកួនខ្ញុំ ឃុបឃិតជាមួយមន្ទីរហ្នឹង ទាក់ទឹងនឹងការណ៍ដែលគាត់ស៊ីលុយសម្តេច ហ៊ុន សែន>>។
លោក ម៉ៅ រស្មី បានដាក់ពាក្យសុំអន្តរាគមន៍ចំនួនបីដង ពីក្រសួងអប់រំ កាលអំពីឆ្នាំ ២០១៦ ក្នុងរឿងនេះដែរ។ ក្រោយការដាក់ពាក្យជាប់ៗគ្នាច្រើនដង ក្រសួងអប់រំ តាមរយៈលិខិតឧទ្ទេសនាម ចុះថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៦ បានចាត់មន្រ្តីបួនរូប ដែលដឹកនាំដោយអគ្គាធិការ នៃអគ្គាធិការរដ្ឋានលោក ជ័យ សារិន ឲ្យចុះស្រាវជ្រាវ រឿងភាពមិនប្រក្រតីនេះ។ ខាងក្រសួងអះអាងថា រឿងមិនបានឲ្យលោក ម៉ៅ រស្មី ចេញកំណែវិញ្ញាសារកន្លងមក គឺមកពីកំហុសបច្ចេកទេស។ លោក ម៉ៅ រស្មី អះអាងថា លោក ជ័យ សារិន បានសន្យាថា នឹងចាត់ចែង លែងឲ្យមានបញ្ហាកំហុសបច្ចេកទេស កើតឡើងសារជាថ្មីទៀត។
ទោះជាយ៉ាងក្តី រឿងដដែលនេះ បន្តកើតមានឡើងទៀត នៅសម័យប្រឡងបាក់ឌុបឆ្នាំ ២០១៧ ដែលបង្ខំចិត្តឲ្យលោក ម៉ៅ រស្មី ដាក់លិខិតទៅនាយកខុទ្ទកាល័យក្រសួងអប់រំ លោក រស់ សាលីន កាលពីចុងខែ សីហា ឆ្នាំ ២០១៧។ ក្រសួងសន្យាដោះស្រាយ ប៉ុន្តែមួយឆ្នាំក្រោយមក នៅតែគ្មានដំណោះស្រាយដដែល។
អាស៊ីសេរី មិនអាចសុំការបំភ្លឺអ្វី ពីលោក ជ័យ សារិន បានទេ ដោយសារតែលោកអះអាងថា ទាល់តែអាស៊ីសេរី សុំអនុញ្ញាតពីថ្នាក់លើរបស់លោកសិន ទើបលោកអាចនិយាយបាន<<សុំការអនុញ្ញាតពីរដ្ឋមន្រ្តី បានខ្ញុំឆ្លើយបាន។ អ៊ីចឹងបានហើយ សុំចប់ត្រឹមណឹង!>>។
នៅដើមខែ សីហា ឆ្នាំ ២០១៨ លោក ម៉ៅ រស្មី ដាក់ពាក្យប្តឹងទៅរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ដោយប្តឹងនាយកសាលាវិទ្យាល័យមេសាងលោក ឡេង សាវុធ ពីបទឃុបឃិតគ្នា គុំកួនរូបលោក ដោយបិទមិនឲ្យលោកចេញជាគណៈកម្មការប្រឡង និង ប្តឹងរឿងអំពើពុករលួយ ករណីយកលុយសិស្សម្នាក់ ៥០ ដុល្លារ ជាថ្នូរនឹងការឲ្យពិន្ទុ ដល់សិស្សដែលអត់មករៀន។
លោក ឡេង សាវុធ ដែលជានាយកសាលាវិទ្យាល័យមេសាង ប្រាប់អាស៊ីសេរី ថារឿងរ៉ាវទាំងអស់នេះ ត្រូវបានដោះស្រាយរួចរាល់អស់ហើយ ដោយមានអន្តរាគមន៍ពីក្រសួង។ លោកថា ដោយសារតែលោក ម៉ៅ រស្មី ប្តូរសាលាបង្រៀននេះឯង ទើបមិនបានដឹងរឿងនេះ <<តាមពិតកិច្ចការហ្នឹង កិច្ចការបានដោះស្រាយគ្នារួចរាល់អស់ទៅហើយ។ គ្មានទេការពិតនោះ ប៉ុន្តែ គាត់នៅតែប្រកែប្រកាន់ទៅវិញទៅមក។ ក្រសួង និង មន្ទីរបានដោះស្រាយរួចហើយ។ ប៉ុន្តែ លោក ម៉ៅ រស្មី គាត់បានផ្ទេរទៅនៅអង្គរសវិញ។ ដូច្នេះ គាត់អត់បានដឹងរឿងកិច្ចការហ្នឹងអស់ទេ>>។
ទោះបីលោក ឡេង សាវុធ អះអាងថាលោក ម៉ៅ រស្មី មិនដឹងពីដំណោះស្រាយរបស់ក្រសួង ប៉ុន្តែលោក ម៉ៅ រស្មី អះអាងថា លោកបានដឹងច្បាស់ណាស់ ថាក្រសួងបានសន្យាខ្យល់ នឹងគ្មានដំណោះស្រាយអ្វីនោះទេ។ តាំងពីលោកដាក់ពាក្យបណ្តឹងចុងក្រោយនេះ រហូតមកដល់ពេលនេះ ស្ងាត់ឈឹង គ្មានដំណឹងអ្វីទាំងអស់ ទើបលោកសម្រេចពឹងប្រព័ន្ធផ្សព្វផ្សាយ ឲ្យជួយ។
ប៉ុន្តែ ការទាល់តម្រិះ រហូតពឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជួយផ្សព្វផ្សាយនេះ ត្រូវបានមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា ថាជាការមិនត្រឹមត្រូវ។ មន្រ្តីនាំពាក្យក្រសួងអប់រំលោក ឌី ខាំបូលី ខកចិត្តដែលលោក ម៉ៅ រស្មី ជ្រើសរើសយកវិធី ដោះស្រាយបញ្ហាតាមរបៀបនេះ។ ទោះបីលោកមិនបានដឹងរឿងនេះ ស៊ីជម្រៅនៅឡើយក្តី លោក ឌី ខាំបូលី អះអាងថា ក្រសួងយកចិត្តទុកដាក់ខ្លាំង លើបញ្ហាកង្វល់របស់គ្រូបង្រៀន <<តាមពិតត្រូវសមត្ថកិច្ចរបស់ក្រសួង ក្នុងការដោះស្រាយបញ្ហានេះ។ រឿងគ្រប់យ៉ាងទាំងអស់ ក្រសួងយកចិត្តទុកដាក់ណាស់កន្លងមក។ អ្វីដែលជាកង្វល់របស់ក្រសួង អ្វីដែលជាកង្វល់របស់សិស្សានុសិស្ស ក៏ជាកង្វល់របស់ក្រសួងដែរ>>។
អំពើពុករលួយក្នុងវិស័យអប់រំ ការប្រកាន់បក្សពួក និង ការរើសអើងនិន្នាការនយោបាយ នៅតែជាបញ្ហាប្រឈម ដ៏ធំមួយក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ បញ្ហានេះ ធ្វើឲ្យការលុបបំបាត់អំពើពុករលួយ និង វប្បធម៌និណ្ឌភាព មានភាពលំបាកខ្លាំង។ ទោះជាយ៉ាងនេះក្តី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី លើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូ ដែលដឹងបញ្ហាអំពើពុករលួយ និង មើលឃើញអំពីភាពមិនប្រក្រតីទាំងឡាយ ក្នុងវិស័យអប់រំនេះ ហ៊ានចេញមុខតវ៉ា ដូចលោក ម៉ៅ រស្មី ដោយត្រូវនាំគ្នាផ្លាស់ប្តូរការភ័យខ្លាចនេះចេញ។ អ្នកស្រីក៏លើកចិត្ត ឲ្យលោកគ្រូអ្នកគ្រូទាំងនោះ ប្តឹងទៅស្ថាប័នពាក់ព័ន្ធ រួមទាំងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផង ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវបង្អង់យូរនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments