អ្នកទោសមនសិការ លោក មាជ សុវណ្ណារ៉ា បានប្រកាសប្ដេជ្ញាចិត្តភ្លាមៗ ក្រោយពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោស ថា លោកនឹងនៅតែធ្វើការជាមួយគណបក្សសង្គ្រោះជាតិដដែល ទោះបីជាលោកត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារម្តងជាពីរដងកន្លងមកក្ដី។ លោកអះអាងថា នៅក្នុងឆាកជីវិតរបស់លោក បានឆ្លងកាត់ការតស៊ូលំបាកជាច្រើន ក្នុងនាមជាកូនកំព្រាឪពុករស់នៅជាមួយម្ដាយចាស់ជរា តាំងពីកុមារភាពមក។ នៅក្នុងកំឡុងពេលលោក បានចូលរួមជាមួយបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា តែងតែលេចមុខនៅកន្លែងបាតុកម្មផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ ទោះបីជាលោក មិនបានជាប់ឆ្នោតជាតំណាងរាស្ត្រនៅមណ្ឌលខែត្របន្ទាយមានជ័យក្ដី។ តើលោក មាជ សុវណ្ណារ៉ា មានប្រវត្តិតស៊ូដូចម្ដេចខ្លះ នៅមុនពេលលោកចូលប្រឡូកក្នុងឆាកនយោបាយនោះ? លោក មាជ សុវណ្ណារ៉ា គឺជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំនៅខែត្របន្ទាយមានជ័យ កាលពីអាណត្តិទី៥កន្លងទៅ។ លោកត្រូវបានគេស្គាល់ថា ជាអ្នករិះគន់ របបលោក ហ៊ុន សែន ឥតសំចៃមាត់នៅមុនពេលតុលាការចាប់ខ្លួន។ អ្វីដែលជាការកត់សម្គាល់ នៅក្រោយពីចេញពីពន្ធនាការវិញនេះ លោក មាជ សុវណ្ណារ៉ា បានប្រកាសក្ដែងៗថា លោកនឹងមិនរុញរាក្នុងការបន្តធ្វើនយោបាយរួមរស់ជាមួយគណបក្សប្រឆាំងឡើយ ទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយក្ដី។ លោកបញ្ជាក់ថា នៅក្នុងជីវិតជាអ្នកទោសនយោបាយ មានជីវិតជូរចត់ និងទទួលបានបទពិសោធន៍ជាច្រើនអំពីស្ថានភាពនៅក្នុងមន្ទីរឃុំឃាំង ដែលក្នុងនោះគ្មានសិទ្ធិសេរីភាព រាប់ទាំងសិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិដើរលំហែកាយក្នុងបរិវេណពន្ធនាគារជាដើម។ «» លោក មាជ សុវណ្ណារ៉ា ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ក្នុងចំណោមសកម្មជនបក្សប្រឆាំង១៣នាក់ផ្សងទៀត កាលពីយប់ម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ សីហា។ ការដោះលែងនេះ ត្រូវបានគេមើលឃើញថា លោក ហ៊ុន សែន ចង់ឲ្យរបបថ្មីរបស់លោកមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ពិសេសប្រទេសលោកខាងលិចផង និងដើម្បីចៀសផុតពីការដាក់ទណ្ឌកម្មពីប្រទេសទាំងនោះផង ព្រោះថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារដ៏សំខាន់របស់កម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ ហើយដាក់ទណ្ឌកម្ម និងគំរាមដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរបបលោក ហ៊ុន សែន ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិ ការបោះឆ្នោតគ្មានបក្សប្រឆាំង និងការចាប់ចងមនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត។ ចំពោះសហភាពអឺរ៉ុប បានគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA, Everything But Arms) ពីកម្ពុជា ប្រសិនបើរាល់កិច្ចប្រឹងប្រែងដទៃទៀតរបស់សហភាពអឺរ៉ុប ក្នុងការជំរុញឲ្យរបបលោក ហ៊ុន សែន ស្តារស្ថានការណ៍នយោបាយនៅកម្ពុជាឡើងវិញ នៅតែទទួលបរាជ័យ។ លោក មាជ សុវណ្ណារ៉ា អតីតជាអ្នកសារព័ត៌មាន និងជាចាងហ្វាងកាសែត និងវិទ្យុខ្មែរប៉ុស្តិ៍។ មកដល់ឆ្នាំ២០១៣ លោកបានប្រលូកក្នុងឆាកនយោបាយ ជាមួយគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដើម្បីចូលរួមការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ ដែលលោកឈរ ជាបក្ខជនតំណាងរាស្ត្រពេញសិទ្ធិ ប្រចាំនៅមណ្ឌលខែត្របន្ទាយមានជ័យ ប៉ុន្តែលោកមិនបានជាប់ជាតំណាងរាស្ត្រទេ។ នៅខណៈជាប់គាំងនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ លោកបានចូលរួមបាតុកម្មយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំដទៃនៃគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ កាលណោះ ដូចគ្នានឹងមេដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀតដែរ លោក មាជ សុវណ្ណារ៉ា បានហៅលទ្ធផលបោះឆ្នោតពេលនោះថា កើតចេញពីលួចបន្លំ ហើយប្រកាសមិនទទួលស្គាល់។ «» ក្រោយពេល លោក មាជ សុវណ្ណារ៉ា បានប្រឡូកក្នុងឆាកនយោបាយជាមួយបក្សប្រឆាំងនេះ សេរីភាពរបស់លោក មិនទៀងទាត់នោះឡើយ។ លោក បានរស់នៅក្នុងពន្ធនាគារស្ទើរជិត៥ឆ្នាំក្នុងអាណត្តិទី៥កន្លងទៅ ដោយសារតែហេតុផលនយោបាយនេះ។ លោក មាជ សុវណ្ណារ៉ា ត្រូវបានរបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារចំនួនពីរលើក។ លើកទី១ គឺតុលាការចាប់ខ្លួនលោក កាលពីថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៤ ដោយចោទប្រកាន់ពីបទពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ក្រោយពេលលោក និងតំណាងរាស្ត្រដទៃទៀតបាននាំគ្នាទៅរំដោះទីលានប្រជាធិបតេយ្យ ដែលហ៊ុំព័ន្ធដោយបន្លាលួសពីសមត្ថកិច្ចរបស់លោក ហ៊ុន សែន។ មកដល់ថ្ងៃទី១៣ មេសា ឆ្នាំ២០១៤ ដដែល តុលាការបានដោះលែងលោកឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ ក្រោយពីបានជាប់ពន្ធនាគារចំនួនជាង ៥ខែ។ ក៏ប៉ុន្តែនៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៥ តុលាការបានចាប់ខ្លួនដាក់ពន្ធនាគារឡើងវិញ ពីបទចោទដដែល ហើយបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។ ប៉ុន្តែត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងចេញពីពន្ធនាគារនៅថ្ងៃទី២៨ សីហា ឆ្នាំ២០១៨នេះ។ នៅក្នុងកំឡុងពេល លោក មាជ សុវណ្ណរា ជាប់ពន្ធនាគារជាលើកទីពីរលោក ហ៊ុន សែន ខឹងសម្បានឹងលោក មាជ សុវណ្ណារ៉ា យ៉ាងខ្លាំង ដោយចោទថា លោក មាជ សុវណ្ណារ៉ា លួចប្រើទូរស័ព្ទចេញពីពន្ធនាគារ។ កាលពីថ្ងៃទី២៧ មីនា លោក ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីរបស់លោក ទៅឆែកបន្ទប់លោក មាជ សុវណ្ណារ៉ា និងព្រមានថាមិនដោះលែងទៀតផង។ «» ក្រោយពីលោក ហ៊ុន សែន ព្រមាននេះ លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារ រឹតបន្តឹង យ៉ាងខ្លាំងដូចជាបំពាក់កាមេរ៉ាសុវត្ថិភាព ក្នុងបន្ទប់ និងចូលឆែកឆេរព្រមទាំងដកហូតលុយរបស់លោក អ៊ុំ សំអាន ទៀតផង ប៉ុន្តែក្រោយមកបានប្រគល់អោយលោក អ៊ំ សំអាន វិញ។ លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ក្រោយពី លោក ហ៊ុន សែន បានប្រកាសឲ្យគេទៅឆែកមើលក្នុងបន្ទប់លោកនោះ គេបានផ្លាស់ប្ដូរពួកលោកឲ្យទៅរស់នៅក្នុងបន្ទប់ឃុំឃាំងដ៏ចង្អៀត គ្មានកង្ហារ ពិបាករស់នៅរហូតដល់ថ្ងៃដោះលែង។ «» លោក មាជ សុវណ្ណារ៉ា មានអាយុ ៥០ឆ្នាំ មានស្រុកកំណើតនៅខែត្របន្ទាយមានជ័យ។ នៅក្នុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ លោក បានភៀសខ្លួនទៅរស់នៅក្នុងជំរុំជនភៀសខ្លួននៅតាមព្រំដែនកម្ពុជា-ថៃ ជាមួយម្ដាយចាស់ជរា។ លោកជាកូនទោល គ្មានបងប្អូនទេ។ ចាប់តាំងពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៤ លោកធ្លាប់ជាគ្រូបង្រៀនភាសាខ្មែរ ធ្លាប់ជាជំនួយការអគ្គនាយកដ្ឋានមជ្ឈមណ្ឌលដោះមីនកម្ពុជា (CMAC) នៅខែត្របន្ទាយមានជ័យ ទទួលបន្ទុកផ្នែកព័ត៌មាន និងធ្លាប់ធ្វើជាអ្នកសារព័ត៌មាន ជាដើម។ ក្រោយមកលោក និងក្រុមគ្រួសារបានមករស់នៅសហរដ្ឋអាមេរិក ដែលមកទល់ពេលនេះ លោកមានសញ្ជាតិអាមេរិកនិងមានកូនបីនាក់។ ការជាប់ពន្ធនាគារចំនួនពីរលើករបស់លោក មាជ សុវណ្ណារ៉ា នេះ លោកទទួលបានបទពិសោធន៍ និងអនុស្សាវរីយ៍ទាំងល្អផងទាំងអាក្រក់ផង។ លោកបញ្ជាក់ថា អនុស្សាវរីយ៍អាក្រក់ គឺលោកត្រូវបានបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង កុំថាឡើយគេអនុញ្ញាតឲ្យទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារ សូម្បីតែក្នុងបរិវេណពន្ធនាគារគេមិនអនុញាតឲ្យដើរចេញពីបន្ទប់ទៀតផង។ ក្រៅពីនេះទៀតលោក បានដឹងរឿងជាច្រើនទាក់ទងនឹងអំពើរំលោភសិទ្ធិមនុស្ស ហើយបានស្គាល់មនុស្សជាច្រើនប្រភេទ ឬអ្នកទោសមកពីប្រភពផ្សេងៗគ្នា ដែលអ្នកខ្លះមានទោសដោយអយុត្តិធម៌ដូចជារូបលោក និងសកម្មជនបក្សប្រឆាំងដទៃទៀតដែរ ព្រមទាំងអ្នកដទៃទៀតមានទោសឧក្រិដ្ឋជាដើម។ ចំពោះអនុស្សាវរីយ៍ល្អវិញ ដោយសារតែលោកនៅក្នុងមន្ទីរឃុំឃាំងមិនអាចដើរទៅណារួច លោកបានអានសៀវភៅ និងសរសេរសៀវភៅ អំពីអ្នកទោសនយោបាយ និងមនុស្សមួយចំនួនទៀត ជាប់ទោសដោយភាពអយុត្តិធម៌។ លោកអះអាងថា លោកបានអានសៀវភៅជាច្រើននៅក្នុងពន្ធនាគារ ហើយក៏គ្រោងនឹងបោះពុម្ពសៀវភៅអំពីជីវិតអ្នកទោសនយោបាយនៅពេលខាងមុខ។ លោក មាជ សុវណ្ណារ៉ា នឹងមកជួបជុំក្រុមគ្រួសារនៅសហរដ្ឋអាមេរិកវិញ ក្នុងពេលឆាប់ៗនេះ នៅក្រោយពេលលោកទៅសួរសុខទុក្ខម្ដាយចាស់ជរារបស់លោក នៅខែត្របន្ទាយមានជ័យ។ ក្រោយពីលោកបានទៅជួបជុំក្រុមគ្រួសារ លោកនឹងវិលត្រលប់ទៅធ្វើនយោបាយនៅកម្ពុជាវិញ ក្នុងក្តីរំពឹងថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ នៅក្នុងពេលណាមួយមិនខាន ព្រោះថា លោក ហ៊ុន សែន នឹងមិនអាចដឹកនាំប្រទេសដោយឯកបក្សបានឡើយ ដោយសារថាកម្ពុជាមានចំណងធំធេង ក្នុងការអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងចំណងផ្សេងៗទៀត៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
Home
Latest
ព័ត៌មានថ្មីៗ
RFA | ប្រវត្តិលោក មាជ សុវណ្ណារ៉ា មុនជាប់ពន្ធនាគារ និងចូលរួមធ្វើនយោបាយជាមួយបក្សប្រឆាំង | hot news
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments