គណបក្សនយោបាយខ្លះ នៅមិនទាន់បានចេញធ្វើយុទ្ធនាការឃោសនាហែបក្សទ្រង់ទ្រាយធំនៅឡើយទេ ដោយសារខ្វះខាតថវិកាហែបក្ស។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា គិតត្រឹមថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សជាង១០ បានហែក្បួនឃោសនាទ្រង់ទ្រាយធំ។
ក្នុងចំណោមគណបក្សទាំង២០ មានគណបក្សខ្លះ នៅមិនទាន់បានចេញឃោសនាហែបក្សទ្រង់ទ្រាយធំ ឬប្រកាសថានឹងមិនធ្វើការហែបក្សឃោសនាទ្រង់ទ្រាយធំទេ ដោយសារកត្តាផ្សេងៗ ពិសេសគឺខ្វះខាតថវិកា ក្នុងការឃោសនា។
អគ្គលេខាធិការគណបក្សពន្លឺខ្មែរ លោក ឈឹម ច័ន្ទរិទ្ធី ឲ្យដឹងថា គណបក្សនេះ ឈរឈ្មោះ១៣មណ្ឌល ប៉ុន្តែគ្មានលទ្ធភាពចេញឃោសនាទ្រង់ទ្រាយធំទាំង១៣មណ្ឌលទេ ដោយសារខ្វះខាតលទ្ធភាពផ្នែកហិរញ្ញវត្ថុ។ «»
ឯគណបក្សខ្មែរសាធារណរដ្ឋ របស់កូនប្រុសលោកសេនាប្រមុខ លន់ នល់ គឺ លោក លន់ រិទ្ធិ វិញ បានដាក់បេក្ខភាពឈរឈ្មោះចំនួន១០មណ្ឌល។ អគ្គលេខាធិការរងគណបក្សនេះ គឺ លោក ញ៉ែម អេន ប្រាប់អាស៊ីសេរីថា គិតត្រឹមថ្ងៃទី៣ នៃយុទ្ធនាការឃោសនាហែបក្ស លោក មិនទាន់បានដឹងថា គណបក្សខ្មែរសាធារណរដ្ឋ មានគម្រោងហែបក្ស ឬ អត់ទេ ដោយចាំមើលការសម្រេចរបស់ លោក លន់ រិទ្ធិ ជាប្រធានបក្សសិន។ តែយ៉ាងណា លោក ញ៉ែម អេន ឲ្យដឹងថា ប្រហែលជាមិនមានការហែបក្សទ្រង់ទ្រាយធំសម្រាប់គណបក្សខ្មែរសាធារណរដ្ឋទេ ដោយសារខ្សត់ខ្សោយផ្នែកធនធាន ដោយលោកជ្រើសយកជម្រើសឃោសនាតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនវិញ។ «»
គណបក្សមិនសូវល្បីឈ្មោះមួយទៀត គឺគណបក្សខ្មែរឈប់ក្រ នៅអាណត្តិនេះ បានដាក់បេក្ខភាពឈរឈ្មោះ ចំនួន២៥មណ្ឌលនៅទូទាំងប្រទេស។ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ គឺ លោក ស៊ិន វណ្ណារិទ្ធិ បញ្ជាក់ថា គណបក្សនេះ ជ្រើសយកវិធីចុះចែកខិត្តប័ណ្ណតាមរោងចក្រ និងផ្សារ ជំនួសឲ្យការហែបក្សទ្រង់ទ្រាយធំ ព្រោះគណបក្សខ្មែរឈប់ក្រ ខ្វះខាតថវិកាចំណាយលើការហែបក្ស ខ្លាចស្ទះចរាចរណ៍ប៉ះពាល់ដល់អ្នកធ្វើដំណើរ និងដើម្បីកុំឲ្យគេចោទថា គណបក្សខ្មែរឈប់ក្រហែក្បួនចង់បំបាក់គណបក្សផ្សេងទៀត។ «»
ដំណើរការបោះឆ្នោតប្រកបដោយភាពចម្រូងចម្រាសនៅអាណត្តិទី៦នេះ មានគណបក្សចំនួន ២០បានចូលរួមប្រកួតប្រជែង ដោយអវត្តមានគណបក្សប្រឆាំងដោយសាររបបក្រុងភ្នំពេញ ហាមឃាត់មិនអនុញ្ញាតឲ្យចូលរួម។ ក្រៅពីនេះ មានគណបក្សចំនួន៥ បានប្រកាសពហិការមិនចូលរួមការបោះឆ្នោត។
តាមគ.ជ.ប មានគណបក្សនយោបាយចំនួន១១ ក្នុងចំណោមគណបក្សចំនួន ២០ បានចាប់ផ្ដើមយុទ្ធនាការរកសំឡេងឆ្នោតតាំងពីថ្ងៃដំបូងមក។ គណបក្សទាំងនោះ មានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសញ្ជាតិកម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា និងគណបក្សធម្មាធិបតេយ្យ។ ក្នុងចំណោមគណបក្សទាំង១១នោះ គណបក្សកាន់អំណាចបានហែក្បួនឃោសនាទ្រង់ទ្រាយធំជាងគេទូទាំងប្រទេស និងបានប្រើប្រាស់ធនធានរបស់រដ្ឋ ដូចជារថយន្តជាដើម មកបិទស្លាកគណបក្សប្រជាជនកម្ពុជា បម្រើឲ្យការឃោសនាបោះឆ្នោត។ ការឃោសនាហែបក្សទ្រង់ទ្រាយធំរបស់គណបក្សកាន់អំណាចទៀតសោត ត្រូវពលរដ្ឋអ្នកលេងហ្វេសប៊ុកអះអាងថា មិនសូវមានការគាំទ្រពីពលរដ្ឋរស់នៅ ឬរកស៊ី នៅតាមដងផ្លូវហែក្បួនទេ ខណៈអ្នកដែលចូលរួមជាច្រើន ឲ្យដឹងថា ពួកគាត់ត្រូវបានអាជ្ញាធរប្រធានស្ថាប័នរដ្ឋ បង្ខំឲ្យទៅហែបក្សកាន់អំណាច ឬស៊ីឈ្នួលហែបក្សជាថ្នូរនឹងថវិកា ២ម៉ឺនរៀល ឬ៣ម៉ឺនរៀល ជាដើម។ «»
ដោយឡែកសម្រាប់គណបក្សរាជានិយម ដែលធ្លាប់ទទួលបានសំឡេងគាំទ្រពីពលរដ្ឋ ហើយត្រូវបានបំបែកជាពីរគណបក្ស គឺគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ និង គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ សុទ្ធតែបានចេញឃោសនាទ្រង់ទ្រាយធំដូចគ្នា នៅភ្នំពេញ កាលពីថ្ងៃដំបូងនៃយុទ្ធនាការឃោសនា គឺគណបក្សហ៊្វុនស៊ិនប៉ិចដឹកនាំហែបក្ស ដោយអនុប្រធាន គឺលោក យូ ហុកគ្រី។ លោកអះអាងថា មានអ្នកចូលរួមប្រហែល២ពាន់នាក់ និង គណបក្សខ្មែររូបរួមជាតិ ដឹកនាំការហែក្បួនឃោសនា ដោយប្រធានបក្សទើបចេញពីពន្ធនាគារ គឺ លោក ញឹក ប៊ុនឆៃ អះអាងមានអ្នកចូលរួមប្រហែល ៦០០នាក់។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់ក្រុមបណ្ឌិត ជាអតីតប្រធានអង្គការក្រៅរដ្ឋាភិបាល បានសម្រេចជ្រើសយកការហែបក្សស្វែងរកសំឡេងគាំទ្រចេញពីបណ្ដាខេត្តវិញ ខុសពីគណបក្សនានា។
គណបក្សអំណាចខ្មែរ ជាគណបក្សមួយក្នុងចំណោមគណបក្ស៥ ពហិការការបោះឆ្នោតឆ្នាំ២០១៨នេះ ដោយសារយល់ថា ការបោះឆ្នោតលើកនេះមិនត្រឹមត្រូវ។ លោកឲ្យដឹងថា គណបក្សនេះ នៅតែធ្វើសកម្មភាពចុះជួបអ្នកគាំទ្រធម្មតា ក្នុងរដូវការឃោសនាហែបក្ស។ អ្នកនាំពាក្យគណបក្សអំណាចខ្មែរ លោក យិន ឈឿន ឲ្យដឹងថា ក្នុងពេលចុះជួបអ្នកគាំទ្រ នៃយុទ្ធនាការឃោសនាហែបក្ស អ្នកគាំទ្រ គណបក្សអំណាចខ្មែរ នៅតែគាំទ្រជំហររបស់បក្ស ដែលមិនចូលរួមប្រថាប់ត្រាឲ្យការបោះឆ្នោតក្លែងក្លាយ ដែលរៀបចំដោយរបបក្រុងភ្នំពេញ។ «»
រីឯគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរបបក្រុងភ្នំពេញរំលាយចោលវិញ សមាជិក និងអ្នកគាំទ្រខ្លះ បាននាំគ្នាធ្វើយុទ្ធនាការម្រាមដៃស្អាត តាមបណ្ដាញសង្គមហ្វេសប៊ុក ខណៈស្ថាបនិកបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាសឲ្យចែកចាយខិត្តប័ណ្ណកុំទៅបោះឆ្នោត តាមហ្វេសប៊ុក។ ចំណែកឯ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្ដាំពីពន្ធនាគារត្រពាំងផ្លុង ឲ្យសមាជិកបក្ស អ្នកគាំទ្រអត់ធ្មត់ ទុកលទ្ធភាពឲ្យសហគមន៍អន្តរជាតិ ធ្វើការលើទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់របបក្រុងភ្នំពេញ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ លោក គង់ ម៉ាស់ សរសេរនៅលើហ្វេសប៊ុកថា មិនចាំបាច់ចំណាយលុយ ចំណាយសាំង ចំណាយកម្លាំង មិនហុយដី មិនត្រូវកម្តៅថ្ងៃ ក្នុងការឃោសនាអីទេ ដេកផ្ទះក៏ឈ្នះដែរ។
ឯពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងពលករធ្វើការក្រៅប្រទេសមួយចំនួន ក៏បានចូលរួមអំពាវនាវកុំឲ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតដែរ ខណៈមន្ត្រីទូត នៃរបបលោក ហ៊ុន សែន ដូចជា ឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ អះអាងថា នឹងជិះយន្តហោះ មកស្រុកខ្មែរដើម្បីចូលរួមការបោះឆ្នោត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថា រយៈពេល៣ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត គ.ជ.ប មិនទាន់ទទួលបានដំណឹងពីភាពមិនប្រក្រតីណាមួយ ពីការហែក្បួនឃោសនាទេ។ អ្នកនាំពាក្យគ.ជ.បរូបនេះ វាយតម្លៃថា ការឃោសនាបោះឆ្នោតលើកនេះ ជាការឃោសនាមានសណ្ដាប់ធ្នាប់ល្អ។ ជុំវិញភាពខ្វះខាតថវិកា ក្នុងការឃោសនាហែក្បួនរបស់គណបក្សនយោបាយមួយចំនួន គ.ជ.ប ថា នឹងមិនមានលទ្ធភាពបន្ថែមណាមួយសម្រាប់ជួយជំរុញទេ ដោយសារច្បាប់តម្រូវឲ្យគ.ជ.ប អនុញ្ញាតឲ្យធ្វើយុទ្ធនាការឃោសនា ២១ថ្ងៃ ប៉ុណ្ណោះ។ «»
បើទោះជាគណបក្សនយោបាយខ្លះ អះអាងថា គ្មានថវិកាហែក្បួនទ្រង់ទ្រាយធំឃោសនាពីគោលនយោបាយ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្ដី តំណាងគណបក្សទាំងនោះ សុទ្ធតែសង្ឃឹមថា ពួកគេ អាចនឹងឈ្នះបានអាសនៈក្នុងរដ្ឋសភា និងអាចឈ្នះតំណែងនាយករដ្ឋមន្ត្រី របស់លោក ហ៊ុន សែន ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments