ពលរដ្ឋខ្មែរជាច្រើននាក់កាលពីថ្ងៃសៅរ៍ ទី១៦ ខែមិថុនា បាននាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានអចិន្ត្រៃយ៍របស់ជប៉ុនមកកាន់អង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក (New York) ទាមទារឲ្យ រដ្ឋាភិបាលជប៉ុនបញ្ឈប់ការគាំទ្ររបស់ខ្លួនដល់ដំណើរការបោះឆ្នោត នៅកម្ពុជា ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាការបោះឆ្នោតបែបក្លែងក្លាយ និងបោកប្រាស់នោះ។
ពីប្រទេសជប៉ុនឯណោះវិញ ពលរដ្ឋខ្មែរកំពុងនាំគ្នាត្រៀមធ្វើបាតុកម្ម ក្នុងបុព្វហេតុដូចគ្នានេះដែរ។ អ្នកសម្របសំរួលដល់ការដឹកនាំធ្វើបាតុកម្ម ក្នុងប្រទេសជប៉ុន លោក ហៃ វណ្ណា បានប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៦ ខែមិថុនាថា ពលរដ្ឋខ្មែរ រាប់រយអ្នកបានមកដល់ ទីក្រុងតូក្យូ (Tokyo)ហើយ ដើម្បីត្រៀមធ្វើបាតុកម្ម នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែមិថុនា ក្នុងសួនហ៊ីប៊ីយ៉ា កណ្ដាលទីក្រុងតូក្យូ ក្បែរក្រសួងការបរទេសជប៉ុន។ គោលបំណងនៃការធ្វើបាតុកម្មនេះគឺទាមទារឲ្យជប៉ុនបញ្ឈប់ការផ្ដល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា។ កុំទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ កុំទទួលស្គាល់លទ្ធផលពីការបោះឆ្នោតនេះ និងទាមទារឲ្យជប៉ុនបិទទិដ្ឋាការដល់មន្ត្រីពុករលួយរបស់កម្ពុជា និងមន្ត្រី រំលោភសិទ្ធិមនុស្សរបស់កម្ពុជាកុំឲ្យចូលក្នុងប្រទេសជប៉ុន។
ចំណែក សហគមន៍ខ្មែរនៅអូស្ត្រាលីនឹងរួមគ្នាធ្វើបាតុកម្មតាមបណ្ដារដ្ឋដែលពួកគេរស់នៅក្នុងថ្ងៃ តែមួយ។ គោលបំណងធំៗនៃការធ្វើ បាតុកម្មនេះគឺទាមទារឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងទាមទារឲ្យមានគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ប៉ុន្តែបើគ្មានគណបក្សសង្គ្រោះជាតិចូលរួមទេ គឺអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត។
ស្ដាប់សេចក្ដីរាយការណ៍លម្អិតដោយស្ដាប់សំឡេងដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments