ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR ជំរុញឲ្យរបបលោក ហ៊ុន សែន យកគំរូតាមប្រទេសម៉ាឡេស៊ី ដោយបញ្ឈប់ទាំងស្រុង នូវរាល់ទង្វើធ្វើទុក្ខបុកម្នេញនានា មកលើក្រុមអ្នកនយោបាយគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ផ្សាយថ្ងៃទី១៦ ឧសភា សមាជិកសភាហ្វីលីពីន លោក ថិតឌី បាហ្គីឡា (Teddy Baguilat) សង្ឃឹមថា របបលោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានជាប់ពន្ធនាគារមុនអង្គសេចក្តី តាំងពីដើមខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ។
ភ្លាមៗក្រោយពេលគណបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ី បានឈ្នះការបោះឆ្នោតចុងក្រោយនេះ របបដឹកនាំប្រទេសនេះ បានដោះលែងអតីតមេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសនេះ គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។ សមាជិកសភាប្រទេសហ្វីលីពីនដដែលនេះ បញ្ជាក់ថា ដូចអតីតមេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ី គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែរ លោក កឹម សុខា បានក្លាយជាគោលដៅនៃបទចោទប្រកាន់ដែលត្រូវបានប្រឌិតឡើង ដោយរបបលោក ហ៊ុន សែន ក្នុងគោលដៅដើម្បីរម្លាយអាជីពនយោបាយរបស់លោក។
លោក ថិតឌី បាហ្គីឡា ពន្យល់ថា ការដោះលែងលោក អាន់វ៉ា នេះ គឺជាសាររំឭកដល់បណ្ដារដ្ឋាភិបាលទាំងអស់ក្នុងតំបន់អាស៊ាន ឲ្យធ្វើការពង្រឹង និងលើកកម្ពស់សិទ្ធិជាមូលដ្ឋាន និងនីតិរដ្ឋ នៅក្នុងប្រទេសរបស់ពួកគេឡើងវិញ ប្រសិនបើអ្នកដែលកំពុងកាន់អំណាចក្នុងប្រទេសទាំងនោះ ពិតជាមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការផ្សះផ្សាជាតិមែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments