ក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដែលមានសមាសភាពចម្រុះពីក្រសួងព័ត៌មាន អង្គការយូណេស្កូ (UNESCO) អង្គការសង្គមស៊ីវិល និងអ្នកជំនាញសារព័ត៌មាន បានបញ្ចប់ការតាក់តែងសេចក្ដីព្រាងបឋមនៃច្បាប់ដ៏សំខាន់មួយនេះហើយ នៅថ្ងៃទី២៦ ខែមករា នេះ បន្ទាប់ពីមានកិច្ចប្រជុំពិនិត្យឡើងវិញរយៈពេល ៣ថ្ងៃ នៅខេត្តព្រះសីហនុ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
អ្នកជំនាញអះអាងថា សេចក្ដីព្រាងច្បាប់នេះ អាចទទួលយកបាន ព្រោះបានចែងលម្អិតអំពីប្រភេទព័ត៌មានសម្ងាត់។ តែពួកគេក៏ស្នើឱ្យដាក់បញ្ចូលនូវគោលការណ៍តម្កល់ផលប្រយោជន៍សាធារណៈជាធំផងដែរ ក្នុងករណីព័ត៌មានដែលត្រូវបានស្នើសុំនោះជាប្រភេទព័ត៌មានសម្ងាត់។
នៅទីបំផុតសេចក្ដីព្រាងបឋមនៃច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលក្រុមអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជន ទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានលេចចេញជារូបរាងហើយ ក្រោយពេលក្រុមការងារបច្ចេកទេសបានបិទបញ្ចប់ការត្រួតពិនិត្យឡើងវិញ ដោយមានការលុបចោលមាត្រា និងកថាខណ្ឌមួយចំនួនដែលមានភាពចម្រូងចម្រាស។
សេចក្ដីព្រាងបឋមនៃច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ មាន ៩ជំពូក និង ៣៨មាត្រា ក្រោយពេលធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៦ មករា។ បន្ទាប់ពីបញ្ចប់ការតាក់តែង ក្រសួងព័ត៌មាន និងអង្គការយូណេស្កូ (UNESCO) គ្រោងនឹងប្រកាសសេចក្ដីព្រាងច្បាប់បឋមនេះ ជាផ្លូវការនៅថ្ងៃទី៣១ មករា ខាងមុខមុននឹងបញ្ជូនទៅគណៈកម្មការអន្តរក្រសួង នៃទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីប្រជុំត្រួតពិនិត្យ និងបញ្ជូនបន្តទៅរដ្ឋសភាដើម្បីប្រជុំអនុម័ត។
នាយកប្រតិបត្តិស្ដីទីនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី ថ្លែងប្រាប់អាស៊ីសេរី ក្រោយកិច្ចប្រជុំថា សេចក្ដីព្រាងបឋមនេះ ជាសេចក្ដីព្រាងច្បាប់ដែលអាចទទួលយកបាន ព្រោះចំណុចមួយចំនួនដែលជាការទាមទាររបស់ក្រុមអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងសាធារណជនទាក់ទងនឹងប្រភេទព័ត៌មានសម្ងាត់នោះ ត្រូវបានចែងលម្អិតនៅក្នុងសេចក្ដីព្រាងច្បាប់នេះ៖ «កន្លងមកព័ត៌មានសម្ងាត់ មិនបានរៀបរាប់ឲ្យបានលម្អិតទេ...»។
ប្រភេទព័ត៌មានសម្ងាត់ដែលស្ថាប័នសាធារណៈ អាចបដិសេធផ្ដល់ជូនសាធារណជននោះ រួមមានទី១ ព័ត៌មានបណ្ដាលឱ្យអន្តរាយដល់វិស័យការពារជាតិ និងសន្តិសុខជាតិទី២ គឺព័ត៌មានដែលបណ្ដាលឱ្យអន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ ទី៣ គឺព័ត៌មានដែលធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ ទី៤ គឺព័ត៌មានដែលបណ្ដាលឱ្យរាំងស្ទះដល់ដំណើរការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ច ទី៥ ព័ត៌មានដែលបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពឯកជន និងចុងក្រោយគឺព័ត៌មានដែលទាក់ទងនឹងកិច្ចប្រជុំផ្ទៃក្នុងរបស់ស្ថាប័នសាធារណៈ ដំណើរការនៃការតាក់តែង និងការប្រឡងដែលរៀបចំឡើងដោយស្ថាប័នសាធារណៈ។ សេចក្ដីលម្អិតនៃប្រភេទព័ត៌មានសម្ងាត់ទាំងនេះ មានចែងនៅក្នុងមាត្រា ២០ នៃសេចក្ដីព្រាងបឋមនៃច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ។
ម្យ៉ាងវិញទៀត ខ្លឹមសារនៃមាត្រា និងកថាខណ្ឌមួយចំនួនដែលជាក្តីព្រួយបារម្ភ និងជាហានិភ័យសម្រាប់អ្នកផ្ដល់ និងអ្នកស្នើសុំព័ត៌មាននោះ នៅក្នុងសេចក្ដីព្រាងច្បាប់លើកមុន ក៏ត្រូវបានលុបចោលផងដែរ ឧទាហរណ៍ដូចជា មាត្រា៣០ និងកថាខណ្ឌទី១ នៃមាត្រា២៩ ជាដើម។
កថាខណ្ឌទី១ នៃមាត្រា២៩ ដែលត្រូវបានលុបចោលនោះចែងថា បុគ្គលណាប្រព្រឹត្តអំពើឆាឆៅរំខាន រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ប្រតិបត្តិការរបស់មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានក្នុងការបំពេញកាតព្វកិច្ចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី ១ម៉ឺន ទៅ ១សែនរៀល។
ចំណែកមាត្រា ៣០ ដែលត្រូវបានលុបចោលដែរនោះ ចែងថា អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តអំពើឆាឆៅ រំខាន រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ប្រតិបត្តិការបំពេញភារកិច្ចរបស់មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មាន ដូចមានចែងក្នុងមាត្រា១៥ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសតាមបទបញ្ញត្តិមាត្រា៥០៥ នៃក្រមព្រហ្មទណ្ឌ គឺបទញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ។
ទោះបីជាយ៉ាងណានាយកប្រតិបត្តិស្ដីទីនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី អះអាងថា មានចំណុចមួយទៀតដែលជាការស្នើរបស់ក្រុមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល នោះគឺការតម្កល់ផលប្រយោជន៍សាធារណៈជាធំ ពោលគឺស្ថាប័នរដ្ឋមិនត្រូវចេះតែបដិសេធទៅនឹងសំណើសុំព័ត៌មានដោយអះអាងថា ប្រភេទព័ត៌មានដែលស្នើសុំនោះ ជាព័ត៌មានសម្ងាត់ ហើយអាចប៉ះពាល់ដល់សន្តិសុខជាតិនោះទេ។ ក្រុមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងពិចារណាដាក់បញ្ចូលចំណុចនេះមួយទៀតនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន៖ «យើងចង់បានដាក់បញ្ចូលដាច់ដោយឡែកមួយ...»។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មានដែលសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលមានកាតព្វកិច្ចធានាអោយបានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ច្បាប់នេះចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានា ត្រូវផ្ដល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក លោក ស៊ឹង សែនករុណា ថ្លែងថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះគឺជាការចង់បានរបស់សាធារណជន ក៏ប៉ុន្តែដើម្បីឱ្យច្បាប់នេះអាចអនុវត្តទៅបានដោយរលូនវាទាមទារឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ម្យ៉ាងវិញទៀត ក្រសួងសាមី ត្រូវបង្កើតយន្តការតាមដាន និងដាក់ទោសទណ្ឌដល់មន្ត្រីសាធារណៈទាំងឡាយណាដែលមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់នេះ៖ «ហើយយើងគួរមានអ្នកត្រួតពិនិត្យបន្ថែមទៀតទៅលើការអនុវត្តច្បាប់ទាំងឡាយ ជាពិសេសក្រសួងសាមី»។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានតម្រូវឱ្យគ្រប់ស្ថាប័នសាធារណៈត្រូវបង្កលក្ខណៈងាយស្រួល ព្រមទាំងបើកទូលាយក្នុងការផ្ដល់ព័ត៌មានគ្រប់ប្រភេទដល់សាធារណជនតាមការស្នើសុំដោយគ្មានការរើសអើងតាមបែបបទដែលងាយយល់ ក្នុងពេលវេលា និងតម្លៃសមស្រប លើកលែងតែព័ត៌មានសម្ងាត់ដែលស្ថិតក្នុងបទប្បញ្ញត្តិហាមឃាត់។
មន្ត្រីទទួលបន្ទុកព័ត៌មានត្រូវពិនិត្យសំណើសុំព័ត៌មានឱ្យបានឆាប់បំផុត និងត្រូវឆ្លើយតបទៅអ្នកស្នើសុំជាលាយលក្ខណ៍អក្សរថា មាន ឬ គ្មានព័ត៌មាននោះ ឬមួយក៏ជាប្រភេទព័ត៌មានសម្ងាត់ មិនឱ្យលើសពីរយៈពេល ៥ថ្ងៃនៃថ្ងៃធ្វើការ គិតពីថ្ងៃទទួលបានសំណើសុំ ហើយបើមានការឯកភាពទទួលយកថ្លៃសេវាពីអ្នកស្នើសុំរួចហើយ ស្ថាប័នសាធារណៈត្រូវផ្ដល់ព័ត៌មានជូនអ្នកស្នើសុំក្នុងរយៈពេល ១៥ថ្ងៃ។
ក្នុងករណីមន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មាន ពុំបានបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិនៃច្បាប់នេះទេ ពួកគេនឹងត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments