ពលរដ្ឋខ្មែរអាមេរិកាំង ពី៣០០ ទៅ៥០០នាក់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វូនីញ៉ា (California) កាលពីថ្ងៃទី៦មករា បាននាំគ្នាធ្វើបាតុកម្មប្រឆាំងថ្ងៃទី៧ មករា ដែលពួកគេអះអាងថា ជាថ្ងៃវៀតណាមឈ្លានពានកម្ពុជា ទោះបីរដ្ឋាភិបាលកម្ពុជាបន្លំអះអាងថា ជាថ្ងៃរំដោះជាតិក្ដី។
តំណាងពលរដ្ឋអាមេរិកកាំង លោក ចាន់ វាសនា ដែលដឹកនាំធ្វើបាតុកម្មនៅថ្ងៃទី៦ មករា មានប្រសាសន៍ថា គោលបំណងសំខាន់នៃការធ្វើបាតុកម្មនេះ គឺដើម្បីឲ្យពលរដ្ឋខ្មែរទូទាំងពិភពលោកប្រឆាំងនឹងថ្ងៃ៧ មករា។ លោកបន្តថាថ្ងៃ៧មករា មិនមែនជាថ្ងៃវៀតណាមរំដោះទឹកដីកម្ពុជា ដូចដែលគណបក្សប្រជាជនកម្ពុជា អះអាងឡើយ។
លោក ចាន់ វាសនា បានហៅថ្ងៃ៧មករា ជាថ្ងៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងជាថ្ងៃដែលកងទ័ពវៀតណាម គ្រប់គ្រងត្រួតត្រារដ្ឋាភិបាលកម្ពុជា និងបានលើកបន្តុប លោក ហ៊ុន សែន ឡើងកាន់ដំណែងរហូតដល់ពេលបច្ចុប្បន្ន។ លោក បញ្ជាក់ថា ថ្ងៃដែលពលរដ្ឋខ្មែរត្រូវទទួលស្គាល់នោះ គឺមានតែថ្ងៃទី២១ តុលាឆ្នាំ១៩៩១ ដែលជាថ្ងៃបញ្ចប់ជម្លោះរ៉ាំរ៉ៃនៅកម្ពុជា ហើយបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោក បានប្រៀបធៀបថ្ងៃទី២១ តុលា ដូចជាអាវក្រោះ ដើម្បីការពាររបបកុម្មុយនិស្តកុំឲ្យវិលត្រលប់មកវិញ និងជាថ្ងៃដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាស្គាល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរហូតមកដល់បច្ចុប្បន្ន។
ក្រោយពីរដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ ពលរដ្ឋខ្មែរអាមេរិកាំង បានធ្វើបាតុកម្មជាបន្តបន្ទាប់ប្រឆាំងជាបន្តបន្ទាប់ ប្រឆាំងនិងរដ្ឋាភិបាល លោក ហ៊ុន សែន ដែលធ្វើទុក្ខបុកម្នេញបក្សប្រឆាំង និងទាមទារឲ្យរដ្ឋាភិបាលងាកមកគោរពសិទ្ធិមនុស្សវិញ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក និងកាត់ផ្ដាច់ជំនួយបោះឆ្នោត។ ចំណែក សហគមន៍អឺរ៉ុបក៏បានកាត់ផ្តាច់ជំនួយបោះឆ្នោតទាំងស្រុងដល់កម្ពុជាផងដែរ៕
ចំណែកប្រធានក្រុមប្រឹក្សាកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍(Norway) លោក ម៉ែន ណាត បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៥ មករា ថា កម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរជាថ្មី ដោយសាររបបលោកហ៊ុន សែន កម្អែលកុម្មុយនិស្ត ៧មករា។ សេចក្ដីថ្លែងការណ៍នេះបានសរសេរថា ការចាប់ខ្លួនលោក កឹម សុខា ការបិទស្ថានីយផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល ព្រមទាំងរំលាយគណបក្សសង្គ្រោះជាតិនោះ គឺជាការធ្វើឲ្យកម្ពុជា ធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរជាថ្មី ដែលពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ កំពុងព្រួយបារម្ភ និងថ្កោលទោសយ៉ាងដាច់អហង្ការ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានស្នើឲ្យលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា លុបចោលសាលក្រមការរំលាយបក្សសង្គ្រោះជាតិ ដើម្បីឲ្យបក្សនេះ អាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ដោយស្មើមុខ ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងដោះលែងអ្នកទោសមនសិការទាំងអស់ដោយគ្មានលក្ខខណ្ឌ។
លិខិតដដែលបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវលុបចោលសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាមដែលផ្ទុយពីខ្លឹមសារ រដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សេចក្ដីថ្លែងការណ៍នេះ ក៏បានជំរុញឲ្យកម្ពុជា ត្រូវប្ដឹងសើរើទាមទារកោះត្រល់ និងទឹកដីដែលបាត់បង់មកកម្ពុជាវិញ តាមរយៈម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងតុលាការយុត្តិធម៌អន្តរជាតិ អាយស៊ីជេ(ICJ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments