RFA | មន្ត្រី​បក្ស​កាន់អំណាច​ថា​លិខិត​ជូនពរ​របស់​លោក មាជ សុវណ្ណារ៉ា ជា​អន្ទាក់​នយោបាយ | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​បក្ស​កាន់អំណាច​ស្វាគមន៍ សារ​ជូនពរ​របស់​លោក មាជ សុវណ្ណារ៉ា និង​អ្នកទោស​មនសិការ ១៤ នាក់​ផ្សេងទៀត ប៉ុន្តែ លោក​ចាត់​ទុក​ថា សារ​បែបនេះ មិន​អាច​បន្ធូរបន្ថយ​ទោស​អ្នក​ជាប់ឃុំ​ទាំងនោះ​បាន​នោះ​ទេ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី ៨ ខែ​មករា នេះ​ថា សារ​របស់​លោក មាជ សុវណ្ណារ៉ា ជា​អន្ទាក់ ឲ្យ​រដ្ឋាភិបាល​ទទួលស្គាល់​អ្នក​ជាប់ឃុំ​ទាំងនោះ ជា​អ្នកទោស​មនសិការ​ទៅវិញ។ «»

ប្រតិកម្ម​របស់​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្រោយ​ពី លិខិត​មួយ​ច្បាប់ មាន​ហត្ថលេខា​លោក មាជ សុវណ្ណារ៉ា ចុះ​ថ្ងៃ​ទី៥ ខែ​មករា ត្រូវ​បាន​ចែក​ផ្សាយ​ព្រោងព្រាត នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លិខិត​នោះ​រៀបរាប់​ថា ខ្ញុំបាទ មាជ សុវណ្ណារ៉ា ជា​អ្នកទោស​មនសិការ ពិតជា​មាន​ក្ដី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដោយ​ខ្ញុំបាទ​បាន​ចង់​ចាំ ជា​រៀងរាល់​ខែ​មករា ថ្ងៃទី​៥ គឺជា​ថ្ងៃ​មង្គល នៃ​ការ​រំលឹក​ឡើងវិញ នូវ​អនុស្សាវរីយ៍​ដ៏​កម្សត់កម្រ ជូរចត់ និង​ពោរពេញ ដោយ​ការ​តស៊ូ​ពុះពារ គ្រប់​ស្ថាន​ភាព​លំបាក នៃ​សម្ដេច​ទាំងពីរ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បុព្វហេតុ​សន្តិភាព ជាតិ​មាតុភូមិ​សម្រាប់​ប្រជាជន​ខ្មែរ។

លិខិត​ដដែល​បន្ដ​ទៀត​ថា ជាង​៣​ឆ្នាំ​មកនេះ ខ្ញុំ​ស្ទើរ​តែ​ភ្លេច​ថ្ងៃកំណើត​របស់​ភរិយា និង​កូនស្រី​ពៅ​របស់​ខ្ញុំ ប៉ុន្តែ ខ្ញុំ​នៅតែ​ចាំ​ថ្ងៃ​ពិសេស ៥ មករា ជា​ថ្ងៃ​មង្គល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោកស្រី ប៊ុន រ៉ានី។ ក្រោយពេល​ដឹង​ភ្លាម ខ្ញុំ​ក៏​ជម្រាប​ទៅកាន់​មិត្តៗ កំពុង​ជាប់ឃុំ​ទាំង ១៤នាក់​ភ្លាម។ ពួកគេ​ក៏បាន​តឿន​ខ្ញុំ ឲ្យ​ឆាប់​សរសេរ​លិខិត​មួយ​ច្បាប់​នេះ ដើម្បី​ជូនពរ​សម្ដេច​ទាំងពីរ ឲ្យ​នៅ​ទាន់​ថ្ងៃ​ទី៥ ខែមករា​នេះ។ ជា​ចុងក្រោយ​លិខិត​បញ្ជាក់​ថា “​ជា​អ្នកទោស​មនសិការ ប្រៀប​ដូច​បក្សី​កម្សត់ កំពុង​ជាប់​ទ្រុង សង្ឃឹម​អ្នកមាន​បុណ្យ​” យើង​ទាំង ១៥ នាក់ គ្មាន​អ្វី​ជាប់​នៅ​នឹង​ខ្លួន​ឡើយ មានតែ​នាំគ្នា​បន្តក់​លោហិត​ម្នាក់​១​តំណក់ នៅ​ក្នុង​គុក​ងងឹត​នេះ ដើម្បី​ជា​បច្ច័យ សម្រាប់​ការ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ឲ្យ​ជួយ​តាម​ថែរក្សា និង​ជ្រោមជ្រែង​សម្ដេច​ទាំងពីរ ឲ្យ​ប្រកប​ដោយ​សុខុមាលភាព សុភមង្គល សុខដុមរមនា​ជានិច្ច។

ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា គឺ​អ្នកស្រី Jamie Meach បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​គាត់ កាល​ពី​ថ្ងៃទី៦ ខែ​មករា ដោយ​ភ្ជាប់​លិខិត​នេះ​មក​ជា​មួយ​ដែរ នឹង​បាន​ចោទ​ជា​សំណួរ​ថា គ្រាន់តែ​សារ​ជូនពរ​របស់​ប្ដី​អ្នកស្រី​មួយ​ច្បាប់​នេះ ខុស​ធ្ងន់​ណាស់​មែន​ទេ។

អ្នកស្រី​បន្ត​ថា តើ​យើង​មិន​អាច​រក​សន្តិភាព រវាង​ខ្មែរ​នឹង​ខ្មែរ បាន​ទេ​អី ចាំបាច់​នៅ​ចង​គំនុំ ចង់​ស៊ី​សាច់ និង​បង្ហូរ​ឈាម​គ្នា​យកឈ្នះ​យក​ចាញ់​គ្នា ដល់ពេល​ណា​ទៀ​តទៅ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា សារ​ជូនពរ​នេះ ជា​ការ​ល្អ​តាម​ផ្លូវ​សីលធម៌ ប៉ុន្តែ​គ្មាន​ប្រយោជន៍​អ្វី ដែល​អាច​ឲ្យ​រដ្ឋាភិបាល​បន្ទន់​ចិត្ត ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់​នោះ​ទេ។ ទោះជា​លិខិត​សុំទោស​ក៏​អត់​ប្រយោជន៍​ដែរ ព្រោះ​លោក​អះអាង​ថា រដ្ឋាភិបាល​មិន​អនុវត្ត​ឲ្យ​រំលង​ច្បាប់​ទេ ពោល​គឺ “​យល់​ញាតិ​ឃ្លាត​ច្បាប់”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments