មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម លើកឡើងថា ពលរដ្ឋជាច្រើននឹងមិនបានទៅបោះឆ្នោតនៅឆ្នាំ ២០១៨ខាងមុខ។ ការលើកឡើងនេះ ក្រោយពេលពួកគេសង្កេតឃើញថា ចំនួនពលរដ្ឋដែលបាននាំគ្នាមកចុះឈ្មោះបោះឆ្នោតនៅពេលបច្ចុប្បន្ន គឺមានចំនួនតិចតួច ហើយនឹងបណ្ដាលឱ្យពួកគេបាត់បង់សិទ្ធិបោះឆ្នោត ប្រសិនបើពួកគេមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ។
មន្ត្រីគណបក្សប្រឆាំងខេត្តកំពង់ចាម និងសង្គមស៊ីវិលដែលតាមដានលើការងារចុះឈ្មោះបោះឆ្នោតអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមនាំគ្នារួសរាន់ទៅចុះឈ្មោះ។ ការស្នើនេះ ពីព្រោះរយៈពេលចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៧ គឺនៅសល់ចំនួន ៤០ ថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្តែចំនួនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតវិញ គឺមានចំនួនកាន់តែតិចតួចពីមួយថ្ងៃទីមួយថ្ងៃ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម លោក សាន សឿង មានប្រសាសន៍ថា ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ មានតែពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២២ និង២៣ កញ្ញា ដែលមានពលរដ្ឋច្រើននាំគ្នាទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែក្រៅពីនេះ គឺមានចំនួនតិចតួចបំផុត ដោយក្នុងមួយស្រុកៗ មានប្រមាណ២០ឬ ៣០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលបានទៅចុះឈ្មោះបោះឆ្នោត៖ «អ៊ីចឹងបារម្ភថាប្រជាពលរដ្ឋយើងមិនអាចមានឱកាស ពិសេសទៀត គឺគាត់មិនសូវទទួលបានព័ត៌មានគ្រប់គ្រាន់ ពេញលេញក្នុងការទៅចុះឈ្មោះបោះឆ្នោត»។
ចំនួនពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោត និងមិនទាន់បានចុះឈ្មោះកាលពីឆ្នាំ២០១៦ នៅខេត្តកំពង់ចាម មានចំនួនជិត ១២ម៉ឺននាក់ (១១៩,១៧៩) ប៉ុន្តែគិតមកត្រឹមថ្ងៃទី២៧ កញ្ញា មានពលរដ្ឋជាង១ម៉ឺនប៉ុណ្ណោះ (១៦,៦៥៧)ដែលបានមកចុះឈ្មោះបោះឆ្នោត។
លោក សាន សឿង បញ្ជាក់ខាងគណបក្សបានស្នើសុំខ្សែអាត់សំឡេងរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីជួយផ្សព្វផ្សាយឱ្យពលរដ្ឋនាំគ្នាមកចុះឈ្មោះបោះឆ្នោត និងជំរុញដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនជួយណែនាំដល់ពលរដ្ឋមូលដ្ឋានឱ្យនាំកូនចៅ ឬ សមាជិកគ្រួសាររបស់ពួកគេដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតត្រូវនាំគ្នាទៅចុះឈ្មោះឱ្យគ្រប់ៗគ្នា។
កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាព និង ការចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៧ គឺ ចាប់ផ្តើមពីថ្ងៃទី ១ កញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ឱ្យដឹងតាមរយៈសារព័ត៌មានក្នុងស្រុកថា ការចុះឈ្មោះបោះឆ្នោតថ្មី គឺធ្វើឡើងសម្រាប់ក្រុមពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រននីតិកាលទី៦ នៃរដ្ឋសភា នៅឆ្នាំ២០១៨ គិតត្រឹមថ្ងៃបោះឆ្នោត។ លើសពីនេះ ក្រុមពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ និងពលរដ្ឋដែលបានចុះឈ្មោះរួចហើយ ប៉ុន្តែផ្លាស់ប្តូរទីលំនៅជាដើម ត្រូវទៅចុះឈ្មោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងនៅថ្ងៃទី៣០ កញ្ញា ថា នៅរយៈពេល២៨ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត២៤ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ១,៩៣០នាក់ និងអ្នកខុសកែតម្រូវមានចំនួន ២,០៧៦នាក់។ គ.ជ.ប បានឲ្យដឹងថា រយៈពេល២៨ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ជាង២សែន ៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម លោក មាន ព្រហ្មមុនីយល់ឃើញថា មូលហេតុមួយចំនួនដែលធ្វើឱ្យពលរដ្ឋមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត ដូចជាការផ្សព្វផ្សាយនៅមានកម្រិត នីតិវិធីចុះឈ្មោះបោះឆ្នោតមានភាពស្មុគស្មាញ ការចំណាកស្រុក និងបញ្ហាស្ថានភាពនយោបាយតានតឹងនៅពេលបច្ចុប្បន្ន ធ្វើឱ្យពលរដ្ឋមួយចំនួនបាក់ទឹកចិត្ត និងមិនចង់ទៅចុះឈ្មោះបោះឆ្នោតតែម្ដង។ នៅពេលមន្ត្រីសិទ្ធិមនុស្សរូបនេះ ចុះតាមមូលដ្ឋានម្តងៗ លោក សង្កេតឃើញថា ចំនួនពលរដ្ឋមកចុះឈ្មោះបោះឆ្នោតនៅខេត្តកំពង់ចាម ពិតជាមានចំនួនតិចតួចប្រាកដមែន ហើយប្រសិនពលរដ្ឋទៅបោះឆ្នោតនៅពេលខាងមុខ មានចំនួនតិចពេកគឺមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ ព្រមទាំងបង្ហាញថា ការប្រើប្រាស់សិទ្ធិរបស់ពួកគាត់មិនបានទូលំទូលាយទេ៖ «ខ្ញុំមើលឃើញទៅការបោះឆ្នោតហ្នឹងវាមិនមានលក្ខណៈទូលំទូលាយទេ ហើយការបោះឆ្នោតហ្នឹងវាមិនមានលក្ខណៈចំហដោយសេរីទេ»។
មន្ត្រីសង្គមស៊ីវិលដដែល ស្នើឱ្យពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ត្រូវនាំគ្នាទៅចុះឈ្មោះឱ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។ លើសពីនេះ មន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវបង្កភាពងាយស្រួលដល់ពួកគាត់ និងបង្កើនការផ្សព្វផ្សាយឱ្យទូលំទូលាយបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments