មន្ត្រីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល ចាត់ទុកបទបញ្ជាថ្មីរបស់ក្រសួងមហាផ្ទៃ ដែលដកសិទ្ធិមេឃុំ-ចៅសង្កាត់ មិនឲ្យចេញលិខិតបញ្ជាក់ទីលំនៅថា នាំឲ្យបង្កការលំបាក និងភាពស្មុគស្មាញដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែអ្នកនាំពាក្យ គ.ជ.ប ថា នេះមិនមែនជារឿងថ្មីនោះទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ឃើញថា ការផ្លាស់ប្ដូរនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅសម្រាប់បម្រើដល់ការចុះឈ្មោះបោះឆ្នោតដែលក្រសួងមហាផ្ទៃ សម្រេចកែប្រែកាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិពលរដ្ឋខ្មែរទូទៅ ជាពិសេសពលករចំណាកស្រុកដែលចង់ចុះឈ្មោះបោះឆ្នោត ព្រោះគេដកសិទ្ធិមេឃុំ ឬចៅសង្កាត់ក្នុងការចេញលិខិតបញ្ជាក់ទីលំនៅ។
លោក គី វណ្ណដារ៉ា ដែលជាតំណាងរាស្ត្រមួយរូបក្នុងចំណោមតំណាងរាស្ត្រ ៦រូបពីខាងគណបក្សសង្គ្រោះជាតិ ដែលសរសេរលិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំបំភ្លឺរឿងនេះ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៣០ ខែសីហា ថា លោកមិនយល់ថា ហេតុអ្វីបានជាការដកហូតសិទ្ធិពីមេឃុំ ឬចៅសង្កាត់បែបនេះ៖ «មុនបោះឆ្នោតឃុំ-សង្កាត់ហ្នឹង គឺក្រសួងមហាផ្ទៃ បានប្រគល់កិច្ចការហ្នឹងឲ្យទៅមេឃុំ-ចៅសង្កាត់ធ្វើ។ ប៉ុន្តែឥឡូវនេះ កិច្ចការងារដ៏មានសារសំខាន់ហ្នឹងឲ្យទៅប៉ូលិសឃុំ-សង្កាត់ធ្វើទៅវិញ។ អ៊ីចឹងនេះជាកិច្ចការមួយដែលវាបង្កលក្ខណៈស្មុគស្មាញទៅដល់ការធ្វើលិខិតបម្រើដល់ការចុះឈ្មោះបោះឆ្នោត ហើយវាអាចបង្កលក្ខណៈលំបាកទៅដល់អ្នកដែលផ្លាស់ប្ដូរទីលំនៅរបស់គាត់ហ្នឹង»។
ការដកហូតសិទ្ធិនេះ ទើបតែកើតមានក្រោយបោះឆ្នោតឃុំ-សង្កាត់ ពោលគឺក្រោយគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតជាមេឃុំ និងចៅសង្កាត់ជាតិ ៥០០ឃុំ-សង្កាត់។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) លោក សំ គន្ធាមី ក៏បានលើកឡើងពីក្ដីកង្វល់ដែលកើតចេញពីនីតិវិធី និងបែបបទថ្មីនេះដែរ ព្រោះតម្រូវឲ្យពលរដ្ឋត្រូវរាយការណ៍អំពីការស្នាក់នៅទៅប៉ូលិសប៉ុស្តិ៍ ដើម្បីបានទម្រង់ ក-៨ សិន រួចហើយបានយកទៅជួបសាលាឃុំ ឬសាលាសង្កាត់ម្ដងទៀត។ ដូច្នេះ ពួកគាត់ត្រូវធ្វើពីដំណាក់កាល។
លោកបន្តថា កាលពីនីតិវិធីចាស់ការស្នាក់នៅអត់មានកំណត់ពេលនោះទេ។ មិនតែប៉ុណ្ណោះ នីតិវិធីថ្មីកំណត់ឲ្យការស្នាក់នៅទាល់តែបានរយៈពេល ៣០ថ្ងៃសិន ទើបគេចេញលិខិតបញ្ជាក់ទីលំនៅជូនបាន។ លោកយល់ថា ប្រការនេះវាបង្កការលំបាក និងធ្វើឲ្យប្រជាពលរដ្ឋមិនចង់ទៅចុះឈ្មោះបោះឆ្នោត៖ «កាលណាស្មុគស្មាញ លោកដឹងស្រាប់ហើយ! ប្រជាពលរដ្ឋខ្មែរ លោកបោះបង់សិទ្ធិបោះឆ្នោតហ្នឹងហើយ! បានន័យថា គាត់អត់ទៅចុះឈ្មោះបោះឆ្នោត មិនមានឈ្មោះក្នុងបញ្ជី គាត់នឹងគ្មានសិទ្ធិទៅបោះឆ្នោតនោះទេនៅថ្ងៃបោះឆ្នោតមកដល់»។
ចំណែកឯលោក គី វណ្ណដារ៉ា វិញយល់ថា ការដកហូតសិទ្ធិរបស់មេឃុំ ឬចៅសង្កាត់ ក្នុងការចេញលិខិតបញ្ជាក់ទីលំនៅនេះ គឺមិនត្រឹមតែបង្កការរំខានដល់ពលរដ្ឋទេ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការចូលរួមបោះឆ្នោត ដែលធានាដោយរដ្ឋធម្មនុញ្ញ និងគោលការណ៍វិមជ្ឈការអំណាចទៅថ្នាក់មូលដ្ឋានឃុំ-សង្កាត់។ ហេតុដូច្នេះហើយ ទើបលោក និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៥រូបផ្សេងទៀត សុំបំភ្លឺពីក្រសួងមហាផ្ទៃ ក្នុងរឿងនេះ ព្រោះថ្នាក់ដឹកនាំរដ្ឋាភិបាលនិយាយផ្សេង អនុវត្តផ្សិង៖ «ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលតែងតែនិយាយថា យើងចង់ឲ្យប្រទេសខ្មែរហ្នឹងមានវិមជ្ឈការរឹងមាំ។ តើរឹងមាំយ៉ាងម៉េច? បើគ្រាន់តែក្រោយពីបោះឆ្នោត ២០១៧ ឃើញរដ្ឋបាលអនុវត្តខុសពីប្រក្រតីទៅហើយនោះ»។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ចាត់ទុកថា រឿងនេះមិនមានអ្វីថ្មីនោះទេ ហើយក៏មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប នោះដែរ។ លោកបញ្ជាក់ថា គ.ប.ជ គោរពតាមច្បាប់ និងគោលការណ៍របស់ គ.ជ.ប។ កាលណាពលរដ្ឋមានលិខិតបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ និងបានបំពេញគ្រប់លក្ខខណ្ឌសម្រាប់ការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងចុះឈ្មោះជូនពួកគាត់ភ្លាម។
អាស៊ីសេរី នៅមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយទេ កាលពីថ្ងៃទី៣០ ខែសីហា ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងកាលពីថ្ងៃទី១៥ ខែសីហា ថា ប្រជាពលរដ្ឋទើបគ្រប់អាយុ និងមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនសរុបជាង ១,៤លាននាក់។ អ្នកទាំងនោះ ភាគច្រើនជាពលករចំណាកស្រុក ដែលកំពុងធ្វើការនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានដាក់សំណើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីអនុញ្ញាតឲ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្រៅប្រទេស អាចចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេស ឬកន្លែងដែលពួកគាត់កំពុងធ្វើការនោះបាន។ ប៉ុន្តែមន្ត្រីគណបក្សកាន់អំណាចធ្លាប់អះអាងថា ការធ្វើបែបនេះគឺជាការរំខានដល់ពលករចំណាកស្រុកប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments