RFA | "វៀតណាម​ឃោសនា​ដើម្បី​ចង់​ឲ្យ​ការ​ឈ្លានពាន​របស់​ខ្លួន​ស្ថិត​ក្នុង​រូបភាព​មនុស្សធម៌" | hot news

By , Comment
Share on Facebook Tweet on Twitter

មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ នួន ជា អះអាង​ថា ការ​ឃោសនា​របស់​វៀតណាម មក​លើ​បក្ស​កុម្មុយនិស្ត​កម្ពុជា ថា​ជា​បក្ស​បិសាច ដែល​កាប់​ដៃ​ជើង​កូន​ក្មេង​ដើម្បី​បោះ​ឱ្យ​សត្វ​ក្រពើ​ស៊ី​នោះ គឺ​ប្រទេស​វៀតណាម ចង់​ឈ្លាន​ពាន​មក​លើ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​រូបភាព​មនុស្សធម៌។

មេធាវី​ការពារ​ក្ដី​របស់​លោក នួន ជា អះអាង​ទៀត​ថា ពាក្យ​ឃោសនា​បែប​នេះ​នៅ​តែ​មាន​ឥទ្ធិពល​នៅ​​ក្នុង​ប្រទេស​កម្ពុជា សព្វ​ថ្ងៃ ហើយ​សូម្បី​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​នៅ​តុលាការ​ខ្មែរក្រហម ក៏​តុលាការ​នៅ​តែ​យក​វា​មក​ប្រើប្រាស់ ដើម្បី​ដាក់​បន្ទុក​មក​លើ​កូនក្ដី​របស់​ពួកគេ ដោយ​មិន​បាន​ស្វែងរក​ភស្ដុតាង​ច្បាស់​លាស់។

នៅ​ក្នុង​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​មាត់​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង ០០២ វគ្គ ២ ដែល​ឈាន​ចូល​ថ្ងៃ​ទី​៤ ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក នួន ជា បាន​ធ្វើ​សេចក្ដី​បង្ហាញ​ឆ្លើយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​សហ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ក្ដី​របស់​ដើម​បណ្ដឹង។

មេធាវី​ជាតិ​ក្នុង​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នួន ជា គឺ​លោក លីវ សុវណ្ណា អះអាង​ថា អង្គ​ជម្រះ​របស់​តុលាការ​ខ្មែរក្រហម​កន្លង​មក ហាក់​មិន​បាន​យល់​ដឹង​ឱ្យ​បាន​ស៊ីជម្រៅ​អំពី​កម្ពុជា​ប្រជាធិបតេយ្យ​ឡើយ ផ្ទុយ​ទៅ​វិញ បែរ​ជា​យក​តាម​ការ​រៀប​រាប់​ដែល​មាន​ប្រជាប្រិយភាព​មួយ ដែល​រៀប​ចំ​ឡើង​ដោយ​វៀតណាម។ លោក​បន្ត​ថា ការ​រៀបរាប់​ដែល​មាន​ប្រជាប្រិយភាព​នោះ គឺ​ជា​រៀបរាប់​តែ​ជ្រុង​ម្ខាង​មក​លើ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​អះអាង​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ជា​បក្ស​បិសាច​លីលា និង​ឃោរឃៅ ដែល​មាន​បំណង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ឈឺ​ចាប់។ ប៉ុន្តែ​លោក​ថា ការ​ហៅ​ឃោសនា​បែប​នេះ ត្រូវ​បាន​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នួន ជា ទាំង​អស់​ប្រៀបធៀប​ទៅ​នឹង​រឿង​និទាន​ខ្មែរ​មួយ​ដែល​មាន​ចំណង​ជើង​ថា "ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ"។

លោក​មេធាវី​រូប​នេះ​បញ្ជាក់​ទៀត​ថា សំណុំរឿង ០០២ វគ្គ ០១ និង ០០១ គឺ​អង្គ​ជំនុំជម្រះ​ទទួល​រង​ឥទ្ធិពល​ពី​ការ​រៀបរាប់​ដែល​មាន​ប្រជាប្រិយភាព​នេះ​យ៉ាង​ពិត​ប្រាកដ​ដែល​ផ្ដោត​សំខាន់​តែ​មក​លើ​អ្វី​ដែល​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​ធ្វើ គឺ​សុទ្ធតែ​អាក្រក់​ទាំង​អស់។

លោក​មេធាវី លីវ សុវណ្ណា បញ្ជាក់​ថា ដំបូង​ឡើយ​វា​គឺ​ជា​ការ​ឃោសនា​មួយ ដែល​វៀតណាម បាន​បង្កើត​ឡើង​មុន​ការ​ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ព្រោះ​វៀតណាម បាន​ហៅ​បក្ស​កុម្មុយនិស្ត​កម្ពុជា ជា​បក្ស​បិសាច​កាប់​ជើង​ដៃ​កូន​ក្មេង៖ «បក្ស​កុម្មុយនិស្ដ​កម្ពុជា ជា​បិសាច កាប់​ដៃជើង​កូន​ក្មេង​ឱ្យ​ក្រពើ​ស៊ី។ បន្ទាប់ពី​វៀតណាម ឈ្លាន​ពាន​កម្ពុជា នៅ​ឆ្នាំ​១៩៧៨ ការ​ឃោសនា​នេះ កាន់​តែ​ឮ​ឡើងៗ ការ​ឃោសនា​ដើម្បី​ឱ្យ​ការ​ឈ្លានពាន​របស់​វៀតណាម មើល​ទៅ​ក្នុង​ន័យ​មនុស្ស​ធម៌»

​លោក​ក៏​អះអាង​ថា ការ​ឃោសនា​បែប​នេះ មិន​ត្រឹមតែ​បាន​មក​ពី​ប្រទេស​វៀតណាម និង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​វៀតណាម​ទេ ប៉ុន្តែ​សូម្បី​សម្ព័ន្ធមិត្ត​វៀតណាម ដូចជា​សហភាព​សូវៀត និង​អាល្លឺម៉ង់​ខាង​កើត ក៏​ជួយ​ឃោសនា​ផង​ដែរ។ លើស​ពី​នេះ ការ​ឃោសនា​ដដែល​ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​ទៅ​ទៀត។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សហ​ព្រះរាជអាជ្ញា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា បាន​សុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់​គុក​អស់​មួយ​ជីវិត​ដោយ​សំអាង​ថា ជនជាប់ចោទ​ទាំង​ពីរ គឺ​សុទ្ធ​តែ​មាន​តួនាទី​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ពី​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

ទោះជា​យ៉ាង​នេះ​ក្ដី លោក​មេធាវី លីវ សុវណ្ណា បាន​ឆ្លើយ​តប​ថា សហ​ព្រះរាជ​អាជ្ញា​មិន​បាន​ទទួល​បន្ទុក​ដើម្បី​បង្ហាញ​ភស្តុតាង​ច្បាស់លាស់​លើ​សំណុំរឿង​របស់​លោក នួន ជា ឡើយ ព្រម​ទាំង​មិន​បាន​បម្រើ​ផល​ប្រយោជន៍​សាធារណៈ បំពេញ​តួនាទី​ដោយ​ច្បាស់លាស់ និង​យុត្តិធម៌​នោះ​ទេ ហើយ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កូនក្ដី​របស់​លោក​បង្ហាញ​ក្ដី​អស់​សង្ឃឹម។

ជាមួយ​គ្នា​នេះ មេធាវី​អន្តរជាតិ​ការពារ​ក្ដី​ឱ្យ​លោក នួន ជា ម្នាក់​ទៀត គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) ថ្លែង​នៅ​ពេល​ជំនុំជម្រះ​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បកប្រែ​ដែរ​ថា មាន​ភស្តុតាង​យ៉ាង​ច្បាស់​ដែល​បង្ហាញ​ថា ស្ថិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ប្រទេស​វៀតណាម បាន​ព្យាយាម​បង្កើត​ឥណ្ឌូចិន យ៉ាង​ពិត​ប្រាកដ៖ «ជា​ឧទាហរណ៍​នៅ​ក្នុង​ឆ្នាំ​១៩៧៦ មេដឹកនាំ​វៀតណាម បាន​និយាយ​ថា មិន​យូរ​ទេ កម្ពុជា​នឹង​នៅ​ជាមួយ​វៀតណាម ហើយ​ខ្មែរ​មិន​មាន​លទ្ធភាព​គេច​ខ្លួន​រួច​ឡើយ»

​លោក​បន្ត​ថា កាល​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៦ វៀតណាម បាន​អនុវត្ត​សកម្មភាព​ឈ្លានពាន​មក​លើ​កម្ពុជា ប៉ុន្តែ​ភាគី​កម្ពុជា បាន​ព្យាយាម​ធ្វើ​ឱ្យ​សន្តិភាព​ស្ងប់ស្ងាត់ និង​ចរចា​គ្នា ប៉ុន្តែ​លោក​ថា ប្រទេស​វៀតណាម មិន​មាន​ចំណាប់​អារម្មណ៍​ចង់​បាន​សន្តិភាព​ឡើយ ផ្ទុយ​ទៅ​វិញ បែរ​ទៅ​ឃោសនា​បំភាន់​ភ្នែក​អន្តរជាតិ​ថា កម្ពុជា​គឺ​ជា​អ្នក​ឈ្លានពាន​ទៅ​វិញ។

លោក វិចទ័រ កូប៉េ អះអាង​ទៀត​ថា នៅ​ពេល​នោះ​សូម្បី​កាសែត ញីវយ៉ក ថែមស៍ (New York Times) មិន​ជឿ​លើ​ការ​ឃោសនា​របស់​វៀតណាម ឡើយ ហើយ​បាន​រាយការណ៍​ដោយ​សង្ស័យ​ថា វៀតណាម កំពុង​រៀបចំ​ផែនការ​បង្កើត​ចក្រភព​នៅ​ក្នុង​តំបន់។

លោក វិចទ័រ កូប៉េ អះអាង​ដោយ​ស្រង់​សម្ដី​របស់​លោក នួន ជា ទៀត​ថា កាល​នោះ ប្រធាន​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​បក្ស​កុម្មុយនិស្ត​វៀតណាម ខាង​ជើង គឺ​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ប៉ុន្តែ​វៀតណាម បាន​ក្បត់​កម្ពុជា ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឱ្យ​កម្ពុជា ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ពី​ដែន​អាកាស​របស់​សហរដ្ឋអាមេរិក អស់​រយៈ​ចំនួន ២២​ថ្ងៃ៖ «ការ​ក្បត់​ដ៏​អាក្រក់​បំផុត​គឺ​នៅ​ពេល​វៀតណាម ខាង​ជើង បាន​ចុះ​ចូល​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៧៣ ដើម្បី​បង្ខំ​ឱ្យ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ព្រះ​បរមកោដ្ឋ ចរចា​ជាមួយ​របប​សាធារណរដ្ឋ​ខ្មែរ។ ជា​​ការ​ពិត​ហើយ បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ព្រះ​បរមកោដ្ឋ ក៏​មិន​ព្រម​ចរចា​ទេ ទើប​អាមេរិក ទម្លាក់​គ្រាប់​បែក ដើម្បី​ដាក់​ទណ្ឌកម្ម»

​ភស្តុតាង​នានា​បង្ហាញ​ថា នៅ​ក្នុង​សម័យ​គ្រប់គ្រង​ដោយ​ខ្មែរ​ក្រហម​ជិត ៤​ឆ្នាំ មនុស្ស​ជិត ២​លាន​នាក់​ត្រូវ​បាន​ក្រុម​នេះ​សម្លាប់ ដោយសារ​ការ​បង្ខំ​ឱ្យ​ធ្វើ​ស្រែ និង​ជីក​ប្រឡាយ​រហូត​បាក់​កម្លាំង​បង្អត់​អាហារ​ខ្វះ​ថ្នាំ​ព្យាបាល​ជំងឺ និង​ការ​សម្លាប់​រង្គាល។

ការ​ឆ្លើយ​តប​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នួន ជា នេះ​ធ្វើ​ឡើង​ចំនួន​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ មិថុនា ក្រោយ​ពី​សហ​ព្រះរាជអាជ្ញា​បង្ហាញ​អំណះអំណាង​ដាក់​បន្ទុក​លើ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments