ក្រុមកម្មកររោងចក្រ សៅ ឡែនដ៍ (Southland) ឬហៅថា រោងចក្រ ៦ជាន់ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ បាននាំគ្នាធ្វើកូដកម្មតវ៉ានៅមុខរោងចក្រ ទាមទារឲ្យថៅកែរោងចក្រកុំកាត់ថ្ងៃឈប់សម្រាកដំណាច់ឆ្នាំរបស់កម្មករដែលមកពីបោះឆ្នោតនៅស្រុកកំណើតយឺត ចូលធ្វើការមិនទាន់។
ក្រុមកម្មករប្រហែល ៤០០នាក់ ដែលតវ៉ានៅមុខរោងចក្រ ទាមទារឲ្យថៅកែកុំកាត់ថ្ងៃឈប់សម្រាកដំណាច់ឆ្នាំចំនួន ៣ថ្ងៃ ដោយស្នើឲ្យថៅកែកាត់ប្រាក់ឈ្នួល ៥០ភាគរយ សម្រាប់ថ្ងៃទី៣ ខែមិថុនា ជាថ្ងៃពួកគេធ្វើដំណើរទៅស្រុកកំណើតបោះឆ្នោត។ បន្ថែមពីនេះ ពួកគេក៏ទាមទារឲ្យរោងចក្រទទួលយកកម្មករដែលបានព្យួរការងារ និងទាមទារឲ្យផ្លាស់ប្ដូរសហជីពប្រចាំរោងចក្រ សៅ ឡែនដ៍។
មូលហេតុដែលកម្មករឈប់នៅថ្ងៃទី៣ និងទី៥ ខែមិថុនា គឺដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ កម្មករបញ្ជាក់ថា ពួកគេរង់ចាំដំណឹងពីខាងថៅកែ និងសហជីព ប៉ុន្តែពួកគេមិនបានទទួលដំណឹងថា តើត្រូវឲ្យកម្មករឈប់សម្រាកបន្ថែមទៅបោះឆ្នោតឬទេ ដូច្នេះកម្មករសម្រេចបិទម៉ាស៊ីនឈប់ធ្វើការ ហើយទៅស្រុកកំណើតបោះឆ្នោតមុនថ្ងៃឈប់សម្រាក។ កម្មករអះអាងថា មិនបានដឹងថាការឈប់សម្រាកមុនថ្ងៃបោះឆ្នោត ឬក្រោយថ្ងៃបោះឆ្នោតត្រូវរោងចក្រតម្រូវឲ្យកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំនោះទេ។
កម្មការិនីម្នាក់ផ្នែកត្រួតពិនិត្យគុណភាព ឈ្មោះ សឿន សោភា ទាមទារឲ្យថៅកែរោងចក្រអនុគ្រោះដល់កម្មករដោយកាត់ប្រាក់ឈ្នួលសម្រាប់ថ្ងៃទី៣ ខែមិថុនា ៥០%។ ចំពោះការឈប់នៅថ្ងៃទី៥ មិថុនា កញ្ញា សឿន សោភា ស្នើសុំរោងចក្រធ្វើការថ្ងៃឈប់សម្រាកណាមួយជំនួស តែកុំកាត់ថ្ងៃឈប់សម្រាកដំណាច់ឆ្នាំរបស់កម្មករ៖ «»។
ក្នុងការតវ៉ានោះ កម្មករក៏ស្នើឲ្យថៅកែរោងចក្រទទួលយកថ្នាក់ដឹកនាំ និងសកម្មជនសហជីពចលនាកម្មករចំនួន ១០នាក់ និងកម្មករម្នាក់ ដែលក្រុមហ៊ុនបានព្យួរការងារពួកគេកាលពីថ្ងៃទី៧ មិថុនា ដោយរោងចក្របានចោទពួកគេថា បានញុះញង់ឲ្យកម្មករនិយោជិតតវ៉ាពាក់ព័ន្ធនឹងការស្នើសុំឈប់បន្ថែមថ្ងៃឈប់សម្រាកដើម្បីទៅបោះឆ្នោតនៅស្រុកកំណើត។
កម្មករផ្នែកជាង និងជាប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ សៅ ឡែនដ៍ លោក ឡាញ់ ភិរម្យ ប្រាប់ថា ក្រោយជំនួបជាមួយតំណាងក្រសួងការងារ នៅព្រឹកថ្ងៃទី៧ មិថុនា នៅក្នុងរោងចក្រ ពួកគេមិនទទួលបានអ្វីដែលកម្មករចង់បានទេ។ តំណាងក្រសួងការងារ គ្រាន់តែហៅពួកគេទៅសួរនាំ និងបានចោទបន្ថែមថា លោកបានទៅបិទម៉ាស៊ីនដេរ និងញុះញង់កម្មករឲ្យតវ៉ាជាមួយរោងចក្រ៖ «»។
មុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ សហជីពបានទាមទារឲ្យមានការសម្រួលដល់កម្មករអាចឈប់សម្រាកពិសេសបាន ២ថ្ងៃ គឺនៅថ្ងៃទី៣ និងថ្ងៃទី៥ មិថុនា ដើម្បីអាចឲ្យកម្មករធ្វើដំណើរទៅបោះឆ្នោតនៅតាមការិយាល័យនៅស្រុកកំណើត ដែលកម្មករបានចុះឈ្មោះបោះឆ្នោត។ សំណើនេះមិនត្រូវបានឯកភាពពីថៅកែរោងចក្រ អាជ្ញាធរ និង គ.ជ.ប ឡើយ ដោយរុញដាក់គ្នាទៅវិញទៅមក ថាមិនមែនជាតួនាទីខ្លួនដែលត្រូវសម្រេច។ ប៉ុន្តែសមាគមថៅកែរោងចក្របញ្ជាក់ថា កម្មករអាចប្រើប្រាស់ច្បាប់ឈប់សម្រាកប្រចាំឆ្នាំបាន។
កម្មករផ្នែកវេចខ្ចប់ ឈ្មោះ វណ្ណា សុភីវឌ្ឍន៍ ទាមទារឲ្យរោងចក្រផ្លាស់ប្ដូរសហជីពប្រចាំរោងចក្រ សៅ ឡែន ដ៍ដែលទទួលស្គាល់ដោយក្រសួងការងារ។ សហជីពដែលកម្មករទាមទារឲ្យរោងចក្រផ្លាស់ប្ដូរឈ្មោះសហជីពខ្មែរ។ កម្មកររូបនេះថា កម្មករជាច្រើនមិនពេញចិត្តនឹងសហជីពខ្មែរ ដែលប្រចាំនៅក្នុងរោងចក្រ សៅ ឡែនដ៍ ទេ ព្រោះសហជីពនេះ មិនបានបម្រើប្រយោជន៍កម្មករតាមតែកម្មករចង់បាន ខណៈពួកគេបង់លុយមួយខែ ២.០០០រៀល ឲ្យសហជីពខ្មែរប្រចាំរោងចក្រ សៅ ឡែនដ៍៖ «»។
ក្រុមកម្មករបានចោទសហជីពជាតិខ្មែរដែលកម្មករមិនពេញចិត្តថា បានរួមគំនិតជាមួយថៅកែរោងចក្រធ្វើកិច្ចព្រមព្រៀងកាត់ថ្ងៃឈប់សម្រាក ៣ថ្ងៃ ដោយកម្មករមិនបានដឹង និងមិនបានយល់ព្រម។
តំណាងសហជីពខ្មែរប្រចាំរោងចក្រ សៅ ឡែនដ៍ លោក ឈាន សុផាត បានចេញមកជួបកម្មករតវ៉ានៅម៉ោងបាយថ្ងៃត្រង់ ហាក់មិនបានដឹងថា កម្មកររោងចក្រ សៅ ឡែនដ៍ តវ៉ាចង់បានអ្វីនោះទេ។ លោកបានសួរទៅកម្មករដែលកំពុងតវ៉ាថា ចង់បានអ្វី? លោកបានប្រាប់កម្មករថា ប្រសិនបើកម្មករចង់បានអ្វីពីរោងចក្រ អាចធ្វើញត្តិ ឬលិខិតស្នើសុំតាមរយៈលោកដើម្បីលោកយកទៅជួបភាគីរោងចក្រ៖ «»។
ក្រោយពីគ្មានដំណោះស្រាយតាមការចង់បាន ក្រុមកម្មករបានបន្តតវ៉ាដោយដាក់ធុងបាសរាំ និងស្រែកតវ៉ានៅមុខរោងចក្រ។ ក្រុមកម្មករប្ដេជ្ញាថា នឹងបន្តការតវ៉ាដោយមិនចូលធ្វើការរហូតដល់ភាគីរោងចក្រយល់ព្រមតាមសំណើទាំងអស់របស់កម្មករ និងព្រមានលើកគ្នាទៅតវ៉ានៅមុខក្រសួងការងារ នៅថ្ងៃទី៨ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments