RFA | ក្រុម​អ្នក​ប្រឈម​នឹង​ជំងឺ​អេដស៍​ស្នើ​បក្ស​នយោបាយ​ដោះស្រាយ​បញ្ហា​សុខាភិបាល​នៅ​តាម​មូលដ្ឋាន | hot news

By , Comment
Share on Facebook Tweet on Twitter

បណ្ដាញ​ស្ត្រី​បម្រើ​សេវា​កម្សាន្ត បណ្ដាញ​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ ដោះស្រាយ​បញ្ហា​ផ្ដល់​សេវា​សុខាភិបាល​ជូន​ពួកគាត់​នៅ​តាម​មូលដ្ឋាន។ ការ​ស្នើ​នេះ​នៅ​ក្នុង​ជំនួប​ដែល​រៀបចំ​ដោយ​អង្គការ​ខាណា (KHANA) ដែល​មាន​គណបក្ស​នយោបាយ និង​ក្រុម​ប្រឈម​ខ្លាំង ជជែក​ពី​បញ្ហា​សុខភាព និង​ការ​អភិវឌ្ឍ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

ក្រុម​ដែល​គេ​ចាត់​ទុក​ថា កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ ជំងឺ​អេដស៍ ដែល​ត្រូវ​ការ​សេវា​សុខាភិបាល​ជា​ចាំបាច់ រំពឹង​ថា អាជ្ញាធរ​ដែល​ជាប់​ឆ្នោត​នឹង​ជួយ​សម្រួល​ការ​ផ្ដល់​សេវា​សាធារណៈ​នៅ​ថ្នាក់​មូលដ្ឋាន​ដោយ​គ្មាន​ការ​រើសអើង។

បណ្ដាញ​អប់រំ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន លោក អ៊ុក ថា ថ្លែង​ថា បច្ចុប្បន្ន​នៅ​តែ​មាន​ការ​រើសអើង​ក្នុង​សហគមន៍​ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន ភាព​ប្រឈម​ផ្លូវ​ច្បាប់ ខ្វះ​ការ​គាំទ្រ​សេវា​សុខភាព ហើយ​ពួកគេ​ប្រឈម​នឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

លោក​ថា សូម​កុំ​ចាត់​ទុក​ពួកគាត់​ជា​ជនល្មើស ពួកគាត់​គឺ​ជា​ជន​រងគ្រោះ ដែល​មិន​ចង់​ធ្លាក់​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​នោះ​ទេ៖ «ខ្ញុំ​ចង់​ឲ្យ​គណបក្ស​ដែល​ជាប់​ឆ្នោត​សុំ​ឲ្យ​គេ​ជួយ​ដូចជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដូចជា ចាប់​យក​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទៅ​ដាក់​ក្នុង​មណ្ឌល​ស្ដារ​នីតិសម្បទា​មួយ​ចំនួន ដូចជា ព្រៃ​ស្ពឺ ចាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទៅ​អ៊ីចឹង រហូត​ដល់​រយៈពេល ២​ខែ គាត់​ដាច់​ថ្នាំ​ពន្យារ​ជីវិត អត់​ដឹង​ស្ថានភាព​ពួកគាត់​គាត់​ទ្រុឌទ្រោម​ទៅៗ ដល់​ពេល​បញ្ជូន​គាត់​ចេញ​មក​រយៈពេល ២​ថ្ងៃ​គាត់​ស្លាប់។ មិនមែន​មាន​តែ ១​ករណី​ហ្នឹង​ទេ មាន ២ ឬ ៣​ករណី​ទៀត។ ក្នុង​សហគមន៍ ឬ​ក៏​តាម​មន្ទីរពេទ្យ​អី​មួយ​ចំនួន​ពេល​យើង​ទទួល​សេវា​គេ​រើសអើង​យើង​ជា​ខ្លាំង គេ​ទុក​ពួក​យើង​ចោល គេ​អ្នក​មាន​លុយ​គេ​ចូល​បាន​ភ្លាមៗ ហើយ​អ្នក​អត់​លុយ អ្នក​គ្រឿងញៀន​គេ​ទៅ​ហួស​មក​ហួស»

សមាជិក​បណ្ដាញ​ស្ត្រី​បម្រើ​សេវា​កម្សាន្ត លោកស្រី អ៊ុក សុម៉ាឡៃ មាន​មតិ​ថា គាត់​ចង់​ឲ្យ​គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ផ្ដល់​សេវា​សន្តិសុខ​ដល់​ស្ត្រី​ធ្វើការ​កម្សាន្ត​នៅ​ពេល​យប់​ជ្រៅ​ឲ្យ​មាន​សុវត្ថិភាព ហើយ​ក្រុម​ស្ត្រី​ទាំង​នេះ នៅ​តែ​ទទួល​ការ​រើសអើង​ពី​សហគមន៍​អតិថិជន និង​ស្ថាប័ន​ផ្ដល់​សេវា​មួយ​ចំនួន​នៅ​ឡើយ៖ «ពេល​ពួក​ខ្ញុំ​ចុះ​ផ្សព្វផ្សាយ​គឺ​ខ្ញុំ​ចុះ​ទៅ​ជួយ​ស្ត្រី​នៅ​ពេល​យប់ ខ្ញុំ​ខ្លាច​ហានិភ័យ​ណា​មួយ ឬ​ខ្លាច​គេ​ចាប់​រំលោភ ឬ​ប្រើ​អំពើ​ហិង្សា​ពួក​ខ្ញុំ។ មិន​ត្រឹម​ក្ដី​បារម្ភ​ចំពោះ​ពួក​ខ្ញុំ​ជា​អ្នក​អប់រំ​ទេ ស្ត្រី​នៅ​ក្នុង​ហាង​ចេញ​ពី​ធ្វើការ​នៅ​ពេល​យប់​ដែរ គេ​វាយ​យក​របស់​ធ្លាប់​ជួប​ហើយ​រហូត​ដល់​ស្លាប់​ទៀត រឿង​នេះ​កើត​ឡើង​ហើយ»

ឆ្លើយ​តប​នឹង​កង្វល់​នេះ គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ដេញដោល​របស់​អង្គការ​ខាណា ប៉ុន្តែ​តំណាង​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​នោះ​ទេ។

តំណាង​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ផន ចន្ថា ទទួល​ស្គាល់​ថា មាន​ការ​រើសអើង និង​មាន​បញ្ហា​ទាំង​នេះ។ ប៉ុន្តែ​លោក​បាន​សន្យា​នៅ​ចំពោះ​មុខ​ម្ចាស់​ឆ្នោត​ថា បើ​សិន​គណបក្ស​លោក​ជាប់​ឆ្នោត​ដឹកនាំ​ឃុំ-​សង្កាត់​ណា​នោះ នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ស្លាប់​ដោយ​គ្មាន​ការ​ព្យាបាល​នោះ​ទេ។

ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន ដារី ថ្លែង​ថា លោក​យល់​អំពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​មាន​នេះ។ លោក​ថា បញ្ហា​គ្រឿងញៀន​រីក​រាលដាល​ដោយសារ​ក្រុម​អ្នក​ធំ និង​អ្នក​មាន​អំណាច ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នឹង​ធ្វើការ​បែងចែក​ថវិកា​ជាតិ​លើ​វិស័យ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ដោះស្រាយ​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ៖ «ខ្ញុំ​សូម​ជម្រាប​ថវិកា​ជាតិ​បច្ចុប្បន្ន​ចំពោះ​វិស័យ​សុខាភិបាល​ប្រហែល​តែ ៦.៧% ប៉ុណ្ណោះ នៃ​ថវិកា​ជាតិ​ទាំង​មូល​តិច​មែន​ទែន»

នាយក​ប្រតិបត្តិ​អង្គការ​ខាណា លោក ជួប សុខចំរើន ឲ្យ​ដឹង​ថា ក្រុម​បុរស​ស្រលាញ់​បុរស​មាន​ចំនួន ៣​ម៉ឺន​នាក់ ក្រុម​ស្ត្រី​សេវា​កម្សាន្ត​ចំនួន ៣​ម៉ឺន ៤​ពាន់​នាក់ អ្នក​ចាក់ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន ៧​ម៉ឺន ៤​ពាន់​នាក់ ជំរុញ​ឲ្យ​អ្នក​នយោបាយ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ជូន​ក្រុម​ប្រឈម​នេះ ព្រោះ​ជា​សំឡេង​របស់​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments