យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១សប្ដាហ៍កន្លងមកនេះ ពលរដ្ឋនៅរាជធានីភ្នំពេញ ខ្លះចាប់អារម្មណ៍ ឯខ្លះទៀតក៏មិនចាប់អារម្មណ៍ចំពោះសារនយោបាយដែលគណបក្សបានឃោសនាដែរ។ ប៉ុន្តែទោះជាយ៉ាងណា ពលរដ្ឋដែលបានសម្ភាសប្រាប់ថា ពួកគេនៅតែទៅបោះឆ្នោតឲ្យគណបក្សដែលពួកគេពេញចិត្ត។
អ្នកលក់ទឹកអំពៅនៅម្ដុំផ្សារឃ្លាំងរំសេវ សង្កាត់ផ្សារដើមគ លោក ប៊ុន សុបិន្ត ពេញចិត្តគោលនយោបាយទាំងអស់របស់គណបក្សពីរ តែលោកមិនហ៊ានបញ្ជាក់ថា បក្សណានោះទេ។ ក៏ប៉ុន្តែអ្នកលក់ទឹកអំពៅរូបនេះ ស្នើទៅចៅសង្កាត់ដែលឡើងថ្មីនៅពេលខាងមុខ កុំភ្លេចពាក្យសន្យាដែលកំពុងឃោសនានៅពេលនេះ៖ «មានអី គោលនយោបាយគាត់ល្អទាំងសងខាង មិនថាបក្សណា ដូចបក្សណា សុទ្ធតែល្អដូចគ្នា។ បើតាមមើលឃើញតាមផ្លូវនេះ គឺឃើញថា មានបក្សធំៗពីរ ដែលគាត់ដូចថា លូតទៅជាងគេ។ មានបក្សពីរដែលលូតទៅមុខ មានបក្សធំៗពីរ ដែលមើលទៅដូចល្អ ទំនង។ បក្សតូចៗ ដូចជាមិនជាផ្លូវការអីធំៗ ដូចបក្សពីរហ្នឹងទេ»។
ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ អ្នកស្រី យ៉ា សូវ៉ាធី ចាប់អារម្មណ៍ពីសារនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ អ្នកស្រីថា សារនយោបាយដែលគណបក្សទាំងពីរនេះ បានផ្សព្វផ្សាយ១សប្ដាហ៍មក កាន់តែធ្វើឲ្យអ្នកស្រីងាយក្នុងការសម្រេចចិត្តបោះឆ្នោតនៅពេលខាងមុខ៖ «សារហ្នឹងវាមានន័យខ្លឹមសារ ដូចថាវាល្អ យើងឲ្យបំបាត់ពុករលួយបាន សារគេច្រើន ល្អទាំងអស់ មានអីដល់ខ្លឹមសារគេទៅទាំងអស់មានអីស្ដាប់បាន យល់បាន»។
អ្នកលក់ល្ហុងទុំ និងលក់ម្ជូរតាមរទេះ លោក ឃឹម សុខា ពេញចិត្តចំពោះសារនយោបាយរបស់គណបក្សសង្គ្រោះជាតិ ជាងគេ ព្រោះជាសារដែលទាក់ទាញលោក។ ឯសាររបស់គណបក្សប្រជាជនកម្ពុជា អ្នកលក់ល្ហុងទុំរូបនេះថា មិនសូវចាប់អារម្មណ៍ ព្រោះធ្លាប់ឮច្រើនអាណត្តិមកហើយ តែអនុវត្តមិនដែលបានដូចជាសារលុបបំបាត់អំពើពុករលួយ និងសារបង្ក្រាបគ្រឿងញៀនជាដើម។ ចំណែកសារគណបក្សនយោបាយក្រៅពីនេះ លោកថា មិនបានចាប់អារម្មណ៍ទេ៖ «ខាងសង្គ្រោះជាតិល្អណាស់បង ខាងសង្គ្រោះជាតិ ល្អបំផុត! សារអារឿងមនុស្សចាស់ហ្នឹងណា ឲ្យបាន អាយុ ៦៥ឆ្នាំឡើងទៅ ហ្នឹងបាន ៤ម៉ឺនហ្នឹង ល្អណាស់! អត់ទេបង (ខាងបក្សប្រជាជន) អត់មានតែម្ដង សារអារឿងបំបាត់អំពើពុករលួយហ្នឹង អត់មានតែម្ដង នៅតែដដែល ធ្វើអត់បាន អាពុករលួយ នៅទីណាក៏ពុករលួយដែរ»។
និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ លោក ញ៉េប ច័ន្ទតុលា ប្រាប់ថា មិនបានចាប់អារម្មណ៍នឹងសារនយោបាយដែលគ្រប់គណបក្សបានផ្សាយទេ ដោយសារលោករវល់សិក្សា។ តែទោះយ៉ាងណា និស្សិតរូបនេះនឹងទៅបោះឆ្នោតឲ្យគណបក្សមួយដែលលោកពេញចិត្ត៖ «ព្រោះថា ខ្ញុំនៅជាប់អត់ទាន់មានការងារធ្វើអ៊ីចឹងហើយ ខ្ញុំត្រូវការរៀនច្រើនតិច ដើម្បីស្វែងរកការងារធ្វើ»។
បុរសចំណាស់ធាក់ស៊ីក្លូនៅផ្សារថ្មី លោក ម៉ែន សេក ហាក់ដូចជាធុញទ្រាន់នឹងការឃោសនាសារនយោបាយ ព្រោះលោកថាដដែលៗ។ លោកធាក់ស៊ីក្លូតាំងពីអំឡុងឆ្នាំ១៩៩០ មក នៅម្ដុំផ្សារថ្មី ហើយលោកធ្លាប់ស្ដាប់សារអ្នកនយោបាយឃោសនាតាំងពីបោះឆ្នោតសម័យអ៊ុនតាក់មក ឮតែពាក្យដដែលៗ ប៉ុន្តែលោកនៅតែធាក់ស៊ីក្លូដដែល។ តែទោះជាធុញក៏ដោយ លោកនឹងទោះបោះឆ្នោតឲ្យគណបក្សមួយដែលលោកពេញចិត្ត៖ «វាដូចតែគ្នា ដដែលៗ»។
យុទ្ធនាការឃោសនាបោះឆ្នោត ៨ថ្ងៃដំបូង នៅរាជធានីភ្នំពេញ គណៈកម្មការរាជធានីភ្នំពេញ រៀបចំការបោះឆ្នោត ទទួលបានពាក្យបណ្ដឹង ១ករណី គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានហែខុសគោលការណ៍។ ប្រធានគណៈកម្មការរាជធានីភ្នំពេញ រៀបចំការបោះឆ្នោត លោក មាស ឆព្វណ្ណ ប្រាប់ថា តំណាងគណបក្សប្រជាជនកម្ពុជា នៅសង្កាត់វាលស្បូវ ជាអ្នកប្ដឹង តែបានដោះស្រាយរួចហើយ ដោយតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានសុំទោស និងសន្យាជាមួយគណៈកម្មការរាជធានីរៀបចំការបោះឆ្នោតថា នឹងមិនហែក្បួនឃោសនាខុសពីគោលការណ៍ណែនាំទៀតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments