RFA | សាលាក្ដីខ្មែរ​ក្រហម​​ខ្វះ​ថវិកា​សម្រាប់​សំណង​ជនរងគ្រោះ​ខណៈ​​មេធាវី​ជន​រង​គ្រោះ​ដាច់​ប្រាក់​ខែ | hot news

By , Comment
Share on Facebook Tweet on Twitter

សាលាក្ដី​ខ្មែរ​ក្រហម​ស្នើ​ប្រទេស​ម្ចាស់​ជំនួយ​ឲ្យ​គាំទ្រ​ថវិកា​សម្រាប់​សំណង​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម។ ចំណែក​ឯ​មេធាវី​ការពារ​ក្ដី​ជនរងគ្រោះ​វិញ ក៏​កំពុង​ដង្ហោយ​រក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រោះ​ដាច់​ប្រាក់ខែ​យូរ​ខែ​ហើយ។

អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម គ្រោង​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ដើម្បី​ស្វែងរក​ការ​គាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​ផ្ដល់​សំណង​ដល់​ជន​រង​គ្រោះ​ក្នុង​សំណុំរឿង ០០២/០២។ គម្រោង​សំណង​សមូហភាព និង​សំណង​ផ្លូវ​ចិត្ត​សម្រាប់​ជនរងគ្រោះ​នេះ មាន​ចំនួន ២៣​គម្រោង និង​ត្រូវ​ការ​ថវិកា​រហូត​ដល់ ៦​លាន​ដុល្លារ​អាមេរិក។ កិច្ច​ប្រជុំ​ស្វែង​រក​ជំនួយ​នេះ ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-​កូរ៉េ ដែល​ស្ថិត​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​លោក នេត្រ ភក្ត្រា បាន​ប្រាប់​អាស៊ីសេរី ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ អង្គភាព​ជនរងគ្រោះ​ទើប​រក​ប្រាក់​​ជាង ១​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៖ «គម្រោង​សំណង​នេះ គឺ​ត្រូវ​ដាក់​ជូន​ទៅ​អង្គ​ជំនុំជម្រះ​សាលាដំបូង ដើម្បី​ពិនិត្យ​សម្រេច​នៅ​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង ០០២ វគ្គ ២ នៅ​ក្នុង​ករណី​ដែល​រក​ឃើញ​ថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន មាន​ពិរុទ្ធភាព​នៅ​ក្នុង​បទឧក្រិដ្ឋ​ដែល​បាន​ចោទ​ប្រកាន់ មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍»

​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នេះ មាន​ជិត ៤​ពាន់​នាក់ (៣.៨៦៧) និង​មាន​សិទ្ធិ​ទទួល​បាន​សំណង​សមូហភាព និង​ផ្លូវ​ចិត្ត។

ស្រប​ពេល​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ខ្វះ​ថវិកា​អនុវត្ត​គម្រោង​សំណង​សម្រាប់​ជនរងគ្រោះ​ទាំង​នេះ មេធាវី​ការពារ​ក្ដី​របស់​ពួកគាត់​ឯ​ណោះ​វិញ ក៏​កំពុង​ដង្ហោយ​រក​ជំនួយ​ផង​ដែរ ដោយសារ​ពួក​គាត់​ដាច់​ប្រាក់​ខែ​យូរ​ខែ​ហើយ។ លោក​មេធាវី ហុង គឹមសួន រួម​នឹង​មេធាវី​មួយ​ចំនួន​ទៀត​មក​ពី​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ដែល​តំណាង​ឲ្យ​ជនរងគ្រោះ​ជា​ច្រើន​នាក់ នៅ​សាលាក្ដី​ខ្មែរក្រហម​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​បំពេញ​ការងារ​ជួយ​ជនរងគ្រោះ​ឲ្យ​ចប់​ចុង​ចប់​ដើម ព្រោះ​អង្គការ​ធ្លាប់​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្រុម​លោក​បាន​ផ្ដាច់​ជំនួយ​នេះ​អស់​ហើយ៖ «យើង​អត់​មាន​លុយ​សោះ ដូច្នេះ​ហើយ​បាន​ជា​កំពុង​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​ក៏ដោយ ឲ្យ​អ្នក​ណា​ក៏ដោយ ដែល​គេ​មាន​ការ​យកចិត្តទុកដាក់​លើ​ផល​លំបាក​យើង គឺ​យើង​ខ្វះខាត​ថវិកា​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​មែន​ទែន​រហូត​ដល់​២០១៩»

​ទាក់ទង​នឹង​បញ្ហា​នេះ សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក ពេជ អង្គ បញ្ជាក់​ថា លោក​បាន​ដឹង​អំពី​ការ​លំបាក​នេះ។ តែ​ជា​អកុសល សហ​មេធាវី​នាំមុខ​មិន​មាន​តួនាទី​ក្នុង​ការ​ដើរ​រក​ថវិកា​ជា​ប្រាក់ខែ ឬ​ប្រាក់​សេវា​សម្រាប់​ជួយ​ពួកគាត់​បាន​នោះ​ទេ ពោល​គឺ​លោក​យល់​ថា មាន​តែ​ម្ចាស់​ជំនួយ​ប៉ុណ្ណោះ ដែល​អាច​សម្រេច​ក្នុង​រឿង​នេះ​បាន៖ «មេធាវី​នាំ​មុខ​មិន​សូវ​មាន​តួនាទី​ផ្នែក​ខាង​ហ្នឹង​ទេ ដូច្នេះ​វា​ពិបាក​ណាស់​សម្រាប់​មេធាវី​នាំ​មុខ​នៅ​ក្នុង​ការ​ដើរ​រក fund (ជំនួយ) សម្រាប់​ជូន​ពួកគាត់។ តែ​ខ្ញុំ​គិត​ថា ពួកគាត់​អាច​នឹង​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ដើរ​រក fund ដោយ​ខ្លួន​គាត់ ប្រសិនបើ​ម្ចាស់​ជំនួយ​យល់​ថា ពួកគាត់​បាន​ធ្វើ​ការ​ល្អ​ហើយ ហើយ​ម្ចាស់​ជំនួយ​យល់​ថា វា​ចាំបាច់​ណាស់​នៅ​ក្នុង​ការ​ធ្វើ​ការ​បម្រើ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​ជា​ជនរងគ្រោះ​ដែល​ត្រូវ​ការ​ព័ត៌មាន»

​ទាក់ទង​នឹង​ការ​សម្រេច​របស់​ម្ចាស់​ជំនួយ​នេះ លោក ពេជ អង្គ នៅ​តែ​ទទួល​ស្គាល់​សារសំខាន់​របស់​មេធាវី​ការពារ​ក្ដី​ជនរងគ្រោះ និង​សន្យា​ថា នឹង​គាំទ្រ​តាម​មធ្យោបាយ ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ប្រាប់​ម្ចាស់​ជំនួយ​អំពី​សារសំខាន់​នៃ​ការងារ​របស់​មេធាវី​ទាំង​នោះ ក្រែង​ម្ចាស់​ជំនួយ​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ត​ទៅ​ទៀត៖ «ក្នុង​ករណី​ដែល​មេធាវី​ទាំង​អស់​នោះ ត្រូវ​ការ​ឲ្យ​មាន​លិខិត​គាំទ្រ ដើម្បី​ជូន​ពួកគាត់​សម្រាប់​ទៅ​រក​ថវិកា​សម្រាប់​ពួកគាត់ មេធាវី​នាំ​មុខ​នឹង​អាច​ពិចារណា នឹង​អាច​ធ្វើ​ជូន​ពួកគាត់»

លោក​មេធាវី ហុង គឹមសួន នៅ​តែ​ប្ដេជ្ញា​ថា លោក​នឹង​នៅ​តែ​ប្រឹង​ជួយ​ជនរងគ្រោះ​ត​ទៀត ត្រដាបត្រដួស​រឿង​ថវិកា​យ៉ាង​ណា​ក៏ដោយ ព្រោះ​លោក​កាន់​រឿង​ក្ដី​នេះ​តាំង​ពី​ដើមទី​មក​ហើយ៖ «ខ្ញុំ​វា​អត់​មែន ក៏ប៉ុន្តែ​វា​ចេះ​ត​ទៅ ដោយសារ​យើង​ជាប់​កាតព្វកិច្ច ភារកិច្ច​យើង​ហើយ យើង​ចង់​តាម​ឲ្យ​ដល់​ទី​បញ្ចប់ ទោះ​បី​គេ​ដឹង តែ​គេ​ធ្វើ​មិន​ដឹង​មិន​ឮ​យ៉ាង​ម៉េច​ក៏​យើង​នៅតែ​ធ្វើ​ទៅ»

រហូត​មក​ដល់​ពេល​នេះ សាលាក្ដី​ខ្មែរក្រហម​បើក​ដំណើរការ​កាត់​ក្ដី​អស់​រយៈពេល ១១​ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា​អស់​ជិត ៣០០​លាន​ដុល្លារ​អាមេរិក។ ជា​លទ្ធផល​សាលាក្ដី​នេះ​បាន​កាត់ទោស​ឲ្យ​អតីត​មេ​គុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១ និង​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ក្នុង​សំណុំរឿង ០០២ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​នៅ​បន្ត​នីតិវិធី​រហូត​ដល់​ឆ្នាំ​២០១៩។

ចំណែក​ឯ​សំណុំរឿង ០០៣ និង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ​លោក មាស មុត លោក អោ អាន លោក យឹម ទិត្យ និង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។ លោកស្រី អ៊ឹម ចែម ជា​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង ០០៤/០១ ត្រូវ​បាន​លើកលែង​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​២២  ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដោយសារ​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​រក​ឃើញ​ថា លោកស្រី​មិន​ស្ថិត​នៅ​ក្រោម​​យុត្តាធិការ​បុគ្គល​របស់ អ.វ.ត.ក ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments