គិតមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ចំនួន ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប បានជាប់ក្នុងឃុំរយៈពេលជិត ៩ខែហើយ។ ទាំងក្រុមអង្គការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ ចាត់ទុកការឃុំខ្លួននេះជាអំពើរំលោភសិទ្ធិ និងបំពានគោលការណ៍ច្បាប់ស្ដីពីការឃុំខ្លួន។
ក្រុមអង្គការសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធររដ្ឋាភិបាលបញ្ឈប់ការឃុំខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ដែលពួកគេចាត់ទុកការឃុំខ្លួនអ្នកទាំង ៥នាក់នោះ ជាការឃុំខ្លួនតាមទំនើងចិត្ត។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន២៥ ចេញនៅថ្ងៃទី២១ ខែមករា បានលើកឡើងពីសេចក្ដីសម្រេចរបស់ក្រុមការងារនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានបញ្ហានៃការឃុំខ្លួនតាមទំនើងចិត្ត ដែលទទួលស្គាល់ថា ការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សចំនួន ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប គឺជាការឃុំខ្លួនតាមទំនើងចិត្ត និងបំពានលើសិទ្ធិសេរីភាពខាងសមាគម។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាលឲ្យពិចារណាចំពោះសេចក្ដីសម្រេចរបស់ក្រុមការងារអង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ប្រសិនបើរដ្ឋាភិបាលពិតជាអនុវត្តតាមបទដ្ឋានច្បាប់អន្តរជាតិ ដែលរដ្ឋាភិបាលបានផ្ដល់សច្ចាប័ន មានដូចជាកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។ អ្នកស្រីថា ការឃុំខ្លួនអ្នកទាំង ៥នាក់នោះ ត្រូវបានអង្គការជាតិ និងអន្តរជាតិ រកឃើញថា ពុំត្រឹមត្រូវ និងជាការរំលោភសិទ្ធិពួកគាត់។
អ្នកស្រីបន្តថា សំណុំរឿងឃុំខ្លួនអ្នកទាំង ៥នាក់ ជាប់ទាក់ទងនឹងសំណុំរឿងចោទប្រកាន់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប៉ុន្តែនៅពេលនេះ លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រព្រះរាជប្រទានការលើកលែងទោស ដូច្នេះអ្នកទាំង ៥នាក់ គួរតែត្រូវបានដោះលែង៖ «មើលទៅបានរំលោភលើសិទ្ធិរបស់ពួកគាត់ក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ តួយ៉ាងសិទ្ធិដែលសន្មតថាគ្មានទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។ ហ្នឹងគឺបានរំលោភតែម្តង ព្រោះថាទី១ នៅពេលដែលមិនមានភស្តុតាងគ្រប់គ្រាន់ ឬក្នុងករណីដែលមានវិមតិសង្ស័យ ប្រយោជន៍គួរតែបានទៅលើជនដែលត្រូវបានចោទនោះ។ យើងមើលទៅដល់ពេលបច្ចុប្បន្ននេះ តុលាការមិនទាន់បានរកឃើញមានភស្តុតាងគ្រប់គ្រាន់ណាមួយ ក្នុងការដាក់បន្ទុកពួកគាត់។ អ៊ីចឹងពួកគាត់គួរតែត្រូវបានដោះលែង»។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ក្រុមការងាររបស់អង្គការសហប្រជាជាតិ បានផ្ញើសេចក្ដីសម្រេចនោះទៅក្រសួងយុត្តិធម៌ ភ្លាមៗដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានការឆ្លើយតបជាផ្លូវការនៅឡើយ។
អាស៊ីសេរី ក៏នៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននៅឡើយទេនៅល្ងាចថ្ងៃទី២១ ខែមករា។
ក្នុងសំណុំរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់មានប្រសាសន៍ប្រាប់អាស៊ីសេរី ថា តុលាការអនុវត្តសំណុំរឿងនីមួយៗ គឺឈរលើគោលការណ៍ច្បាប់ និងឯកភាពរបស់ខ្លួនពេញលេញ៖ «ជនដែលប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹង គឺគាត់ប្រឈមនឹងបទព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ និងព្រហ្មទណ្ឌពិសេសដទៃទៀត»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី រួមនឹងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវតុលាការឃុំខ្លួនកាលពីចុងខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីពួកគេត្រូវឃាត់ខ្លួនសាកសួរដោយអង្គភាពប្រឆាំងអំពើពុករលួយ។ ពួកគេត្រូវចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហារវាងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងនាង ខុម ចាន់តារាទី។
សេចក្ដីថ្លែងការណ៍រួមដដែលបញ្ជាក់ទៀតថា អ្នកសង្កេតការណ៍ជាច្រើនក្នុងនោះមានទាំងក្រុមការងាររបស់អង្គការសហប្រជាជាតិផង មានមន្ទិលលើយុត្តាធិការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានសាកសួរលើអ្នកទាំង ៥នាក់។
ក្រុមការងាររបស់អង្គការសហប្រជាជាតិ រកឃើញថា នីតិវិធីឃុំខ្លួនបណ្ដោះអាសន្ន អនុវត្តដោយរំលោភបំពានលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌មួយចំនួន និងរិះគន់ទៅលើការបន្តឃុំខ្លួនអ្នកទាំង ៥នាក់ ដោយពុំផ្ដល់សំអាងហេតុផលតាមច្បាប់ឲ្យបានត្រឹមត្រូវ។ ក្រៅពីចាត់ទុកថា ករណីនេះជាការឃុំខ្លួនតាមអំពើចិត្ត ក្រុមអង្គការសង្គមស៊ីវិលនៅមើលឃើញថា ករណីអ្នកទាំង ៥នាក់ ត្រូវបានអ្នកនយោបាយប្រើប្រាស់ជាកូនអុកក្នុងការចរចាបែបនយោបាយក្នុងសំណុំរឿងដែលមានចរិតនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments