អង្គភាពប្រឆាំងអំពើពុករលួយ នឹងបង្កើតការិយាល័យប្រឆាំងអំពើពុករលួយនៅតាមខេត្តមួយចំនួននៅឆ្នាំ២០១៧ ដែលអង្គភាពនេះចាត់ទុកថាជាគោលដៅមានអំពើពុករលួយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី៦ ខែមករា ថា ការិយាល័យប្រឆាំងអំពើពុករលួយនេះ នឹងត្រូវបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ រួមនឹងខេត្តមួយចំនួនទៀត គឺខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លើសពីនេះទៀត អង្គភាពនេះនឹងបង្កើតក្រុមមន្ត្រីនគរបាលទៅតាមជំនាញ ដើម្បីផ្ដល់សិទ្ធិអំណាចដល់នគរបាលយុត្តិធម៌ក្នុងការបំពេញការងារប្រឆាំងអំពើពុករលួយ ឲ្យកាន់តែមានប្រសិទ្ធភាព៖ «»។
លោក ឱម យ៉ិនទៀង ឲ្យដឹងដែរថា នៅពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយមាននគរបាលយុត្តិធម៌ចំនួន ៥០នាក់។ លោកថា ការពង្រីកការិយាល័យប្រឆាំងអំពើពុករលួយនេះ អង្គភាពនឹងត្រូវរៀបចំកម្លាំងនគរបាលយុត្តិធម៌ចំនួនជិត ២០០នាក់ទៀត។
កាលពីថ្ងៃទី៣ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយ បានចេញរបាយការណ៍ស្ដីពីការធ្លាក់ចុះនៃបណ្ដឹងទាក់ទិនអំពើពុករលួយនៅក្នុងឆ្នាំ២០១៦។ ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកឡើងថា ការធ្លាក់ចុះនៃបណ្ដឹងនេះ មិនទាន់ឆ្លុះបញ្ចាំងពីការថយចុះនៃអំពើពុករលួយនោះនៅឡើយទេ ហើយអង្គការតម្លាភាពអន្តរជាតិ រកឃើញថា កម្ពុជា នៅតែជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះនៅឡើយខាងប្រព្រឹត្តអំពើពុករលួយ។
បើទោះជាយ៉ាងណា លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា ការអប់រំផ្សព្វផ្សាយពីការប្រឆាំងអំពើពុករលួយ នៅជាតម្រូវការចាំបាច់នៅកម្ពុជា។ លោកក៏បានអំពាវនាវឲ្យវិស័យឯកជនចូលរួមការងារប្រឆាំងអំពើពុករលួយនេះជាមួយអង្គភាពរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments