ការទទូចសុំឲ្យរំកិលស្លាក CPP ចេញពីមុខផ្ទះត្រូវបរាជ័យ
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ Thu, 10 November 2016
ស្វាយរៀងៈ ស្ត្រីម្នាក់ដែលរស់នៅក្នុងខេត្តស្វាយរៀងបានបរាជ័យក្នុងការទទូចឲ្យអាជ្ញាធរមូលដ្ឋានរំកិលស្លាកសញ្ញាគណបក្សប្រជាជនចេញពីមាត់ច្រកទ្ធារចូលផ្ទះរបស់គាត់ដែលស្លាកសញ្ញាគណបក្សនោះត្រូវបានដំឡើងដោយសមាជិកគណបក្សនៅក្នុងមូលដ្ឋាន។
អ្នកស្រី ម៉ន ទិត ដែលជាអ្នករស់នៅសង្កាត់វាលយន្ត ក្រុងស្វាយរៀងបានរៀបរាប់ថាស្លាកសញ្ញាគណបក្សនោះត្រូវបានគេដំឡើងនៅពីមុខច្រកទ្វារចូលក្នុងផ្ទះរបស់អ្នកស្រីកាលពីឆ្នាំមុនហើយអ្នកស្រីបានព្យាយាមស្នើសុំទៅមន្ត្រីសង្កាត់ និងមន្ត្រីក្រុងស្វាយរៀងជាច្រើនដងមកហើយដើម្បីសុំឲ្យរំកិលស្លាកសញ្ញាគណបក្សនោះចេញប៉ុន្តែវាបរាជ័យរហូត។
អ្នកស្រី ម៉ន ទិត បាននិយាយថា៖ «យើងអាចដើរចូលទៅក្នុងផ្ទះបានប៉ុន្តែរថយន្ត និងម៉ូតូមិនអាចចូលបានទេព្រោះពួកគេបានដាំសសរទ្រ និងដាក់ស្លាកសញ្ញានោះនៅជាប់នឹងរបងរបស់ខ្ញុំតែម្តង»។
បើយោងតាមក្មួយប្រុសរបស់អ្នកស្រី ទិត គឺលោក ភោគ តូលី បានថ្លែងថាសមាជិកគណបក្សប្រជាជនមូលដ្ឋានលោក ឈឹម ចាន់ដារ៉ា បានបោះបង្គោលស្លាកសញ្ញាគណបក្សនៅលើដីនោះ។
នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃចន្ទកន្លងទៅលោក ចាន់ដារ៉ា ត្រូវបានគេមើលឃើញថាបានរារាំងបុរសពីរនាក់មិនឲ្យដកស្លាកសញ្ញាគណបក្សប្រជាជននោះចេញទេហើយបានរុញបុរសម្នាក់ និងបានបោះប៉ែលរបស់គាត់ចោលផងដែរ។
នៅពេលទាក់ទងកាលពីថ្ងៃអង្គារលោក ចាន់ដារ៉ា បានបដិសេធទៅនឹងការអះអាងរបស់អ្នកស្រី ទិត ដោយលោកបានថ្លែងថាស្លាកសញ្ញាគណបក្សនេះត្រូវបានដំឡើងតាំងពីមុនរបង និងខ្លោងទ្ធារផ្ទះរបស់គាត់ធ្វើម្ល៉េះហើយគាត់មានការអនុញ្ញាតដើម្បីដំឡើងស្លាកសញ្ញានោះនៅលើដីសាធារណៈ។
លោក ដារ៉ា ថ្លែងថា៖ «ដីនេះមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ទេ។ ខ្លោងទ្វារគឺគេបានសាងសង់ថ្មីហើយខ្លោងទ្ធារចាស់របស់អ្នកស្រី [ទិត] គឺនៅលើផ្លូវធំឯណោះ»។
ជំទប់ឃុំលោក ហ៊ុន សុផាត ត្រឹមតែអាចនិយាយថាស្លាកសញ្ញានោះបានបាំងច្រកចូលផ្ទះអ្នកស្រី ទិត ហើយថាករណីនេះត្រូវបានបញ្ជួនទៅអាជ្ញាធរក្រុងស្វាយរៀងរួចហើយ៕ NS
From KI Media - Khmer Intelligence
via_IFTTT
0 Comments