RFA | យុវជន​បរិស្ថាន​គ្រោង​រៀបចំ​តាំង​ពិព័រណ៍​រូបភាព​ស្ដីពី​កោះកុង​ក្រៅ នៅ​មុខ​វត្តបទុមវតី | hot news

By , Comment
Share on Facebook Tweet on Twitter

សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ គ្រោង​រៀបចំ​តាំង​ពិព័រណ៍​រូបភាព​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ នៅ​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា ខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ​។ សកម្មភាព​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​យុទ្ធនាការ​ជិះ​កង់​ទាំង​ពីរ​លើក​របស់​ក្រុម​យុវជន ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ។

សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៩ មិថុនា ថា ក្រុម​យុវជន នឹង​ដាក់​តាំង​ពិព័រណ៍​រូបភាព​កោះកុង​ក្រៅ ជា​សាធារណៈ​នៅ​សួនច្បារ​មុខ​វត្តបទុមវតី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​កោះកុង​ក្រៅ​កាន់តែ​ច្រើន​។ កញ្ញា​រំពឹង​ថា ការ​តាំង​ពិព័រណ៍​នេះ​នឹង​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អង្គការ​មួយ​ចំនួន​ផង​ដែរ។

យុវជន ភួន កែវរស្មី បញ្ជាក់​ថា ទោះជា​សកម្មភាព​កន្លង​ទៅ មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ក៏ដោយ ក៏​ក្រុម​យុវជន​មាតា​ធម្មជាតិ​នៅតែ​បន្ត​សកម្មភាព​ទាំងនេះ​ទៀត ដើម្បី​សង្គ្រោះ​កោះកុង​ក្រៅពី​សំណាក់​អ្នក​មាន​អំណាច​។ កញ្ញា​អះអាង​ថា គោលជំហរ​របស់​ក្រុម​យុវជន គឺ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​វិនិយោគ​កោះ​នេះ​ពី​ក្រុមហ៊ុន​កោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកជំនួញ​ជិតស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ចំពោះ​សកម្មភាព​ទាំងអស់​ហ្នឹង វា​អត់​មានអី​ធ្វើ​ឱ្យ​ពួក​យើង​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​សកម្មភាព​បន្តបន្ទាប់​ទៀត​ទេ ព្រោះថា គេ​អត់​មានអី​ក្រៅពី​ការ​ហាមឃាត់ រារាំង​យើង​ទេ បើ​យើង​ច្បាស់​ថា ខ្លួនឯង​ធ្វើ​ហ្នឹង វា​ត្រូវ ធ្វើ​ហ្នឹង​វា​ជា​ប្រយោជន៍​ទាំងអស់​គ្នា ធ្វើ​ហ្នឹង​វា​មិន​ខុសច្បាប់ យើង​នៅតែ​បន្ត​ធ្វើ​សកម្មភាព​បន្ត​បន្ទាប់​ទៀត ដើម្បី​សង្គ្រោះ​កោះកុង​ក្រៅ​ហ្នឹង​។ ពួក​យើង​នៅ​តែ​មាន​ទឹកចិត្ត ហើយ​ហ្នឹង​កម្លាំងចិត្ត ព្រោះថា កោះ​ហ្នឹង គឺជា​កោះ​របស់​យើង​ទាំងអស់គ្នា ហើយ​ទោះបីជា​មាន​ការ​បំភិតបំភ័យ គំរាមកំហែង ឬមួយ​ក៏​រារាំង​ពី​អាជ្ញាធរ​ម៉េច​ក្តី ក៏​យើង​នៅតែ​មាន​សកម្មភាព​បន្តបន្ទាប់​ទៀត»

ក្រុម​យុវជន​មាតា​ធម្មជាតិ​ធ្លាប់​បានធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ផ្សព្វផ្សាយ​អំពី​កោះកុង​ក្រៅ​នេះ​ពីរ​ដង​រួច​មក​ហើយ តែ​ត្រូវ​បាន​អាជ្ញាធរ​រា​រាំងជា​បន្តបន្ទាប់​។ យុទ្ធនាការ​ជិះ​កង់​លើកទីមួយ​ធ្វើឡើង​កាលពីដើម​ខែ​មិថុនា ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​រារាំង ចំណែក​លើក​ទី​ពីរ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤ មិថុនា ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រារាំង ក្រោម​ហេតុ​ដូចគ្នា​គឺ ក្រុម​យុវជន​មិន​បាន​សុំ​ច្បាប់។

អាស៊ីសេរី​បាន​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ដើម្បី​សាកសួរ​អំពី​វិធានការ​របស់​អាជ្ញាធរ​លើ​គម្រោង​តាំង​ពិព័រណ៍​របស់​ក្រុម​យុវជន​នេះ តែ​លោក​បញ្ជាក់​ដោយ​ខ្លី​ថា កំពុង​រវល់​ប្រជុំ រួច​បង្វែរ​ឱ្យ​ទៅ​សួរ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​វិញ​។ អាស៊ីសេរី​បាន​ទាក់ទង លោក ម៉េត មាសភក្តី ដែល​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃទី​១៩ មិថុនា។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អ៊ុល វ៉ាន់ ថ្លែង​ថា កម្មវិធី​តាំង​ពិព័រណ៍​ផ្សព្វផ្សាយ​អំពី​កោះកុង​ក្រៅ​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ គឺជា​សកម្មភាព​ជួយ​ការពារ​ធនធាន​ធម្មជាតិ និង​ជា​ការ​អនុវត្ត​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​មើល​ឃើញ​ថា សកម្មភាព​បែបនេះ គឺ​ជា​សកម្មភាព​ដែល​រារាំង​នូវ​សិទ្ធ​សេរីភាព​របស់​យុវជន ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​ឆន្ទៈ មនសិការ លះបង់​ពេលវេលា ធនធាន ដើម្បី​ចូលរួម​ការពារ​សម្បត្តិ​ធនធាន​ទាំងអស់​ហ្នឹង​។​អាជ្ញាធរ​គួរតែ​កែប្រែ​នូវ​ឥរិយាបថ​ពួកគាត់​ចំពោះ​ក្រុម​យុវជន​ដែល​ស្រលាញ់​បរិស្ថាន ហើយ​ងាក​មក​គាំទ្រ​ពួកគាត់ ហើយ​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​បន្ត​សកម្មភាព ដើម្បី​ការពារ​បរិស្ថាន​របស់​យើង​ទាំងអស់​គ្នា»

មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង អះអាង​ថា កោះកុង ឬ​ដែល​ពលរដ្ឋ​និយម​ហៅថា កោះកុង​ក្រៅ​នេះ គឺជា​កោះធំ​ជាងគេ​របស់​កម្ពុជា ដែល​មាន​ទំហំ​សរុប ១០៣ គីឡូម៉ែត្រ​ការ៉េ ហើយក៏​ជា​កោះ​ខ្ពស់​ជាងគេ ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ​ផង​ដែរ គឺ​មាន​កម្ពស់​រហូតដល់ ៤១៨ ម៉ែត្រ​ពី​នីវ៉ូ​ទឹកសមុទ្រ​។ កោះ​នេះ ស្ថិត​ក្នុង​ភូមិ​ជ្រោយប្រស់ ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង និង​សម្បូរ​ដោយ​សក្ដានុពល​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ ព្រមទាំង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់​ស្អាត និង​ទឹកសមុទ្រ​មាន​ពណ៌​ខៀវ​ស្រងាត់។

ក្រសួងបរិស្ថាន​បាន​ប្រកាស​ជា​សាធារណៈ​ថា ក្រសួង​បាន​សិក្សា​ពី​សក្ដានុពល​កោះ​នេះ​តាំងពី​ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​ដាក់​តំបន់​នោះ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​នៅ​ឆ្នាំ​២០២១ ខាងមុខ ក៏ប៉ុន្តែ​ថ្មីៗ​នេះ​ស្រាប់តែ​រដ្ឋាភិបាល​បាន​ទម្លាយ​ព័ត៌មាន​ថា កោះ​នេះ​ទាំងមូល​ត្រូវ​បាន​ប្រគល់​សិទ្ធិ​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments