RFA | សហគមន៍​ដីធ្លី​ខេត្ត​មួយ​ចំនួន ថ្កោលទោស​ការ​បាញ់​បង្ក្រាប​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ | hot news

By , Comment
Share on Facebook Tweet on Twitter

សហគមន៍​ដីធ្លី​នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​លើកឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​តែ​បន្ត​បិទបាំង​ព័ត៌មាន​អំពី​ការ​ស្លាប់ និង​រង​របួស​នៃ​ក្រុម​អ្នក​តវ៉ា​ករណី​ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ គឺ​ពួកគាត់​នឹង​មិន​ស្ងប់​ចិត្ត​ឡើយ។

តំណាង​សហគមន៍​ដីធ្លី​នៅ​ឃុំ​បឹង​ប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង លោក អ៊ុន យ៉ាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មីនា​ថា ពួក​គាត់​តក់ស្លុត​យ៉ាង​ខ្លាំង ចំពោះ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៨ មីនា។ លោក​ហៅ​ការ​បង្ក្រាប​នេះ​ថា ជា​អំពើ​ព្រៃផ្សៃ​មក​លើ​ពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់។ «សំឡេងទី១»

ចំណែក​ឯ​សហគមន៍​ដីធ្លី​នៅ​ឧត្តរមានជ័យ លោក ជឹម វណ្ណា ទទូច​ឲ្យ​រដ្ឋាភិបាល​របរ​លោក ហ៊ុន សែន ស្រាវជ្រាវ​​​​ចាប់​ជន​ប្រព្រឹត្ត​ការ​បាញ់​ប្រហារ ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ លោក​អះអាង​ទៀត​ថា បើ​ទោះ​បី​ជា​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​យ៉ាង​នេះ​ក្ដី ក៏​ពួក​គាត់​នៅ​តែ​បន្ត​ជួបជុំ​គ្នា​ដើម្បី​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​របស់​ពួកគាត់​ដោយ​មិន​ខ្លាច​ញញើត​ដែរ។ «សំឡេងទី២»

ព័ត៌មាន​បឋម ដែល​អាស៊ី​សេរី​ទទួល​បាន​តាម​ការ​សម្ភាស​តាម​ទូរស័ព្ទ​ពី​អ្នក​ស្រុក និង​ពី​សង្គម​ស៊ីវិល​ដែល​អះអាង​ថា​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​ភ្នែក​ថា មាន​មនុស្ស​ស្លាប់ និង​របួស​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ពុំ​មាន​អ្នក​ស្លាប់​នោះ​ទេ គឺ​មាន​អ្នក​រង​របួស​២​នាក់​ប៉ុណ្ណោះ។

តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្ត​កណ្ដាល អ្នក​ស្រី អឿង សារី សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ខេត្ត​ក្រចេះ ដែល​បាន​បិទបាំង​ព័ត៌មាន​អំពី​ការ​បាញ់រះ​លើ​ពលរដ្ឋ​នេះ​ថា ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ។ «សំឡេងទី៣»

ស្រដៀង​គ្នា​នេះ​ដែរ សហគមន៍​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​លោក សៀន វី ថ្លែង​ថា ការ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​សមត្ថកិច្ច​មក​លើ​ពលរដ្ឋ​នេះ គឺ​ជា​អំពើ​ឃោរឃៅ និង​អយុត្តិធម៌។ លោក សៀន វី អះអាង​ទៀត​ថា ក្រោយ​ពី​ឃើញ​ការ​ស្លាប់​របស់​ពលរដ្ឋ​នេះ គឺ​រឹង​តែ​បញ្ឆេះ​កម្ដៅ​ដល់​ពួកគាត់​ឲ្យ​ចង់​តវ៉ា​កាន់​តែ​ខ្លាំង។ «សំឡេងទី៤»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា លើក​ឡើង​ថា រឿង​នេះ អាជ្ញាធរ​ហាក់​មាន​ចេតនា​បិទបាំង​ព័ត៌មាន​ច្រើន​ជាង​ការ​បង្ហាញ​ជា​សាធារណៈ ហើយ​លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ឲ្យ​មាន​តម្លាភាព ដើម្បី​ចាប់​អ្នក​ប្រព្រឹត្ត​ការ​បាញ់​ប្រហារ និង​អ្នក​ពាក់ព័ន្ធ​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។ «សំឡេងទី៥»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មាន​ប្រសាសន៍​ទៀត​ថា ប្រសិន​បើ​របប​លោក ហ៊ុន សែន មិន​ស្រាវជ្រាវ​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ឲ្យ​មាន​តម្លាភាព​ទេ គឺ​រឿង​នេះ​នឹង​មិន​ស្ងប់​ឡើយ ព្រោះ​សហគមន៍​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត​អាច​នឹង​ផ្ទុះ​កំហឹង ហើយ​អាច​នឹង​មាន​ការ​តវ៉ា​បង្ក​ចលាចល​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments