សកម្មជនការពារសិទ្ធិពលរដ្ឋខ្មែរក្រោមពីររូប ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែកក្កដា ក្នុងបំណងរារាំងមិនឲ្យពួកគាត់ទាំងពីររូប ជួបសំណេះសំណាលជាមួយមន្ត្រីអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងព្រៃនគរ ដែលវៀតណាមប្តូរជាក្រុងហូជីមិញ (Ho Chi Minh) ។ សកម្មជនទាំងពីររូបដែលអាជ្ញាធរវៀតណាម ចាប់ខ្លួននោះ គឺយុវជន យឿង ខាយ និងយុវជន ថាច់ កឿង។ យុវជនខ្មែរក្រោមទាំងពីរនាក់ គឺជាអ្នកចេញមុខយ៉ាងសកម្មក្នុងការតស៊ូមតិ ដោយអហិង្សាដើម្បីឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក។
វិទ្យុសំឡេងកម្ពុជាក្រោម (VOKK ) បានចេញផ្សាយព័ត៌មាននៅថ្ងៃទី៣០ កក្កដា ថា អាជ្ញាធរវៀតណាមជាច្រើន បានឡោមព័ទ្ធចាប់យុវជនទាំងពីរនាក់នៅកន្លែងផ្សេងៗគ្នា ខណៈអ្នកទាំងពីរ គ្រោងទៅជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមន្ត្រីអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំទីក្រុងព្រៃនគរ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ។
យុវជន យឿង ខាយ និងយុវជន ថាច់ កឿង ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាម គំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងឃាត់ខ្លួនទៅសួរនាំជាបន្ទាប់ ដោយសារភាពសកម្មនិយមរបស់ពួកគាត់ ក្នុងការទាមទារឲ្យអាជ្ញាធរបញ្ឈប់ការបំបិទសិទ្ធិ ពលរដ្ឋខ្មែរក្រោម ដែនដីកម្ពុជាក្រោម។
សកម្មជនការពារសិទ្ធិខ្មែរក្រោមមួយរូប លោក តោ ហ្វាងចឿង បានផ្ញើសារតាមវិទ្យុសំឡេងកម្ពុជាដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ជួយអន្តរាគមន៍ទៅអាជ្ញាធរវៀតណាម ឲ្យដោះលែងយុវជនទាំងពីរនោះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments