សកម្មជនបរិស្ថានកូនភ្លោះពីរនាក់ លោក ជុំ ហួត និង ជុំ ហួរ ព្រួយបារម្ភពីការរស់នៅ សុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ដោយសារតែសមត្ថកិច្ចបានឃ្លាំមើលដល់បន្ទប់ជួល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការឃ្លាំមើល និងតាមដានរបស់សមត្ថកិច្ចរបបក្រុងភ្នំពេញ ជាការគំរាមកំហែងសេរីភាពពលរដ្ឋ ផ្ទុយពីក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ។
សកម្មជនបរិស្ថាន លោក ជុំ ហួត ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៧ កក្កដាថា សមត្ថកិច្ចពាក់ឯកសណ្ឋានស៊ីវិល និងឯកសារនគរបាល ២នាក់ បានឃ្លាំមើលពួកគេជាប់ជាប្រចាំ ដល់បន្ទប់ជួល ដែលជាហេតុធ្វើឱ្យពួកគេភ័យខ្លាច រស់នៅប្រចាំថ្ងៃ។ លោកថា សមត្ថកិច្ចផ្ដើមតាមដានពួកគេ គ្រប់សកម្មភាព នៅគ្រាដែលពួកគេចេញមុខ ដាក់ញត្តិប្រឆាំងក្រុមហ៊ុន ទ្រី ភាព ដែលស្នើបូមខ្សាច់ ស្ដារទន្លេមេគង្គ កាលពីប៉ុន្មានខែមុន។ លោកបន្ថែមថា ថ្មីៗនេះ នគរបាលម្នាក់បានមកថតរូបលោក នៅក្នុងបន្ទប់ជួលក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចក៏ជិះម៉ូតូទៅបាត់៖ «ដោយសារទី១ មានការឃ្លាំមើលទៀត មិនថាទៅណាមកណា តែងមានការឃ្លាំមើល និងតាមដាន។ ហេតុផលទី២ ដោយសារតែមានគម្រោងការមួយតទល់ជាមួយ ទ្រី ភាព។ សកម្មភាពតទល់ជាមួយ ទ្រី ភាព តាមដានខ្លាំងមែនទែន។ ដូច្នេះប្អូនសម្រេចចិត្តប្ដូរផ្ទះ ដើម្បីចៀសវាងការតាមដាន»។
លោក ជុំ ហួត បន្ថែមថា គ្រួសារលោកបានបង្ខំចិត្តផ្លាស់ប្ដូរបន្ទប់ជួល ៣ដង មកហើយ នៅរយៈពេល ៣ ខែចុងក្រោយនេះ ក៏ប៉ុន្តែសមត្ថកិច្ចនៅតែរកឃើញទីតាំងពួកគេស្នាក់នៅ និងបានដាក់កម្លាំងពង្រាយដល់បន្ទប់ជួលចាំប្រចាំ៖ «សមត្ថកិច្ចចូលមុខបន្ទប់ ចូលក្នុងផ្ទះ បន្ទាប់មកគាត់ចេញទៅវិញ ហើយក្នុងនោះក៏មានអ្នកជិះខាងឃើញដែរ ឃើញជាក់ស្ដែង។ ករណីពេលដែលប្អូនមកនៅ មានអាជ្ញាធរមូលដ្ឋាន អាជ្ញាធរសង្កាត់ដែរមក ពីរ ទៅបីនាក់ មកមុខផ្ទះ រហូតដល់ប្អូនធ្វើអ្វីខ្លះ រហូតដល់អ្នកជិះខាងមិនហ៊ានជជែកជាមួយប្អូន។ តាមដានខ្លាំងមែនទែន តាំងពីប្អូនចេញពីខណ្ឌ»។
កាលពីថ្ងៃទី១០ កក្កដា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន រាជធានីភ្នំពេញបានឃាត់ខ្លួន លោក ជុំ ហួត និង ជុំ ហួរ និងយុវជន សួង នាគព័ន្ធ នៅគ្រាដែលពួកគេទិញកម្រងផ្អាកគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី នៅស្ដារម៉ាត នៃស្ថានីយប្រេងសាំងកាលតិច ជិតស្តុបបូកគោ រាជធានីភ្នំពេញ។ ក្រោយមក សមត្ថកិច្ចសម្រេចដោះលែងបងប្អូនទាំងពីរមកវិញ បន្ទាប់ពីឃុំខ្លួន ៩ម៉ោង និងបង្ខំឱ្យផ្តិតមេដៃ អនុវត្តលក្ខខណ្ឌចំនួន ៣ ចំណុច ទី១ ទទួលចម្លើយសារភាព ទី២ បញ្ជាក់ពីសាវតា និងទី ៣ ឈប់ធ្វើសកម្មភាពចែកខិត្តប័ណ្ណ ដែលធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរដ្ឋាភិបាល។
អាស៊ីសេរីបានទាក់ទង ស្នងការរាជធានីភ្នំពេញ លោក ស ថេត អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភគ៌ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការអធិប្បាយពីមូលហេតុនៃការដាក់ពង្រាយកម្លាំងឃ្លាំមើលសកម្មជនបរិស្ថានពីររូបនេះ ក៏ប៉ុន្តែទូរស័ព្ទហៅចូលគ្មានអ្នកលើក នៅថ្ងៃទី១៧ កក្កដា។
មន្ត្រីនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ចាត់ទុកទង្វើរបស់សមត្ថកិច្ច ជាការគំរាមកំហែងដល់ស្មារតីក្រុមសកម្មជនបរិស្ថាន ដែលលះបង់ពេលវេលា ការពារផលប្រយោជន៍សង្គមជាតិ។ លោកថា ការឃ្លាំមើល និងតាមដានក្នុងន័យគំរាមកំហែង ជាការបំពានខ្លឹមសារច្បាប់ជាតិ និងអន្តរជាតិ ដែលទាមទារឱ្យរដ្ឋាភិបាល ត្រូវស៊ើបអង្កេតរកមុខសមត្ថកិច្ចទាំងនោះឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៖ «សមត្ថកិច្ចឬក៏អាជ្ញាធរណា ដែលធ្វើការយាយី ឬក៏គំរាមកំហែងទៅលើសកកម្មភាពរបស់ យុវជនទាំងពីររូបនេះ យើងដឹងហើយ វាជាការរំលោភបំពានទៅលើផ្លូវច្បាប់របស់កម្ពុជា។ អាជ្ញាធរកម្ពុជា និងអាជ្ញាធរថ្នាក់លើ គួរតែពិនិត្យបញ្ហាទាំងហ្នឹង ហើយបើរកឃើញថា សមត្ថកិច្ចរូបណា ដែលគំរាមកំហែង និងយាយីនេះ គួរតែមានការចាត់វិធានការតាមផ្លូវច្បាប់»។
ទោះយ៉ាងណា សកម្មជនបរិស្ថានទាំងពីររូបនេះប្តេជ្ថាថា នឹងបន្តសកម្មភាពកិច្ចការឃ្លាំមើលបរិស្ថានទន្លេមេគង្គ និងចូលរួមតវ៉ា ក្នុងបំណងស្នើឱ្យអាជ្ញាធរដោះលែង យុវជន សួង នាគព័ន្ធ និងយុវជន គង់ រ៉ៃយ៉ា ដោយឥតលក្ខខណ្ឌ បើទោះបីជាទទួលរងការគំរាមកំហែងក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments