មន្ត្រីអង្គការសង្គមស៊ីវិលខ្មែរនៅក្រៅប្រទេស កំពុងតស៊ូមតិ រកដំណោះស្រាយ ចំពោះវិបត្តិនយោបាយខ្មែរ។ តំណាងអង្គការសម្ព័ន្ធមិត្ត ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនៅកម្ពុជា (ឬ ហៅកាត់ថា CAPPAC កាប៉ាក់) ដែលគេស្គាល់ថា ជាអង្គការ ២៣ តុលា ចាត់ទុកស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបច្ចុប្បន្ន ឈានដល់ចំណុចគ្រោះថ្នាក់។
លេខាធិការអង្គការ ២៣តុលា ប្រចាំនៅប្រទេសអូស្ត្រាលី គឺលោក ស៊ីល ស៊ីណុន ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៦ ខែកុម្ភៈនេះ ថា ស្ថានភាពបែបនេះ តម្រូវឱ្យពលរដ្ឋខ្មែរ និងអង្គការទាំងឡាយ នៅលើពិភពលោក ជួយអន្តរាគមន៍ជាបន្ទាន់៖ «ខ្ញុំយល់ឃើញថា ស្ថានភាពស្រុកខ្មែរបច្ចុប្បន្ន គឺមានភាពមិននឹងន គឺភាពចលាចលផ្នែកនយោបាយ ប្រសិនបើយើងមិនមានយន្តការទប់ស្កាត់ ឱ្យបានត្រឹមត្រូវ»។
លោក ស៊ីល ស៊ីណុន ចាត់ទុកការរម្លាយគណបក្សប្រឆាំង និងការប្រមូលយកអាសនៈរដ្ឋសភា និង អសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ពីមន្ត្រីជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ទៅចែកឱ្យបក្សដទៃ និង បក្សកាន់អំណាចនោះ គឺជាការឆក់ប្លន់អាសនៈស្របច្បាប់ផង និងជាការក្បត់ឆន្ទៈរាស្ត្រម្ចាស់ឆ្នោតផង ដែលប្រការនេះ ប្រាសចាកឆ្ងាយខ្លាំង ពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១នោះ។
ចំណែកឯមន្ត្រីអង្គការនេះមួយរូបទៀត និងជាតំណាងអង្គការ ២៣ តុលានេះប្រចាំប្រទេសកាណាដា គឺលោក វ៉ា សារឿន ថា ការខ្វះចន្លោះក្នុងការអនុវត្តឱ្យបានពេញលេញ ទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលស្រង់ចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ របបលោក ហ៊ុន កំពុងតែនាំគ្រោះមហន្តរាយដល់ប្រជាជាតិខ្មែរទាំងមូល។ ក្នុងស្ថានភាពបែបនេះ លោកអំពាវនាវ ឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ចូលរួមបំផុសចលនាផ្នែកការទូត ដើម្បីដាក់សម្ពាធ ឱ្យរបបលោក ហ៊ុន សែន ងាកមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ ក្នុងពេលជាមួយគ្នានេះ លើកស្នើឱ្យអ្នកនយោបាយ បញ្ឈប់ការវាយប្រហារគ្នា៖ «រឿងប្រទេចផ្ដាសា ជេរបញ្ចោរគ្នាទៅវិញទៅមក សុទ្ធតែជារឿងឥតប្រយោជន៍។ បើយើងរកកិច្ចការខាងផ្លូវច្បាប់ យើងនិយាយគ្នាភាគីទាំងសងខាង នៅកន្លែងច្បាប់ ទើបអាចផ្លូវដោះស្រាយបាន បង្រួបបង្រួមខ្មែរឡើងវិញបាន។ ដូច្នេះហើយខ្ញុំសូមអំពាវ ឱ្យភាគីអ្នកនយោបាយខ្មែរ និងពលរដ្ឋខ្មែរ ត្រូវរកដំណោះស្រាយតាមវិធីហ្នឹង»។
ការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានេះ ចំពោះលោក ប៉ែន គាត ដែលជាអនុប្រធានអង្គការ ២៣ តុលា ប្រចាំនៅប្រទេសអូស្ត្រាលី លោកថ្លែងថា លោកគ្មានភ្ញាក់ផ្អើលទេ ព្រោះលោក ហ៊ុន សែន ប្រព្រឹត្តបំពានដូច្នេះ តាំងពីដើមមក។ លោក ប៉ែន គាត បន្ថែមថា ទាំងនេះឯង ដែលជាមូលហេតុ ធ្វើឱ្យលោកចូលរួមបង្កើតអង្គការនេះឡើង និងចងក្រងបណ្ដាញជាមួយអង្គការដទៃទៀត ដើម្បីយកចិត្តទុកដាក់លើបញ្ហាប្រទេសកម្ពុជា៖ «អ្វីដែលយើងសង្ឃឹមយើងមានពីរ ទីមួយពលរដ្ឋខ្លួនឯង ត្រូវយល់ដឹងអំពីខ្លឹមសារនៃកិច្ចព្រមព្រៀង និងសិទ្ធិរបស់ខ្លួន។ ទីពីរយើងពឹងផ្អែកលើទំនាក់ទំនងជាមួយអង្គការផ្សេងៗ ដែលយើងមកអង្គការសហប្រជាជាតិនេះ ដើម្បីបង្កើតទំនាក់ទំនង និងចងក្រងគ្នាជាបណ្ដាញពិភពលោក»។
មន្ត្រីអង្គការទាំងនេះ សង្ឃឹមថា ការរួមគ្នារបស់ពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងប្រទេស និង ក្រៅប្រទេស ក្នុងការតស៊ូមតិលើឆាកអន្តរជាតិ ជាពិសេសការបង្ហាញអំពីស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដល់ពិភពលោកឱ្យបានដឹង នឹងជួយឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើរបបលោក ហ៊ុន សែន ឱ្យងាកមកស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments