
ប្រជាពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យរិះគន់អាជ្ញាធរខេត្តនេះថា បណ្ដោយឲ្យក្រុមហ៊ុន គង់ មាន ធ្វើអាជីវកម្មថ្មភ្នំបានផលចំណេញធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឲ្យហិនហោចសម្បត្តិធនធានធម្មជាតិ និងប៉ះពាល់ដល់ទីបញ្ចុះសពដូនតារបស់អ្នកស្រុក។ ការរិះគន់នេះដោយសារតែ អ្នកស្រុកបានទាមទារឲ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុននេះ ជិតមួយឆ្នាំហើយ តែគ្មានដំណោះស្រាយ ហើយក្រុមហ៊ុនកំពុងធ្វើសកម្មភាពដោយសេរី។
តំណាងពលរដ្ឋនៅឃុំតាផោ ស្រុកស្វាយចេក លោក នេត សុផាត ឲ្យនៅថ្ងៃទី៣១ តុលាថា សព្វថ្ងៃក្រុមហ៊ុន គង់ មាន ធ្វើអាជីវកម្មវាយកម្ទេចថ្មនៅភ្នំតាដុង ក្នុងឃុំតាផោ បានធ្វើសកម្មភាពខ្លាំងប្រមាណ ១ខែហើយ។ លោកបន្ថែមទៀតថា ថ្មដែលក្រុមហ៊ុនមួយនេះវាយកម្ទេចហើយ ដឹកយកទៅលក់ឲ្យក្រុមអ្នកធ្វើអាជីវកម្មផ្លូវថ្នល់នៅក្នុងឃុំក្បែរខាងក្នុងស្រុកស្វាយចេកផង និងដឹកទៅលក់នៅតំបន់មួយចំនួនទៀតក្នុងខេត្តបន្ទាយមានជ័យ។ ពលរដ្ឋរូបនេះអះអាងទៀតថា ពលរដ្ឋនៅក្នុងឃុំបានត្រឹមស្រក់ទឹកភ្នែកសោកស្ដាយភ្នំ ព្រោះមិនអាចរារាំងក្រុមហ៊ុននេះឲ្យបញ្ឈប់បានទេ៖ «ពួកខ្ញុំជាប្រជាពលរដ្ឋចង់បានអ្វីក៏ដោយ ខាងអាជ្ញាធរពាក់ព័ន្ធ គឺពេលខ្លះសូមឆ្លើយតបមតិយោបល់ដែលជាតម្រូវការពលរដ្ឋខ្លះផង មិនមែនពលរដ្ឋចង់បានឲ្យក្រុមហ៊ុនបញ្ឈប់តែគាត់មិនឈប់ យើងមានសិទ្ធិទាមទារហើយតែគាត់មិនធ្វើតាម។ ពួកគាត់ខ្ញុំក៏ជាម្ចាស់ឆ្នោតដែរ ដូច្នេះរាល់ការងារអភិវឌ្ឍន៍ណាមួយខ្ញុំចង់អោយអាជ្ញាធរមូលដ្ឋានគិតឡើងវិញ អំពីមតិពលរដ្ឋ ថាតើគាត់ស្នើសុំនេះខុសឬត្រូវ? ហើយមតិភាគច្រើនប៉ុនណាដែលគាំទ្រឲ្យធ្វើ ហើយភាគច្រើនប៉ុនណាដែលគេបដិសេធមិនឲ្យក្រុមហ៊ុននោះ»។
លោក នេត សុផាត បន្តទៀតថា អាជីវកម្មភ្នំនេះដំណើរការទៅបានដោយសារមានភ្លើងខៀវពីអាជ្ញាធរខេត្ត និងមន្ត្រីថ្នាក់លើពាក់ព័ន្ធ ព្រោះអាជ្ញាធរមូលដ្ឋានសុទ្ធតែបានដឹងរឿងនេះដែរ ប៉ុន្តែមិនហ៊ានបញ្ឈប់ក្រុមហ៊ុននេះឡើយ។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលស្រុកស្វាយចេកលោក លឿង សុភ័ក្រ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣១ តុលា ដោយលោកមិនទទួលទូរស័ព្ទ។
ចំណែកប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ លោក សុត វឌ្ឍនា ក៏មិនអាចទាក់ទងសុំការពន្យល់ជុំវិញបញ្ហានេះបានដែរ ដោយហៅចូលហើយ តែលោកចុចផ្ដាច់ទៅវិញ។ ចំណែកអភិបាលស្រុកស្វាយចេកលោក លឿង សុភ័ក្រ ក៏ធ្លាប់បដិសេធ មិនឆ្លើយដល់អាស៊ីសេរី ដោយរង់ចាំសុំយោបល់ពីថ្នាក់លើជាមុនសិន។
ប្រជាពលរដ្ឋឲ្យដឹងថានៅលើកំពូលភ្នំនេះមានទូលប្រាសាទបូរាណចំនួន៣កន្លែង ដែលជាទីសក្ការរបស់ពួកគាត់ ហើយជារៀងរាល់ឆ្នាំពលរដ្ឋក្នុងឃុំតាផូ តែងតែនាំគ្នាទៅធ្វើបុណ្យទាននៅលើភ្នំមួយនេះ ដើម្បីសុំសេចក្ដីសុខសប្បាយជាប្រចាំ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា អាជ្ញាធរក្នុងខេត្តនេះហាក់មិនខ្វល់រឿងសំណើរបស់ប្រជាពលរដ្ឋសុំឲ្យជួយថែរក្សាសម្បត្តិធនធានធម្មជាតិដូចជាភ្នំជាដើមនោះទេ។ លោកអះអាងថា អាជ្ញាធរធ្វើបែបនេះ ដោយខុសពីគោលការណ៍ប្រជាធិបតេយ្យ ហើយជាមូលហេតុធ្វើឲ្យពលរដ្ឋកាន់តែជួបការលំបាក ដោយសារអស់ព្រៃភ្នំជាកន្លែងដែលពួកគាត់ទាញយកអនុផល និងជាទីសក្ការរបស់ពលរដ្ឋ៖ «យើងឃើញថាភ្នំត្រង់ណាក៏ត្រងោលដែរដោយសារតែអ្នកមានលុយគេទិញអស់ ហើយគ្មាននរណាហ៊ាននិយាយហ៊ានថាទេ ដោយសារខ្លាចអស់លោកខ្លាចបុណ្យខ្លាចស័ក្ដិ របស់លោកធំទាំងនោះ ដែលគាត់បានអាជ្ញាប័ណ្ណមកកាយភ្នំ ហើយបានលុយបានកាក់មានបានតែក្រុមគ្រួសារខ្លួន បែរទៅជាសម្បត្តិធម្មជាតិក្នុងខេត្តបន្ទាយមានជ័យត្រូវរលាយដោយសារស្នាដៃខ្លួននោះ»។
ភ្នំតាដុងជាសម្បត្តិធនធានធម្មជាតិបម្រើប្រយោជន៍ដល់ពលរដ្ឋចំនួន៣ឃុំ ស្មើប្រមាណ៥ពាន់គ្រួសារ។ ភ្នំមួយនេះមានទទឹងប្រហែល១ពាន់៥០០ម៉ែត្រ និងបណ្ដោយប្រមាណ២ពាន់ម៉ែត្រ ស្ថិតនៅក្នុងឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ អ្នកភូមិចាត់ទុកភ្នំមួយនេះជាសម្បត្តិធម្មជាតិតែមួយគត់របស់ពួកគាត់ ដោយពួកគាត់រំពឹងទុកថា នៅថ្ងៃអនាគតភ្នំនេះ នឹងប្រែក្លាយទៅជារមណីយដ្ឋានធម្មជាតិយ៉ាងស្រស់ស្អាត ព្រោះនៅខាងមុខភ្នំមានអាងទឹកដ៏ធំ និងមានទេសភាពស្រស់ស្អាតទៀតផង។
អ្នកភូមិទាមទារឲ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុនមួយនេះតាំងកំពុងបោះទីតាំងកាលពីខែមករាឆ្នាំ២០១៨មក ប៉ុន្តែគ្មានដំណោះស្រាយទេ រហូតដល់ក្រុមហ៊ុននេះធ្វើសកម្មភាពបានជោគជ័យ។សព្វថ្ងៃភ្នំចាប់ផ្ដើមខូចរូបរាងបណ្ដើរៗហើយ ដោយពុំមានអាជ្ញាធរណាអើពើទប់ស្កាត់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments