តំណាងរាស្ត្រពីខាងគណបក្សពលកររបស់ប្រទេសអូស្ត្រាលី លោក លូក ហ្វ័រលី (Luke Foley) បានចេញសេចក្ដីថ្លែងការណ៍បង្ហាញជំហររឹងម៉ាំថា លោកនឹងនៅជាមួយពលរដ្ឋខ្មែរអូស្ត្រាលី ដែលមានគម្រោងធ្វើបាតុកម្ម ប្រឆាំងវត្តមានលោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។ លោកបន្តថា ពលរដ្ឋខ្មែរអូស្ត្រាលី ព្រួយបារម្ភចំពោះ ការគំរាមកំហែងរបស់លោក ហ៊ុន សែន ដែលព្រមានថា លោកនឹងតាមវ៉ៃដល់ផ្ទះ ប្រសិនបើមានការដុតរូបទីងមោងរបស់លោក។
លោក លូក ហ្វ័រលី បញ្ជាក់បន្ថែមទៀតថា លោកចង់ឲ្យបាតុករទាំងអស់ ដឹងថា ប៉ូលិសអូស្ត្រាលីនឹងផ្ដល់ការការពារសន្តិសុខដល់បាតុករចូលរួម តវ៉ាបាតុកម្មដោយអហិង្សា។
កាលពីដើមសប្ដាហ៍នេះ សមាជិកសភាអូស្ត្រាលី ពីខាងគណបក្ស ពលករ លោក ម៉ាក់ បាត់លើរ (Mark Butler) ថ្លែងថា ក្រុមតំណាងរាស្ត្រ របស់លោក បាននាំគ្នាសរសេរញត្តិមួយ ទៅកាន់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក មែលខម ធើនប៊ូល Malcolm Turnbull ដើម្បីឲ្យលោកលើកឡើងជាមួយលោក ហ៊ុន សែន ពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅកម្ពុជា។
លោក ម៉ាក់ បាត់លើរ បញ្ជាក់ថា ក្នុងញត្តិ នោះក្រុមតំណាងរាស្ត្រ របស់លោក បានស្នើឲ្យលោក មែលខម ធើនប៊ូល ទាមទារឲ្យលោក ហ៊ុន សែន ដោះលែង លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ជាបន្ទាន់ លុបចោលការរំលាយគណបក្សសង្គ្រោះជាតិ និងធានាឲ្យមានការបោះ ឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជាងនេះទៅទៀត ក្រុមតំណាងរាស្ត្រ របស់ប្រទេសអូស្ត្រាលី ពីខាងគណបក្សពលករ ដែលជាគណបក្សប្រឆាំង បានប្រាប់ទៅ នាយករដ្ឋមន្ត្រី អូស្ត្រាលីថា ការគំរាមតាមវ៉ៃដល់ផ្ទះ ចំពោះជនណា ដែលហ៊ានដុតទីងមោងលោក ក្នុងប្រទេសអូស្ត្រាលី នោះគឺមិនអាចទទួលបានជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments