អង្គការសហប្រជាជាតិ សម្រេចអនុម័តជាឯកច្ឆន្ទ ផ្ដល់ថវិកាចំនួន ៨លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ដំណើរការសាលាក្តីខ្មែរក្រហម សម្រាប់បុគ្គលិកបរទេស នៅឆ្នាំ២០១៨ ខាងមុខនេះ។ ការសម្រេចនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី៧២ ពាក់ព័ន្ធនឹងសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីសំណើឧបត្ថម្ភធនធានដល់សាលាក្តីខ្មែរក្រហម សម្រាប់ឆ្នាំ២០១៨ខាងមុខ។
តំណាងបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ លោក ទុយ រី សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៤ ធ្នូ ថា មូលហេតុដែលមហាសន្និបាត អង្គការសហប្រជាជាតិ ត្រូវកោះប្រជុំថ្ងៃអាទិត្យនេះ គឺដោយសារគណៈកម្មាធិការទី៥ ផ្នែកថវិការបស់ អ.ស.ប ចាំបាច់ត្រូវអនុម័តលើថវិកាចំណាយទាំងអស់សម្រាប់ឆ្នាំ២០១៨ ឲ្យបានមុនដំណាច់ឆ្នាំ២០១៧នេះ និងម្យ៉ាងទៀត លោកថា ដើម្បីបញ្ចប់កិច្ចការនេះឲ្យបានមុនថ្ងៃបុណ្យណូអែល។
គិតមកទល់ពេលនេះ សាលាក្ដីកូនកាត់ខ្មែរក្រហម បើកដំណើរការកាត់ក្ដីអស់រយៈពេលជាង ១២ឆ្នាំហើយ និងចំណាយថវិកាអស់ជាង ៣០០លានដុល្លារ ដែលជំនួយឧបត្ថម្ភស្ទើរតែទាំងអស់បានមកពីប្រទេសម្ចាស់ជំនួយនៃសហគមន៍អន្តរជាតិ ខណៈភាគីរដ្ឋាភិបាលបានចំណាយអស់សរុបជិត ៧០ លានដុល្លារ។ ជាលទ្ធផល សាលាក្ដីនេះបានកាត់ទោសឲ្យអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង ០០១ ជាប់ពន្ធនាគារអស់មួយជីវិត។ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺលោក ខៀវ សំផន និង នួន ជា ក្នុងសំណុំរឿង ០០២ វគ្គ២ វិញ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។ ការស៊ើបអង្កេតលើសំណុំរឿងពីរផ្សេងទៀត គឺសំណុំរឿង ០០៣ ដែលមានជនត្រូវចោទ មាស មុត និងសំណុំរឿង ០០៤ ដែលមានជនត្រូវចោទ អោ អាន និង យឹម ទិត្យ ត្រូវបានបិទបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៦។ នីតិវិធីបន្តក្នុងសំណុំរឿងទាំងពីរនេះ នៅមិនទាន់បិទបញ្ចប់ជាស្ថាពរនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments