ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បញ្ជាក់ថា អាជ្ញាធរខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធបានរៀបចំតំបន់រមណីយដ្ឋាននានានៅក្នុងខេត្តមួយនេះឲ្យកាន់តែមានលក្ខណៈប្រសើរ ទាំងផ្នែកសេវាកម្ម អនាម័យ និងសន្តិសុខ ជាដើម។ មន្ត្រីមន្ទីរទេសចរណ៍រំពឹងចំនួនភ្ញៀវទេសចរមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននៅក្នុងខេត្តនេះនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នឹងកើនឡើងជាងបណ្តាឆ្នាំមុនៗ។
ការរំពឹងរបស់មន្ត្រីមន្ទីរទេសចរណ៍ក្រោយពេលខេត្តកំពង់ធំ ចាប់ផ្តើមមានពលរដ្ឋជាតិ និងអន្តជាតិកាន់តែច្រើនឡើងបានស្គាល់ និងមកទស្សនារមណីយដ្ឋាននានាក្នុងខេត្តនេះ ពិសេសរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលទើបនឹងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីៗនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់អាជ្ញាធរខេត្ត និងក្រសួងទេសចរណ៍ ផង ខាងលោកនឹងរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ឲ្យកាន់តែប្រសើរនៅតាមតំបន់រមណីយដ្ឋានទាំងអស់ ដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ។ បន្ថែមពីនេះ រៀបចំថែរក្សាអនាម័យបរិស្ថានឲ្យបានស្អាត ដូចជាបន្ថែមធុងសំរាម និងសេវាកម្មលក់ដូរផ្សេងៗ ជាដើម។ លោកថា ចំនួនភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានក្នុងខេត្តនេះ ជាក់ស្តែងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺមានកាន់តែច្រើន ពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តែម្តង ហើយអាជ្ញាធរកំពុងត្រៀមលក្ខណៈមួយចំនួនដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅតំបន់ប្រវត្តិសាស្ត្រមួយនេះ និងតំបន់ផ្សេងទៀតផងដែរ៖ «សំខាន់យើងជូនដំណឹងទៅដល់តាមបណ្តារមណីយដ្ឋានទាំងអស់ ទីមួយបញ្ហាការលក់ដូរ សណ្ដាប់ធ្នាប់ការលក់ដូរ ពិសេសតម្លៃគឺកុំឲ្យមានការកើនឡើងសម្រាប់ភ្ញៀវ និងអនាម័យម្ហូបអាហារ»។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការនៃអង្គការយូណេស្កូ (UNESCO) សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨ កក្កដា នៅប្រទេសប៉ូឡូញ។ ក្រោយពេលដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កំណើនភ្ញៀវទេសចរមកទស្សនាតំបន់ប្រវត្តិសាស្ត្រមួយនេះកើនឡើងទ្វេដង។
ក្រៅពីរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ប្រធានមន្ទីរទេសចរណ៍ដដែលបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរអាចមកលេងកម្សាន្តនៅតំបន់ជាច្រើនទៀត ដូចជាភ្នំសន្ទុក ដែលជាកន្លែងធ្វើបុណ្យបែបព្រះពុទ្ធសាសនាផង។ ប្រាសាទគុហនគរ ទំនប់ ១ មករា ឬស្ទឹងជីនិត បឹងសំរឹទ្ធិ ក្នុងស្រុកបារាយណ៍។ កន្លែងបែបសាសនា និងវប្បធម៌ត្រៃលោកត្រៃលក្ខណ៍ ស្ទឹងព្រៃប្រស់ និងកន្លែងកម្សាន្តមួយចំនួនទៀត។ លោក សេង អាន ឲ្យដឹងថា សម្រាប់ខេត្តកំពង់ធំ តម្លៃស្នាក់នៅ និងអាហារក្តី នឹងមិនឡើងថ្លៃនៅក្នុងរដូវបុណ្យទានទេ៖ «នេះជាភាពទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរនៅក្នុងខេត្តកំពង់ធំ។ អ៊ីចឹងយើងសង្កេតឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជារៀងរហូត»។
មគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក លោក ឡូញ ប៊ុនថេង មិនទាន់អាចទស្សន៍ទាយបានទេថា ចំនួនភ្ញៀវទេសចរនឹងមកលេងកម្សាន្តតំបន់នេះកាន់តែច្រើននៅថ្ងៃបុណ្យភ្ជុំបិណ្ឌដែរឬយ៉ាងណា ព្រោះមុនពេលដាក់បិណ្ឌប្រមាណ ១សប្តាហ៍ ចំនួនភ្ញៀវទេសចរមកលេងកម្សាន្តតំបន់ប្រាសាទសំបូរព្រៃគុក គឺធ្លាក់ចុះច្រើន ទោះបីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក៏ដោយ។ លោកមិនដឹងពីមូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរទេ ប៉ុន្តែលោកស្នើឲ្យពលរដ្ឋនាំគ្នាមកទស្សនាតំបន់បុរាណមួយនេះឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីស្វែងយល់ពីតម្លៃប្រវត្តិសាស្ត្ររបស់ខ្មែរ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ ឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋានក្នុងខេត្តនេះក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌធំចំនួន ៣ថ្ងៃ កាលពីឆ្នាំ២០១៥ គឺមានចំនួនជាង ១ម៉ឺននាក់ (១៤.១៩៩នាក់)។ ចំណែកភ្ញៀវទេសចរមកលេងកម្សាន្តតាមតំបន់ទេសចរណ៍នៅរដូវបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃដូចគ្នានៅឆ្នាំ២០១៦ គឺមានចំនួនជាង ២ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments