RFA | បណ្ដាញ​យុវជន និង​សហគមន៍​មូលដ្ឋាន ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ស្ដីពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​វេទិកា​របស់​អង្គការ​សហ​ប្រជាជាតិ | hot news

By , Comment
Share on Facebook Tweet on Twitter

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ព្រះសង្ឃ និង​បណ្ដាញ​យុវជន​កម្ពុជា ជំរុញ​រដ្ឋាភិបាល​ឱ្យ​ទប់ស្កាត់​បទល្មើស​អារ​ឈើ​ខុសច្បាប់ និង​លើ​កម្ពស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម ក្រោយ​ពី​ពួក​គាត់​បាន​ចូល​រួម​វេទិកា​របស់​អង្គការ​សហ​ប្រជាជាតិ ស្ដីពី​ជីវចម្រុះ​លើក​ទី១៦ នៅ​ប្រទេស​កូឡុំប៊ី (Colombia)

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះ​រកា សង្ឃ​សហគមន៍​រុក្ខាវ័ន និង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​ទី២៥ ខែ​តុលា​ថា បញ្ហា​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់ និង​ការ​រឹតត្បិត​​សិទ្ធិ​ជា​មូលដ្ឋាន ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន គឺ​ជា​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​កម្ពុជា។ ពួក​គាត់​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ បង្ក​ការ​គំរាម​កំហែង​ដល់​បរិស្ថាន និង​ដី​ព្រៃ​ជំនឿ​របស់​ជនជាតិ​ដើម​ភាគ​តិច។

សេចក្ដី​ថ្លែងការណ៍​ដដែលៗ លើក​ឡើង​ថា ព្រៃ​ឈើ​ដែល​នៅ​សេសសល់​នៅ​លើ​ពិភព​លោក​ភាគ​ច្រើន​ ស្ថិត​នៅ​ក្នុង​ទឹក​ដី នៃ​សហគមន៍​មូលដ្ឋាន និង​ជនជាតិ​ដើម​ភាគ​តិច ដែល​ពួក​គាត់​រក្សា​អត្តសញ្ញាណ​គោរព​ជំនឿ​សាសនា និង​រក្សា​ប្រពៃណី​ដ៏​យូរអង្វែង។ករណី​នេះ បាន​ជំរុញ​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ទប់ស្កាត់​ការ​បាត់បង់​ជីវជាតិ​ប្រព័ន្ធ អេកូ ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ថែ​រក្សា​ភាព​ស្រស់​ស្អាត​របស់​​ភពផែន​ដី។

សមាជិក​ស្នូល​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ លោក យុត សឿម លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ជនជាតិ​ដើម​ភាគតិច និង​ សហគមន៍​មូលដ្ឋាន ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដូច​ជា​នៅ​ប្រទេសកូឡុំប៊ី និង​ប្រេស៊ីល ជា​ដើម​ ត្រូវ​បាន​រដ្ឋាភិបាល​ របស់​ពួក​គេ​ គាំទ្រ​ពេញ​ទំហឹង​ក្នុង​ការ​​ផ្ដល់​មូលនិធិ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ។ លោក​សង្ឃឹម​ថា​ រដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​ក្រសួង​បរិស្ថាន​ នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​​ប្រែង​អភិរក្ស​ព្រៃ​ឈើ និង ​ជីវចម្រុះ​ របស់​ពលរដ្ឋ​មូលដ្ឋាន​ឱ្យ​បាន​ល្អ​ប្រសើរ ដូច​គ្នា​នឹង​ បណ្ដា​ប្រទេស​នៅ​លើ​ពិភព​លោក​ដែរ។

ចំណែក​ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែរ​ថា ការ​វិនិយោគ​លើ​យុវជន​ដើម្បី​ការពារ​បរិស្ថាន និង​ជីវចម្រុះ គឺ​ចាំ​បាច់​ណាស់។ លោក​សង្ឃឹម​ថា វេទិកា COP16 នឹង​ធានា​បាន​នូវ​ប្រព័ន្ធ​គាំទ្រ​ដ៏​រឹងមាំ សម្រាប់​ការ​ចូល​រួម​ របស់​យុវជន ក្នុង​ការ​អភិរក្ស​ជីវចម្រុះ និង​តាម​ដាន​ការ​អនុវត្ត​គោល​នយោបាយ​របស់​ប្រទេស​សមាជិក រួម​នឹង​ការ​បង្កើន​មូលនិធិ​សម្រាប់​គំនិត​ផ្ដួចផ្ដើម​របស់​យុវជន​ត្រូវ​តែ​ជា​អាទិភាព។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​មាន​តម្លាភាព​អំពី​គោលនយោបាយ​របស់​ខ្លួន និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ ការ​ចូល​ រួម​របស់​យុវជន​ក្នុង​ការ​ការពារ​បរិស្ថាន។

លោក ហេង គឹមហុង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៦ ខែតុលា បន្ថែម​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​ ដើម្បី​បង្ហាញ​ក្ដី​កង្វល់​អំពី​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ស្ថាន​ភាព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​អ្នក​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា ឱ្យ​ពិភព​លោក​បាន​ដឹង។ បន្ថែម​ពី​នោះ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​បទល្មើស​អារ​ឈើ​ខុស​ច្បាប់ឱ្យ​មាន​ប្រសិទ្ធភាព រួម​នឹង​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ដោយ​គ្មាន​ការ​រឹតត្បិត។

លោក ហេង គឹមហុង៖ «កម្ពុជា​ត្រូវ​ប្រកាន់​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន នូវ​គោល​នយោបាយ​ល្អ​ប្រសើរ បើក​លំហ​ឱ្យ​សហគមន៍​ចូល​រួម​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ឱ្យ​ទូលំទូលាយ។ ជា​ពិសេស ភាគី​ពាក់ព័ន្ធ ត្រូវ​គោរព​ទៅ​ដល់​ជំនឿ សិទ្ធិ​សេរីភាព​របស់​ជនជាតិ​ដើម​ភាគ​តិច និង​សិទ្ធិ​របស់​សហគមន៍​មូលដ្ឋាន ព្រោះ​អី ពួក​គាត់​សំខាន់​ណាស់ ក្នុង​ការ​ជួយ​អភិរក្ស​មាន​ប្រសិទ្ធភាព ប្រកប​ទៅ​តាម​ផ្នែក​នានា ដែល​គេ​ហៅ​ថា​ ជួយ​ជំរុញ​ឱ្យ​អាជ្ញាធរ មាន​ការ​អនុវត្ត​គោលនយោបាយ​ជាតិ និង​អន្តរជាតិ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ លោក ខ្វៃ អាទិត្យា និង​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៦ ខែតុលា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​ទទួល។

វេទិកា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជីវចម្រុះ លើក​ទី១៦ នេះ មាន​គោលបំណង​តាម​ដាន​ការ​អនុវត្ត​ក្រប​ខណ្ឌ​ជីវចម្រុះ​ជា​សកល ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព នៃ​ព្រៃ​ឈើ​ ប្រព័ន្ធ​ អេកូឡូស៊ី និង​ ជីវចម្រុះ។ វេទិកា​នេះ​មាន​អ្នក​ចូល​ជាង ២ម៉ឺន​នាក់ មក​ពី​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក ដែល​ភាគ​ច្រើន ជា​សមាជិក​ តំណាង​មក​ពី​ប្រទេស​ហត្ថលេខី សហគមន៍ និង​អង្គការសង្គម​ស៊ីវិល ​ដើម្បី​ផ្លាស់​ប្ដូរ​បទពិសោធន៍ និង​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​សត្វ​ព្រៃ។ វេទិកា​នេះ​ធ្វើ​ឡើង​នៅ​ទី​ក្រុងកាលី (Cali) ប្រទេស​កូឡុំប៊ី (Colombia)

បណ្ដាញ​សហគមន៍​ព្រៃ​ឈើ និង​បណ្ដាញ​យុវជន​អះអាង​ថា ក្នុង​នាម​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃ​ឈើ​នៅ​កម្ពុជា ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​ក្រប​ខណ្ឌ​ជីវចម្រុះ​សកល និង​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ជីវចម្រុះ ដើម្បី​ធនធានធម្មជាតិ។ ពួក​គាត់​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​ចូល​រួម​ជា​មួយ​យុវជន ជនជាតិ​ដើម​ភាគ​តិច និង​សហគមន៍​មូលដ្ឋាន ដើម្បី​ការពារ និង​ អភិរក្ស​ព្រៃ​ឈើ និង​ជីវចម្រុះ ដ៏​មាន​តម្លៃ​ របស់​កម្ពុជា​ឡើង​វិញ។

មាត្រា២១ ស្ដី​ពី​តំបន់​ការពារ​ធម្មជាតិ​បាន​ចែង​ថា សហគមន៍​មូលដ្ឋាន សហគមន៍​ជនជាតិ​ដើម​ភាគ​តិច សាធារណជន និង​សង្គម​ស៊ីវិល​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​ក្នុង​ការ​ផ្ដល់ និង​ទទួល​យក​ព័ត៌មាន​ទាក់ទង​នឹង​ការ​គ្រប់គ្រង ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។  ទោះ​ជា​យ៉ាង​ណា កន្លង​ទៅ មន្ត្រី​បរិស្ថាន​តែង​រារាំង​មិន​ឱ្យ​ក្រុម​ប្រជា​សហគមន៍ និង​និស្សិត ចូល​ល្បាត​ព្រៃ​​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments