គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយសរុបជិត ១៨ម៉ឺននាក់ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។ ទាំង គ.ជ.ប និងអង្គការសង្គមស៊ីវិល សុទ្ធសឹងតែមើលឃើញពីតួនាទីដ៏សំខាន់របស់អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតឃុំ-សង្កាត់នេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួនជាង ៧ម៉ឺន ៤ពាន់នាក់ (៧៤.២៩៤) អ្នកសង្កេតការណ៍អន្តរជាតិដែលមកពីអង្គការអន្តរជាតិ និងអង្គទូតនានា ចំនួន ១៩២នាក់ ភ្នាក់ងារគណបក្សនយោបាយពេញសិទ្ធិចំនួនជាង ៥ម៉ឺន ៨ពាន់នាក់ (៥៨.៤១០) និងបម្រុងចំនួនជាង ៤ម៉ឺន ៦ពាន់នាក់ (៤៦.៦៦៦)។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់នៅថ្ងៃទី៣១ ខែឧសភា ថា នេះជាតួលេខដ៏ច្រើនគួរឱ្យកត់សម្គាល់ ដែលហួសពីការរំពឹងទុក ហើយ គ.ជ.ប កំពុងបោះពុម្ពប័ណ្ណសម្គាល់ខ្លួនបន្ថែមសម្រាប់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយទាំងនោះ។
លោក ហង្ស ពុទ្ធា ថ្លែងថា គោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺត្រូវមានការចូលរួមពីគ្រប់ភាគពាក់ព័ន្ធ ហើយអ្នកសង្កេតការណ៍នេះហើយជាភាគីមួយយ៉ាងសំខាន់ ព្រោះពួកគេជាអ្នកឆ្លុះបញ្ចាំងប្រកបដោយតម្លាភាពចំពោះព្រឹត្តិការណ៍ដែលកើតឡើងនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត៖ «»។
ដូចគ្នានឹង គ.ជ.ប ដែរ អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងថា ដើម្បីកុំឱ្យមានការខ្វែងយោបល់គ្នាជុំវិញរឿងភាពមិនប្រក្រតីទាំងឡាយដែលកើតមាន ពិសេសរឿងលទ្ធផលបោះឆ្នោត វាជារឿងចាំបាច់បំផុតដែលត្រូវមានការចូលរួមពីអ្នកសង្កេតការណ៍ឱ្យបានច្រើន ដើម្បីជាសាក្សីថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឬមួយក៏យ៉ាងណា៖ «»។
បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ ដែលជាសម្ព័ន្ធអង្គការសមាគមជិត ៤០ នៅកម្ពុជា ដាក់អ្នកសង្កេតការណ៍ចំនួន ១ម៉ឺន ៣ពាន់នាក់ នៅគ្រប់ទីតាំងបោះឆ្នោតទាំងអស់ទូទាំងប្រទេស។
ចំណែកអង្គការតម្លាភាពកម្ពុជា ដែលជំនាញខាងកិច្ចការប្រឆាំងអំពើពុករលួយ ក៏បានដាក់អ្នកសង្កេតការណ៍របស់ខ្លួនជាច្រើនដែរ នៅតាមតំបន់គោលដៅនៅទូទាំងប្រទេស។ អ្នកសង្កេតការណ៍សរុបនៃអង្គការមួយនេះ មានប្រមាណ ១.២០០នាក់។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែងថា អំពើពុករលួយផ្នែកនយោបាយ (Political Corruption) ដែលជាប្រភពនៃអំពើពុករលួយដទៃទៀត តែងតែកើតមាននៅរដូវកាលបោះឆ្នោត ដូច្នេះការដាក់ពង្រាយអ្នកសង្កេតការណ៍ គឺជារឿងមួយដ៏សំខាន់ ដើម្បីលើកកម្ពស់សុចរិតភាព តម្លាភាព និងភាពយុត្តិធម៌នៃការបោះឆ្នោតនេះ៖ «»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ ត្រូវបានអ្នកជំនាញខាងកិច្ចការបោះឆ្នោត វាយតម្លៃថា ជាការបោះឆ្នោតមួយដ៏សំខាន់ និងដ៏ស្រួចស្រាល់ ដោយសារតែការកើនឡើងនៃសំឡេងគាំទ្ររបស់បក្សប្រឆាំង។ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏មានឥទ្ធិពលជាងគេក្នុងពេលបច្ចុប្បន្ន បានដាក់បេក្ខជនឈរឈ្មោះគ្រប់ឃុំ-សង្កាត់ទាំងអស់ ដូចគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចដែរ។
អ្នកជំនាញមើលឃើញថា ក្នុងចំណោមគណបក្សទាំងពីរ បើសិនគណបក្សណាឈ្នះអាសនៈឃុំ-សង្កាត់ច្រើនជាង គណបក្សនោះនឹងមានឱកាសពង្រឹងអំណាចកាន់តែខ្លាំងនៅថ្នាក់មូលដ្ឋាន ហើយសំឡេងឆ្នោតដែលពួកគេទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងក្លាយជាសំឡេងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាស្រុក ខណ្ឌ ខេត្ត រាជធានី និងព្រឹទ្ធសភា។ ជាពិសេសលទ្ធផលបោះឆ្នោតនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការវិភាគលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments