មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ សម្រេចឲ្យរោងចក្រផលិតហាដឌីស (Hard Disk) កុំព្យូទ័រឈ្មោះ អេសស៊ី វ៉ាដូ ខឹមផូណិន (SC WADO COMPONENT) នៅក្រុងប៉ោយប៉ែត ផ្អាកដំណើរការបណ្ដោះអាសន្ន។ កាលពីយប់ថ្ងៃទី១១ មេសា ធុងហ្គាស៍នៅក្នុងរោងចក្រនេះបានផ្ទុះធ្វើឲ្យចំហាយទៅប៉ះបុគ្គលិក បណ្ដាលឲ្យមនុស្ស ៧នាក់រងរបួសធ្ងន់ និងស្រាល។
មន្ត្រីជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី១២ មេសា បានចុះស្រាវជ្រាវដល់ទីកន្លែងភ្លាមៗក្រោយពីទទួលដំណឹងផ្ទុះធុងហ្គាស៍នៅរោងចក្រផលិតហាដឌីសកុំព្យូទ័រឈ្មោះ អេសស៊ី វ៉ាដូ ខឹមផូណិន បណ្ដាលឲ្យមនុស្សរងរបួសជាច្រើននាក់។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ លោក រស់ សារុំ ឲ្យដឹងនៅថ្ងៃទី១២ មេសា ថា ក្រោយពីសមត្ថកិច្ចជំនាញស្រាវជ្រាវពេញមួយព្រឹក រកឃើញថា រោងចក្រមួយនេះបានធ្លាយធុងហ្គាស៍មួយកន្លែងចេញពីឡ ហើយចំហាយហ្គាស៍បានជះទៅចំបុគ្គលិកក្នុងរោងចក្រ បណ្ដាលឲ្យរលាករងរបួសធ្ងន់ចំនួន ៤នាក់ ក្នុងនោះមានជនជាតិឥណ្ឌា ម្នាក់ និងរបួសស្រាល ៣នាក់ កាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី១១ មេសា។
លោកបន្ថែមថា ខាងមន្ទីរការងារខេត្ត បានសម្រេចឲ្យក្រុមហ៊ុនមួយនេះផ្អាកដំណើរការមួយរយៈពេល ដើម្បីជួសជុលសម្ភារខូចខាតឲ្យបានល្អ និងធានាគុណភាព ទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ៖ «»។
អាស៊ីសេរី ពុំអាចទាក់ទងតំណាងក្រុមហ៊ុន អេសស៊ី វ៉ាដូ ខឹមផូណិន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១២ មេសា ដោយទូរស័ព្ទចូលជាច្រើនលើក តែពុំមានអ្នកទទួល។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បញ្ហានេះកើតឡើងដោយសារការធ្វេសប្រហែសរបស់ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ ដែលអនុញ្ញាតឲ្យរោងចក្រដំណើរការដោយមិនបានត្រួតពិនិត្យឧបករណ៍ប្រើប្រាស់ក្នុងរោងចក្រឲ្យបានត្រឹមត្រូវ៖ «»។
បច្ចុប្បន្ន អ្នករងរបួស ៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអ៊ិមមើជេនស៊ី (Emergency) ខេត្តបាត់ដំបង។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ លោក រស់ សារុំ អះអាងថា ខាងក្រុមហ៊ុនជាអ្នកទទួលខុសត្រូវលើការចំណាយថវិកាព្យាបាលអ្នករងរបួសរហូតជាសះស្បើយ ហើយលោកថា ខាងមន្ទីរបានបញ្ជូនក្រុមការងាររបស់ខ្លួនចុះតាមដាននៅជាប់ជាមួយអ្នកជំងឺដល់ទីកន្លែង។ រោងចក្ររបស់ជប៉ុន មួយនេះ មានទីតាំងស្ថិតនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានបើកដំណើរការរបស់ខ្លួនជិត ៤ឆ្នាំហើយ និងមានកម្មករជាង ៦០០នាក់កំពុងបម្រើការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments