"សភា​នៅ​តែ​អាច​អនុម័ត​ច្បាប់​ថវិកា​ជាតិ​បាន​បើ​ទោះ​ជា​បក្ស​ប្រឆាំង​ចូល​ប្រជុំ​ឬ​មិន​ចូល"

By , Comment
Share on Facebook Tweet on Twitter
អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង (ឆ្វេង) ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Rann Samnang

ដោយ អ៊ូ បាណុង RFA 2016-11-11

នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ខាង​មុខ​នេះ រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧។ បក្ស​ប្រឆាំង​អះអាង​ថា តំណាងរាស្ត្រ​ខ្លួន​គ្រោង​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ដែរ យ៉ាងណាមិញ ខាង​សភា​ថា ការ​ចូលរួម​ប្រជុំ​សភា​ជា​តួនាទី​របស់​តំណាងរាស្ត្រ ប៉ុន្តែ​ត្រង់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​រួម ឬ​មិន​ចូលរួម ក៏​សភា​មាន​សំឡេង​ភាគ​ច្រើន​គ្រប់គ្រាន់​ក្នុង​ការ​អនុម័ត​ដែរ។

អគ្គលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង អះអាង​ថា របៀបវារៈ​នៃ​ការ​បើក​កិច្ច​ប្រជុំ​សភា​ក្រោយ​ពិធី​បុណ្យ​អុំ​ទូក​ខាង​មុខ​នេះ នឹង​ពិភាក្សា​លើ​ចំណុច​សំខាន់ ៣ រួម​មាន​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​របស់​រដ្ឋ​ឆ្នាំ​២០១៥។

អ្នកនាំពាក្យ​នៃ​បក្ស​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋ​សភា លោក យឹម សុវណ្ណ បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា តំណាងរាស្ត្រ​បក្ស​លោក​នឹង​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ខាង​មុខ​នេះ  ដោយសារ​តែ​របៀបវារៈ​មួយ​ក្នុង​ចំណោម​របៀបវារៈ​ទាំង​បី មាន​សារសំខាន់​ខ្លាំង​នោះ គឺ​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧៖ «សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង​មាន​សារសំខាន់​ណាស់ វា​គឺ​ជា​ច្បាប់​ដែល​ចែង​អំពី​ការ​ប្រមូល​ពន្ធ ប្រមូល​ប្រាក់​ចំណូល​ពី​ប្រជាពលរដ្ឋ ហើយ​ចាយ​វាយ​ដើម្បី​ដឹង​ថា ដំណើរ​ការ​របស់​រដ្ឋាភិបាល ក៏​ដូចជា​ការ​អភិវឌ្ឍ​ប្រទេស ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។ អ៊ីចឹង​វា​ទាក់ទង​សំខាន់​ទៅ​នឹង​កាតព្វកិច្ច​របស់​អ្នក​តំណាងរាស្ត្រ ដែល​ត្រូវ​តែ​ពិនិត្យ​មើល​កិច្ចការ​ទាំង​អស់​ហ្នឹង ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ»។


ឆ្លើយ​តប​ទៅ​នឹង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​រូប​នេះ​ដែរ អគ្គលេខាធិការ​នៃ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា ការ​ចូលរួម​ប្រជុំ​សភា​គឺ​ជា​តួនាទី​របស់​តំណាងរាស្ត្រ ប៉ុន្តែ​យោង​តាម​បទពិសោធន៍​កន្លង​មក បើ​ទោះ​ជា​អវត្តមាន​អ្នក​នយោបាយ​បក្ស​ប្រឆាំង ក៏​សភា​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​អនុម័ត​ដែរ៖ «ភារកិច្ច​របស់​ពួកគាត់​គឺ​ថា ត្រូវ​តែ​មក​ធ្វើ​ច្បាប់ អ៊ីចឹង​ហើយ​កន្លង​មក​គាត់​មិន​មក ក៏​គណបក្ស​ដែល​នៅ​សល់​ហ្នឹង មាន​ភាគ​ច្រើន​គ្រប់គ្រាន់​ដើម្បី​អនុម័ត​ដែរ»។

​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧ មាន ៦​ជំពូក និង ១៥​មាត្រា។ ថវិកា​ជាតិ​ឆ្នាំ​២០១៧ ដែល​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន និង​បញ្ជូន​ឲ្យ​រដ្ឋ​សភា​គាំទ្រ​នោះ គឺ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​មាន​ការ​កើន​ឡើង បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ដែល​មាន​តែ​ជិត ៤​ពាន់​លាន​ដុល្លារ​អាមេរិក៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments