ពលរដ្ឋជិត៧លាននាក់បានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលជាង២ខែ
ដោយ សុ ជីវី RFA 2016-11-11
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១១ ខែវិច្ឆិកា ប្រកាសពីលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតបង្កើតបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦។ ក្នុងរយៈពេលជាង ២ខែ នៃដំណើរការចុះឈ្មោះនេះ មានពលរដ្ឋចុះឈ្មោះបានជិត ៧លាននាក់ហើយ។
គ.ជ.ប ក៏បានរកឃើញបញ្ហាមួយចំនួន រួមមានកំហុសនៅក្នុងការចុះឈ្មោះ និងមានឈ្មោះស្ទួននៅក្នុងបញ្ជី។ ក្រៅពីនេះ គ.ជ.ប ក៏បានដោះស្រាយបណ្ដឹងមួយចំនួនដែលកើតឡើងក្នុងដំណើរការនេះ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីឈ្មោះរបស់ គ.ជ.ប រកឃើញថា មានឈ្មោះដែលមានកំហុសចំនួនជាង ២១ម៉ឺននាក់ និងមានឈ្មោះស្ទួនចំនួនជិត ២ម៉ឺននាក់។
ថ្លែងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសមាជិក គ.ជ.ប លោក ឌុច សុន អោយដឹងថា បញ្ហាសំខាន់ៗមួយចំនួនដែល គ.ជ.ប ជួបប្រទះនៅក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ដោយការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រនេះ មានដូចជា ការធ្វេសប្រហែសរបស់អ្នកបំពេញការងារចុះឈ្មោះ និងការមិនផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវរបស់ការីកុំព្យូទ័រ៖ «»។
គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ការចុះឈ្មោះបោះឆ្នោតមានរយៈពេលជាង ២ខែ ឬ ៧១ថ្ងៃ គ.ជ.ប ចុះឈ្មោះអ្នកបោះឆ្នោតបានចំនួនជិត ៧លាននាក់ (៦.៩៩៣.៩០៣នាក់) គឺប្រមាណជាង ៧២ភាគរយ (៧២,៣៧%) នៃអ្នកដែលមានសិទ្ធិបោះឆ្នោតសរុប។ ក្នុងចំណោមកំហុសដែលរកឃើញអ្នកបោះឆ្នោតចំនួនជាង ២១ម៉ឺននាក់នោះ មន្ត្រី គ.ជ.ប ពន្យល់ថា ជាកំហុសផ្នែកទិន្នន័យមានដូចជា កំហុសអក្ខរាវិរុទ្ធ ការបញ្ចូលទិន្នន័យខុសពីលិខិតបញ្ជាក់អត្តសញ្ញាណ កំហុសឯកសារដែលផ្ដល់ដោយអាជ្ញាធរ និងការទទួលព័ត៌មានមិនច្បាស់លាស់ជាដើម។ ស្របគ្នានេះ គ.ជ.ប បានទទួលបណ្ដឹង ៨១ បានដោះស្រាយដោយការសម្របសម្រួលដោះស្រាយនៅមូលដ្ឋានចំនួន ៧២បណ្ដឹង ក្រៅពីនេះឋិតក្នុងការអង្កេតដើម្បីដោះស្រាយ។
អគ្គលេខាធិការរង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ មានប្រសាសន៍ថា ចំពោះកំហុសផ្នែកទិន្នន័យ គ.ជ.ប បានផ្ទៀងផ្ទាត់ និងកែតម្រូវរួចរាល់ហើយ។ លោកបន្តថា ចំពោះឈ្មោះស្ទួនដែលមានជាង ៣ពាន់នាក់ គ.ជ.ប នឹងធ្វើតាមនីតិវិធីបន្តបន្ទាប់៖ «»។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និកហ្វិច (NICFEC) លោក សម គន្ធាមី មានប្រសាសន៍ថា ជាទូទៅដំណើរការចុះឈ្មោះបោះឆ្នោតនេះពុំមានបញ្ហាធំដុំទេ។ លោកថា កំហុសដែល គ.ជ.ប ជួបប្រទះមិនប៉ះពាល់ដល់ដំណើរការចុះឈ្មោះទេ។ លោកថា អង្គការរបស់លោកនឹងធ្វើសវនកម្មនៅពេលដ៏ឆាប់ខាងមុខ ដើម្បីពិនិត្យអោយបានច្បាស់លាស់ពីដំណើរការនេះ៖ «»។
ទាក់ទិននឹងការសម្អាតបញ្ជីឈ្មោះបោះឆ្នោត តាមនីតិវិធី គ.ជ.ប និងបិទផ្សាយបញ្ជីឈ្មោះនៅតាមបណ្ដាឃុំ សង្កាត់ នៅទូទាំងប្រទេស និងនៅលើគេហទំព័ររបស់ គ.ជ.ប (www.voterlist.org.kh) នៅក្រោយពេលដែលការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីបានបញ្ចប់។ ការតវ៉ា ឬប្ដឹងជំទាស់ ត្រូវធ្វើនៅក្នុងរយៈពេល ១០ថ្ងៃនៅក្រោយការបិទផ្សាយដំបូង។
គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments