ក្រសួងអប់រំ យុវជន និងកីឡា ណែនាំឲ្យ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ ផ្អាកការសិក្សាបណ្ដោះអាសន្ន រយៈពេល ៣ថ្ងៃ ក្នុងខែវិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ អំឡុងពេលគណៈប្រតិភូអាស៊ានមកប្រជុំ នៅរាជធានីភ្នំពេញ។ ការផ្អាកការសិក្សាបណ្ដោះអាសន្ននេះ គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា រហូតដល់ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា។
សង្គមស៊ីវិលដែលធ្វើការងារផ្នែកអប់រំ និងយុវជន រិះគន់ក្រសួងអប់រំ ដែលជ្រើសរើសឲ្យសិស្សានុសិស្សផ្អាកការសិក្សា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។ ពួកគេសង្កេតឃើញថា បញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ តែងកើតមានជាប្រចាំ បើទោះបីជា មិនមានកិច្ចប្រជុំកំពូលអាស៊ានក៏ដោយ។
បើទោះបីជាយ៉ាងណា ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ការឈប់សម្រាករយៈពេល ៣ថ្ងៃ ក្នុងខែ វិច្ឆិកានោះ គឺមិនសូវប៉ះពាល់ដល់ការសិក្សារបស់សិស្សប៉ុន្មានទេ។ អ្នកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់ថា ដោយសារតែអំឡុង ខែ១១ គឺកៀកនឹងថ្ងៃ វិស្សមកាលធំ ឬវ៉ាកងធំ និងម្យ៉ាងដោយសារកម្មវិធីសិក្សាសម្រាប់សិស្ស ក៏បានបញ្ចប់សព្វគ្រប់ទៅហើយដែរ។
ទោះជាបែបនេះក្ដី អ្នកស្រី អ៊ុក ឆាយ៉ាវី ផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរមានជម្រើសផ្សេងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ពេលមានប្រជុំ ជាជាងផ្អាកការសិក្សារបស់សិស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments