RFA | កសិករ​ចាប់ផ្ដើម​ប្រមូល​ផល​ស្រូវប្រាំង ក្នុង​តម្លៃ​សមរម្យ | hot news

By , Comment
Share on Facebook Tweet on Twitter

កសិករ​តាម​តំបន់​ខ្លះ ចាប់ផ្ដើម​ប្រមូល​ផល​ស្រូវប្រាំង ជា​បណ្ដើរៗ​ហើយ​។ ស្រូវប្រាំង​ឆ្នាំនេះ បាន​ផល​គួរសម និង​បាន​ថ្លៃ​គ្រាន់​។ តែ អ្នក​ជំនាញ​កសិកម្ម ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ សម្រាប់​ការ​ធ្វើ​ស្រែប្រាំង នៅ​ឆ្នាំក្រោយ។

តម្លៃ​ស្រូវ នៅ​ដើម​រដូវ​ប្រមូល​ផល​ខែប្រាំង​ឆ្នាំនេះ ខ្ពស់​គ្រាន់បើ ដោយ​ក្នុង​មួយ​គីឡូក្រាម បាន​ថ្លៃ​ប្រហែល​មួយ​ពាន់ (.០០០)​រៀល ទៅតាម​ប្រភេទ​ស្រូវ​ទន់ ឬ​រឹង​។ កសិករ​រំពឹង​ថា បើ​តម្លៃ​ស្រូវប្រាំង ថេរ​បាន​តម្លៃ​បែបនេះ ពួកគាត់ អាច​បន្ត​ធ្វើ​ស្រែប្រាំង​នៅ​ឆ្នាំក្រោយ​ទៀត​បាន។

កសិករ​ធ្វើ​ស្រូវប្រាំង នៅ​ស្រុក​បាកាន ពោធិ៍សាត់ លោក សុខ បៀន ឱ្យ​ដឹង​ថា នៅ​ម្ដុំ​លោក​ធ្វើស្រែ កសិករ​នាំគ្នា​ប្រមូល​ផល​អស់ហើយ តាំងពី​កន្លះ​ខែ​មុន​។ លោក​ថា ឆ្នាំនេះ ត្បិត​ទឹក​តិច តែ​មិនសូវ​សម្បូរ​អ្នកធ្វើ​ស្រែប្រាំង​ទេ ទើប​លោក​មាន​ទឹក​បូម​ដាក់​ស្រែ​គ្រប់គ្រាន់​។ លោក​ថា តម្លៃ​ស្រូវ​ទៀតសោត គឺ ប្រភេទ​ស្រូវ​ទន់ អូ​.​អឹម (OM) លក់​បាន​ថ្លៃ ១ ០៥០​រៀល និង​មាន​ឈ្មួញ ចុះ​ទិញ​ដល់​ស្រែ​។ តម្លៃ​នេះ ជា​តម្លៃ​ល្អ អាច​ធ្វើ​ឱ្យ​លោក​មានលទ្ធភាព​ទូទាត់​ថ្លៃ​ពូជ ជី និង​ប្រេង​បូម​ទឹក​ដាក់​ស្រែ​បាន៖ «និយាយ​ទៅ ស្រែ​ខ្ញុំ​វា​តិច មួយ​ហិកតារ​កន្លះ បាន​ផល​៧-៨​តោន​។ ធ្វើ​លក់ លក់​ខ្លះ ទុក​ហូប​ខ្លះ លក់​អស់​ហើយ​។ ឆ្នាំនេះ ស្រូវ​គ្រាន់បើ​ដែរ តម្លៃ អូ​អឹម បាន​១.០២០រៀល។ ធ្វើ​ស្រូវប្រាំង​ឆ្នាំ​ទៅ​មុន ធ្វើ​សុម៉ាលី ទើប​ដាក់​ស្រូវ​អូ​អឹម ស្រូវ​កន្លះ ឆ្នាំ​នេះ»

ទោះ​បី​យ៉ាងណា កសិករ​ខេត្ត​ផ្សេង មិន​បាន​ទទួល បាន​លទ្ធផល​ល្អ ដូច​កសិករ​ខេត្ត​ពោធិ៍សាត់​ឡើយ​។ ចំណែក អ្នក​នៅ​ខាង​ខេត្ត​បន្ទាយមានជ័យ កំពង់ឆ្នាំង តាកែវ និង​ខេត្ត​មួយ​ចំនួន​ទៀត ក៏​កំពុង​ប្រមូល​ផល​ដែរ​។ កសិករ​ធ្វើស្រែ​ប្រាំង​ម្នាក់ នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង លោកស្រី ជី ចាន់ថន និយាយ​ថា លោកស្រី ធ្វើ​ស្រូវប្រាំង មិន​បាន​លក់​ទេ ឆ្នាំនេះ ដោយសារ ស្រូវប្រាំង​ពីរ​ស្រែ​ធំៗ ត្រូវ​ខូច​ទាំងស្រុង ព្រោះ​ខ្វះ​ទឹក​ស្រោចស្រព។

លោកស្រី ឱ្យ​ដឹង​ថា អ្នកស្រុក​កំពង់លែង​ខ្លះ ដែល​ធ្វើ​ស្រែក នៅ​កៀក ប្រភព​ទឹក ដូចជា ក្បែរ​បឹង ឬ ទន្លេសាប ជាដើម ប្រមូល​ផល​បាន​ច្រើន​គួរសម និង​អាច​លក់​បាន​។ កសិករ​រូប​នេះ ឱ្យ​ដឹង​ថា ក្នុង​ករណី​ឈ្មួញ​មក​ទិញ​ដល់​ស្រែ តម្លៃ​ស្រូវប្រាំង ប្រភេទ​ទន់ (OM) លក់​បាន​តម្លៃ ក្រោម​មួយ​ពាន់​រៀល (950)​រៀល តែ​បើ​ដឹក​ឱ្យ​ឈ្មួញ ដល់​ទី​តាំង តម្លៃ​លើ​មួយ​ពាន់​(.០៥០)​រៀល៖ «រក​ផល​មិន​ឃើញ​ទេ ព្រោះ​វា​អត់​មាន​ទឹក​។ ខ្ញុំ​ខូច​(​ស្រូវ​)​អស់​២​ស្រែ ខូច​ស្រែ​ធំៗ​ដែរ​។ វា​ស្វិត អត់​មាន ទឹក​ដាក់​។ ខ្ញុំ​ធ្វើ​ទុក​ហូប​។ គេ​ធ្វើ​ច្រើន គេ​លក់​។ ឆ្នាំនេះ បើ​ដឹក​ដល់​កន្លែង​គេ បាន​មួយ​ពាន់ បើ​ច្រូត​ភ្លាម លក់​ភ្លាម​បាន​៩៥០​។ គេ​ចូល​ទិញ​ដល់​ស្រែ»

កសិករ បាន​ចាប់ផ្ដើម​ធ្វើស្រែ​ប្រាំង កាលពី​ខែ​ធ្នូ ចុង​ឆ្នាំ​មុន ដែល​ជា​រដូវ​ទឹក​សម្រក​។ រយៈពេល នៃ​ការ​ធ្វើ​ស្រែប្រាំង គឺ​៣ ទៅ​៤​ខែ​។ នៅ​ចុង​កុម្ភៈ ដល់​មុន​ពេល​ចូលឆ្នាំ​ខ្មែរ ជា​ពេល​ប្រមូល​ផល​ស្រែប្រាំង​។ ការ​ធ្វើ​ស្រូវប្រាំង មានការ​លំបាក និង​ចំណាយ​ច្រើន ជាង​ស្រែវស្សា ដោយសារ​បញ្ហា​ខ្វះ​ទឹក ដាក់​ស្រែ ហើយ​ទិន្នផល ក៏​តិច​ជាង​ស្រូវវស្សា​ដែរ។

នៅ​តំបន់​ខ្លះ មិន​អាច​ដាំ​ដុះ​ស្រូវប្រាំង ប្រភេទ​ទន់ ដែល​លក់​បាន​តម្លៃ​ថ្លៃៗ​បាន​ទេ ព្រោះស្រូវ​ប្រភេទ​នេះ (​ម្លិះ ក្រអូប សែន​ពិដោរ​) ត្រូវ​ការ​ស្រោចស្រព​ទឹក​ច្រើន​។ កសិករ ភាគច្រើន និយម​ដាំ​ដុះ​ស្រូវប្រាំង ជា​ប្រភេទ​អង្ករ​រឹង (អ៊ី.អ៊ែ IR) ព្រោះ វា​ធន់​នឹង​កម្ដៅ ហើយ​ត្រូវការ​ទឹក​មធ្យម សម្រាប់​ស្រោចស្រព។

អ្នកស្រុក​បាទី នៃ​ខេត្ត​តាកែវ​ម្នាក់ គឺ កសិករ ជា ឡេង ឱ្យ​ដឹង​ថា កសិករ​ខាង​លោក កំពុង​ប្រមូល​ផល ស្រូវប្រាំង និង​មាន​ឈ្មួញ ចាំ​ទិញ ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ ឆ្នាំនេះ អ្នកស្រុក​បាទី ភាគតិច​បាន​ធ្វើ​ស្រែប្រាំង ទើប​ធ្វើ​ឱ្យ​វាលស្រែ នៅ​តាម​បណ្ដោយ​ព្រែក ភាគ​ខាងក្រោម​ទន្លេបាទី មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ និង​ទទួល​បាន​ទិន្នផល​ល្អ​គ្រាន់បើ។

លោក ជា ឡេង បន្ត​ទៀត​ថា តម្លៃ​ស្រូវប្រាំង ប្រភេទ​ទន់ (៩៥) នៅ​តំបន់​ខាង​លោក ក៏​លក់ បាន​ប្រហាក់ប្រហែល​មួយ​ពាន់ (.០០០)​រៀល​ដែរ​។ ប៉ុន្តែ តម្លៃ​ស្រូវប្រាំង របស់​អ្នកស្រុក​ជាប់​ព្រំដែន​វៀតណាម បាន​តម្លៃ​ជាង​មួយ​ពាន់ (.២០០)​រៀល៖ «​គេ​ព្រួស​មុន គេ​បាន​ច្រូត​ហើយ​។ អ្នកថ្មី ទើបបាន​មួយ​ខែ​កន្លះ​ដែរ​។ មាន​អ្វី គ្រាន់​នឹង​ទប់ទល់​ដែរ​។ កំពុង​ខ្វះ​ទឹក ឥឡូវ គេ​បញ្ចុះ​ទឹក​មក​ទៀត​ហើយ បូម​ពី​បឹង​។ ស្រុក​ខ្ញុំ គេ​ធ្វើ​តិច​ដែរ​ទេ វា​មិន​ដែល​រសនឹង​ស្រូវប្រាំង»

ចំណែក​តំបន់​ដែល​មិនទាន់​ប្រមូល​ផល​ស្រែប្រាំង គឺ នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ កសិករ លោក ឃីម ឃាន់ ឱ្យ​ដឹង​ថា កាលពី​រដូវវស្សា​ឆ្នាំមុន ខាង​បាធាយ ទឹក​ក្រ​ស្រក​ពេក ទើប​កសិករ ពន្យារពេល​ធ្វើស្រែ​ប្រាំង និង​ត្រូវ​ប្រមូល​ផល​ក្រោយ​គេ​។ លោក ឃីម ឃាន់ មិន​ទាន់​ច្បាស់ ថា តម្លៃ​ស្រូវ អាច​នឹង​ប្រែប្រួល ឬ អត់​ទេ ទៅ​ពេល​ខាង​មុខ៖ «ទឹក​មាន ដូច​ថា វា​មិនទាន់​ស្រក (​កាល​ចុងខែ​វស្សា​) អត់​ទាន់​បាន​ធ្វើ ព្រោះ​ស្រែប្រាំង នៅ​វាល​ក្រោម គេ​ធ្វើ​មួយ​គំនរ»

ទន្ទឹម​នឹង​តំបន់​ខ្លះ កំពុង​ប្រមូល​ផល​ស្រូវប្រាំង​ពេលនេះ កសិករ​នៅ​តំបន់​ខ្លះ​ទៀត បាន​បោះបង់ របរ​ធ្វើស្រែ​ប្រាំង​ចោល នៅ​ឆ្នាំនេះ ដោយសារ គ្មាន​ប្រភព​ទឹក បូម​ដាក់​ស្រែ​។ អ្នក​បោះបង់​របរ​ធ្វើស្រែ​ប្រាំង នៅ​ឆ្នាំនេះ មួយ​ចំនួន ជា​កសិករ នៅ​ម្ដុំ​ព្រំដែន​ខ្មែរ​ថៃ ក្នុងស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ព្រោះ​អូរ​ក្បែរ​ព្រំដែន​រីងស្ងួត​គ្មាន​ទឹក នៅ​រដូវប្រាំង ឆ្នាំនេះ។

តែ​យ៉ាងណា កសិករ​ខ្លះ នាំគ្នា​ធ្វើ​ចម្ការ​ជំនួស​ស្រែប្រាំង​វិញ ដោយ​ប្ដូរ​ពី​ដាំ​ស្រូវ មក​ដាំ​សណ្ដែក ល្អ និង​ដំឡូង​មី​វិញ​។ មូលហេតុ​នៃ​ការ​ប្ដូរ ព្រោះថា មុខ​ដំណាំ​ទាំងនេះ មិន​ត្រូវ​ការ​ទឹក​ស្រោចស្រព​ច្រើន​ហូរហៀរ​ស្រែ ដូច​ដំណាំ​ស្រូវ​។ ម្យ៉ាងទៀត កសិករ​ខ្លះ ធ្លាប់​ប្រាប់​ថា តម្លៃ​ស្រូវប្រាំង លក់​មិន​រួច​ថ្លៃដើម និង​មាន​កសិករ​ខ្លះ ចំណាកស្រុក ទៅ​ធ្វើ​កម្មករ ឬ​ពលករ ជំនួស​វិញ។

ទាក់ទង​ស្ថានភាព​ស្រូវប្រាំង​ឆ្នាំនេះ អ្នក​ជំនាញ​កសិករ សង្កេត​ឃើញ​ថា តំបន់​ខ្លះ នៅតែ​ទទួល​បាន​ទិន្នផល និង​តម្លៃ មិនទាន់​ល្អ​។ អ្នក​សម្របសម្រួល​សម្ព័ន្ធ​កសិករ​កម្ពុជា ប្រចាំ​ខេត្ត​ស្វាយរៀង លោក ម៉ៃ វុទ្ធី ឱ្យ​ដឹង​ថា បញ្ហា​ប្រឈម​របស់​កសិករ ក្នុង​ការ​បង្កបង្កើន​ស្រូវ នៅ​ខែប្រាំង គឺ​ការ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង ប្រភព​ទឹក​។ លោក​​ឱ្យ​ដឹង​ថា កសិករ​ខ្លះ បាន​ចំណាយ​ថវិកា​ច្រើន ដើម្បី​បុក​អណ្ដូង នៅ​ក្នុង​ស្រែ ហើយ​ទាញ​យក​ទឹក​ពីក្រោម​ដី មក​ស្រោចស្រព​ស្រូវប្រាំង។

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ បន្ត​ថា ទោះជា​តម្លៃ​ស្រូវប្រាំង នៅ​ឆ្នាំនេះ ថ្លៃ​ជាង​ឆ្នាំមុន​បន្តិច (៨០០​រៀល​) គឺ​ខ្ទង់​មួយ​ពាន់​(.០០០)​រៀល ក៏​មិនទាន់​ឱ្យ​កសិករ សប្បាយចិត្ត នឹង​បង្កបង្កើនផល​ដែរ​។ លោក ថា កសិករ​ខ្លះ នៅតែ​ប្រឈម​ការ​ខាត ដោយសារ បាន​ចំណាយ​ថ្លៃដើម​ច្រើន ក្នុង​ការ​ទិញ​ជី និង​ទាញ​យក​ទឹក ពី​ប្រភព​ឆ្ងាយ​ពេក។

លោក ម៉ៃ វុទ្ធី ជំរុញ​ឱ្យ​រដ្ឋាភិបាល កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ សម្រាប់​វិស័យ​កសិកម្ម​បន្ថែម​ទៀត និង​ត្រូវ​ធានា​ឱ្យ​មាន​ទឹក​តាម​ប្រឡាយ​គ្រប់គ្រាន់ នៅ​រដូវប្រាំង ទើប​កសិករ ទទួល​បាន​ទិន្នផល​ល្អ​។ លោក​ក៏​ចង់​ឱ្យ​រដ្ឋាភិបាល បង្កើត​ទីផ្សារ​ក្នុងស្រុក ទទួល​ទិញ​កសិផល ក្នុង​តម្លៃ​សមរម្យ និង ដើម្បី​ជៀសវាង ការ​ដឹក​យក​ទៅ​លក់ នៅ​ប្រទេស​ក្បែរ​ខាង ក្នុង​តម្លៃ​ទាប​ជាដើម៖ «រដ្ឋាភិបាល គាត់​បង្កើន​ទីផ្សារ​នៅ​ក្នុង​ស្រុក​។ ជាពិសេស​ធ្វើ​យ៉ាង​ម្ដេច ឱ្យ​មាន​ការ​ទទួល​ទិញ នៅ​ក្នុង​ស្រុក ព្រោះ បើ​យើង​ដឹក​នាំ យក​ទៅ​ខាងក្រៅ វា​ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ​។ តែ​បើ​រដ្ឋាភិបាល ប្រមូល​ទិញ វា​ល្អ​មែនទែន ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​បាន​សមរម្យ»

ជុំវិញ​ករណី​ផល​ស្រូវប្រាំង​ឆ្នាំនេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ស្រី វុឌ្ឍី បាន​ទេ នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ​។ តែ​យ៉ាងណា កាលពី​ឆ្នាំ​២០២០ ក្រសួង​កសិកម្ម បង្ហាញ​ថា ការ​ធ្វើ​ស្រែប្រាំង សម្រេច​បាន​ជិត​ប្រាំមួយ​សែន (៥៩៧.៥០៨)​ហិកតារ​ផ្ទៃដី និង​ប្រមូល​ផល​ស្រូវប្រាំង បាន​ចំនួន​ជាង​ពីរ​លាន (.៦១៦.២៥៣)​តោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments