នៅឯតុលាការថៃ នាទីក្រុងបាងកក ថ្ងៃទី១៣ មិថុនា នេះ សកម្មជនសិទ្ធិមនុស្សថៃ ដែលតំណាងឱ្យពលរដ្ឋខ្មែររងគ្រោះដីធ្លីនៅខេត្តឧត្តរមានជ័យ លើកឡើងថា ក្រុមហ៊ុនមិត្រផុន (Mitr Phol Limited) ដែលជាក្រុមហ៊ុនស្ករអំពៅថៃដ៏ធំមួយនៅប្រទេសថៃ មានជាប់ពាក់ព័ន្ធទទួលខុសត្រូវជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា។
ចំណែកក្រុមមេធាវីថៃដែលតំណាងឱ្យពលរដ្ឋខ្មែរ កំពុងតស៊ូផ្លូវច្បាប់យ៉ាងស្វិតស្វាញដើម្បីយកឈ្នះចិត្តចៅក្រម ឱ្យទទួលយកពាក្យបណ្ដឹងសមូហភាព ក្នុងគោលដៅធានាជ័យជំនះពីក្រុមហ៊ុន។
នៅក្នុងសវនាការបឋម ដើម្បីពិនិត្យមើលសាក្សី និងភស្តុតាង ថ្ងៃទី១៣ មិថុនា តុលាការផ្នែករដ្ឋប្បវេណីថៃ នៅទីក្រុងបាងកក ប្រទេសថៃ អនុញ្ញាតឱ្យសាក្សីតំណាងជនរងគ្រោះដីធ្លីកម្ពុជា ពីខេត្តឧត្តរមានជ័យ ឡើងថ្លែងហេតុ និងរបាយការណ៍ភស្តុតាងរបស់ខ្លួនជូនចៅក្រម។ ហើយបន្ទាប់មកសាក្សីជនរងគ្រោះក៏ត្រូវបានមេធាវីរបស់ក្រុមហ៊ុនមិត្រផុន ដែលជាចុងចោទសួរដេញដោលរកចំណុចខ្សោយយ៉ាងពេញទំហឹង។
មន្ត្រីសម្របសម្រួលនៃអង្គការ ”Project Sevena South-East Asia” អ្នកស្រី ព្រេមរ៉េឌី ដាវរឿង (Premradee Dauroung) ដែលជាសាក្សីផ្ដល់ក្សិណក្នុងសវនាការ ប្រាប់អាស៊ីសេរីក្រោយសវនាការថា អ្នកស្រីតំណាងឱ្យជនរងគ្រោះនៅភូមិអូរបាត់មាន់ ដែលផ្ទះសម្បែងរបស់អ្នកស្រុកនៅក្នុងភូមិទាំងអស់ គឺជាង២០០ (២១៤ ពីររយដប់បួន) ខ្នង ត្រូវបានដុតបំផ្លាញចោល ដើម្បីបង្ខំបើកផ្លូវឱ្យក្រុមហ៊ុនអង្គរស៊ូហ្កឺរ (Angkor Sugar) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមិត្រផុន នៅក្នុងប្រទេសថៃ។ អ្នកស្រីថា បញ្ហានេះធ្ងន់ធ្ងរណាស់ ទើបអង្គការសិទ្ធិមនុស្សនៅកម្ពុជាចំនួន៣ រួមជាមួយអង្គការរបស់អ្នកស្រីនៅក្នុងប្រទេសថៃផង បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការសិទ្ធិមនុស្សថៃ។ អ្នកស្រីបញ្ជាក់ថា តាមការស្រាវជ្រាវរបស់អ្នកស្រី ក្រុមហ៊ុនមិត្រផុន ពិតជាពាក់ព័ន្ធក្នុងការទទួលខុសត្រូវចំពោះរឿងដុតផ្ទះសម្បែងអ្នកស្រុកនៅភូមិអូរបាត់មាន់ ក្នុងខេត្តឧត្តរមានជ័យ៖ «ចំនួនអ្នកភូមិ២១៤គ្រួសារ ដែលបានបាត់បង់ដី និងផ្ទះសម្បែង។ ការដុតផ្ទះសម្បែងនោះមិនមែនតែម្ដងទេ ប៉ុន្តែមកលើកចុងក្រោយគឺគេដុតលុបបំបាត់ចោលភូមិទាំងមូលតែម្ដង។ ហើយសម្រាប់អ្នកភូមិ គាត់យល់ច្បាស់ណាស់ថា ការដុតផ្ទះសម្បែងរបស់ពួកគាត់ក្នុងភូមិទាំងមូលចោលនោះ គឺដើម្បីយកដីឱ្យទៅក្រុមហ៊ុនស្ករស អង្គរស៊ូហ្កឺរ»។
នៅពេលសួរថា តើក្រុមហ៊ុនស្ករអំពៅថៃមិត្រផុន នៅក្នុងប្រទេសថៃឯណោះ ពាក់ព័ន្ធដូចម្ដេចដែរទើបមានការប្ដឹងផ្ដល់ក្រុមថៃដ៏ធំមួយនេះ។ អ្នកស្រី ព្រេមរ៉េឌី ដាវរឿង ឆ្លើយថា ពីព្រោះមានឯកសារបង្ហាញថា ក្រុមហ៊ុនមិត្រផុន មានពាក់ព័ន្ធជាមួយក្រុមហ៊ុនអង្គរ ស៊ូហ្កើរ នៅកម្ពុជា៖ «ក្រុមហ៊ុនមិត្រផុន មានភាគហ៊ុន១០០ភាគរយក្នុងក្រុមហ៊ុនអង្គរស៊ូហ្កឺរ ។ នេះជាព័ត៌មានច្បាស់លាស់ ដែលមាននៅលើក្រដាសផ្សព្វផ្សាយគ្រប់ទិសទី។ ហើយក្រុមហ៊ុនមិត្រផុន មិនដែលបដិសេធថា មិនបានដឹងអំពីក្រុមហ៊ុននេះទេ។ ដូច្នេះ ក្រុមហ៊ុនស្ករស អង្គរស៊ូហ្កឺរ ជាតំណាងរបស់ក្រុមហ៊ុនថៃមិត្រផុន នៅក្នុងប្រទេសកម្ពុជាយ៉ាងច្បាស់។
អាស៊ីសេរីបានសុំការឆ្លើយបកស្រាយជុំវិញការចោទប្រកាន់នេះ ពីមេធាវីក្រុមហ៊ុនមិត្រស្ករអំពៅថៃមិត្រផុន ប៉ុន្តែត្រូវបានបដិសេធ ដោយលោកឆ្លើយយ៉ាងខ្លីថា ក្រុមហ៊ុនមិនអនុញ្ញាតឱ្យឆ្លើយនឹងសំនួរអ្នកកាសែតទេ។
ចំណែកមេធាវីតំណាងឱ្យជនរងគ្រោះ អ្នកស្រី សរ រតនាម៉ានីផនក្លា (Sor Rattanamanee Polkla) ប្រាប់អាស៊ីសេរីនៅមុខបន្ទប់តុលាការថា ក្រុមមេធាវីរបស់លោកអ្នកស្រី ខិតខំធ្វើកិច្ចការការពាររឿងក្តីនេះជូនជនរងគ្រោះកម្ពុជាខ្លាំងណាស់។ ដោយបានយកសាក្សីពីកម្ពុជាមកបង្ហាញតុលាការ និងជំរុញឱ្យចៅក្រមទទួលយកបណ្ដឹងនេះជាសមូហភាពពីព្រោះមានជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីច្រើនរយនាក់ណាស់ ហើយបណ្ដឹងសមូហភាពទើបមានអនុភាព៖ «ដូច្នេះយើងត្រូវតែខិតខំបញ្ជាក់បង្ហាញភស្តុតាងជូនតុលាការថា នេះគឺបណ្ដឹងជាបណ្ដឹងសមូហភាព។ ហើយខ្ញុំមានក្តីសង្ឃឹមថា តុលាការនឹងទទួលរឿងក្តីនេះជាបណ្ដឹងសមហភាព។ ប្រសិនបើតុលាការទទួលយកបណ្ដឹងនេះ យើងនឹងទាមទារសំណងពីក្រុមហ៊ុនមិត្រស្ករអំពៅថៃមិត្រផុន សរុបចំនួនប្រហែល៥លានបាត»។
ជម្លោះដីធ្លីរវាងពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យជាមួយក្រុមហ៊ុនស្ករអំពៅ Angkor Sugar ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនស្ករអំពៅថៃឈ្មោះ មិត្រផុន បានផ្ទុះឡើងនៅ ឆ្នាំ២០០៨។ ប្រជាពលរដ្ឋចំនួនប្រាំភូមិរងផលប៉ះពាល់ រួមមាន ភូមិតាម៉ាន ភូមិត្រពាំងវែង ភូមិខ្ទុំ ភូមិអូរបាត់មាន់ ភូមិបុស្ស ឃុំក្រៀល ក្នុងក្រុងសំរោង។ ភូមិដែលប៉ះពាល់ធ្ងន់ជាងគេបំផុតគឺភូមិអូរបាត់មាន់ ដែលមានផ្ទះអ្នកស្រុកជាង២០០ខ្នង ត្រូវបានកម្លាំងរបស់ក្រុមហ៊ុនដុតបំផ្លាញចោលទាំងស្រុង ដើម្បីបង្ខំឱ្យអ្នកភូមិចាកចេញ យកដីដាំដំណាអំពៅ។
តុលាការថៃនៅទីក្រុងបាងកកនឹងបន្តនីតិវិធីសវនាការបឋមពិនិត្យមើលករណីពលរដ្ឋកម្ពុជាប្ដឹងក្រុមហ៊ុនស្ករអំពៅថៃមិត្រផុនទៀតនៅថ្ងៃសុក្រ ទី១៤ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments